Connect with us

សុខភាព

វិធី ៥ យ៉ាង ជួយ​គ្រប់គ្រងការឈឺក្បាលប្រកាំងបាន

បានផុស

នៅ

អាការឈឺក្បាល​ប្រ​កាំង(អាការឈឺក្បាលខ្ទោកៗខ្លាំង)​ ពិបាក​រកមូល​ហេតុ​ណាស់ ដោយ​ហេតុ​ថា​នេះ​អាច​កើត​មាន​ដោយសារ​ការ​បញ្ជូល​គ្នា​នៃកត្តាជាច្រើន។​ គ្នា​យើង​ដែលជួប​បញ្ហាឈឺក្បាល​ប្រ​កាំង​ អាច​មាន​អារម្មណ៍ថា​អាការៈនេះ​ពិបាក​គ្រប់​គ្រង។ យ៉ាងណាមិញ​ យើង​ក៏មាន​ដែរ​វិធីសាស្រ្ត​មួយចំនួន​ដើម្បី​អាច​គ្រប់គ្រង​អាការៈ​មួយ​នេះ។​

១- កក់ត្រារាល់ការឈឺក្បាលប្រកាំងរបស់យើង​

ជំហាន​ដំបូង​ក្នុង​ការ​គ្រប់​គ្រង​ការ​ឈឺក្បាល​ប្រកាំង​គឺ​យើង​​ត្រូវ​​​កក់ត្រា​​នូវ​អាការៈឈឺ​ក្បាល​នេះ​។ កំណត់​ត្រានៃ​ការ​ឈឺក្បាល​គឺ​ជា​វិធីសាស្រ្ត​ដ៏​ល្អ​មួយ​ដើម្បី​កំណត់​ពី​រោគ​សញ្ញា​នៃ​ការ​ឈឺក្បាល​។ កំណត់​ត្រា​នេះ​ក៏​អាច​ជួយ​យើង​ក្នុង​ការ​កំណត់​នូវ​កម្រិត​​នៃ​ការឈឺ និង​ថ្នាំ​ដែល​យើង​​ត្រូវ​ជៀស​វាង។

លើស​ពី​នេះ​ទៀត​កំណត់​ត្រា​អាច​ជួយ​វេជ្ជបណ្ឌិត​ក្នុង​ការ​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​​ប្រើប្រាស់បាន​ត្រឹម​ត្រូវ។ យើងអាចកត់ត្រា​ពី​​ថ្នាំ​ឈឺ​ក្បាល ឬ​ថ្នាំ​ព្យាបាល​រោគ​សញ្ញា​ផ្សេង​ៗ​ដូច​ជា​ចង្អោរ និង​ក្អួត ដែលយើងបាន​ប្រើ​ប្រាស់។ ក្រៅពីនេះ​ក៏អាច​មាន​ថ្នាំផ្សេងៗទៀត​ ប្រសិនជាយើងបាន​ប្រើប្រាស់ ទាក់ទងនឹង​​ជំងឺបាក់ទឹក​ចិត្ត ឬ​លើស​ឈាមជា​ដើម​។

២- រក្សាអនាម័យឲ្យបានស្អាត

ការ​គ្រប់​គ្រង​ការ​គេង​ឲ្យ​បាន​ល្អ​គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ការពារ​កុំ​ឲ្យ​មាន​ការ​ឈឺក្បាល​ប្រកាំង។ ការគេង​បាន​គ្រប់គ្រាន់​អាច​ជួយ​​យើង​ឲ្យ​មាន​សុខ​ភាព​ល្អ​ទាំង​ផ្នែក​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ការ​ឈឺក្បាល​ប្រកាំង​អាច​បណ្តាល​មក​ពី​ការ​គេង​មិន​លក់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ក្បាល​កើត​មានឡើងញឹកញាប់​។

ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំង​នេះ​ អ្នកជំនាញណែនាំឲ្យ​យើង​កែប្រែទម្លាប់មួយចំនួន ដូចជា​ត្រូវចូល​គេង​ទៀង​ទាត់​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ​ជាមួយ​នឹង​ការ​គេង​ឲ្យ​បាន​តិច​បំផុត ៨ ម៉ោង ជៀសវាងប្រើទូរសព្ទមុនពេលចូលគេង កុំគេងថ្ងៃ ញ៉ាំអាហារ​ឲ្យ​បាន​៤ម៉ោង​មុនចូលគេង និង​កុំញ៉ាំភេសជ្ជៈ​ផ្សេងៗ​ក្នុង​រយៈពេល២ម៉ោង​មុនចូលគេង។​

យើងអាច​ជ្រើស​រើស​ប្រើ​វិធី​ព្យាបាល cognitive behavioral therapy (CBTI) ប្រសិន​បើ​យើង​​ចង់​បាន​ការ​ព្យាបាល​តាម​បែប​សណ្ដំ ដោយ​មាន​ប្រសិទ្ធភាព។ CBTI ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជម្រើស​ទី​មួយ​នៃ​បច្ចេក​ទេស​ក្នុង​ការ​សណ្តំ ហើយ​វិធីនេះ​មាន​ការ​រួម​ផ្សំច្រើន​របៀប​ដែល​មាន​ដូច​ជា​ការ​យល់​ដឹង​ពីររបៀប​​គេង ការតាំងអារម្មណ៍ និង​របៀបបន្ធូរអារម្មណ៍ ជាដើម។

៣- ហាត់ប្រាណអាចជួយឲ្យជីវិតកាន់តែប្រសើរ

ជា​ទូទៅ​ការ​ធ្វើ​លំហាត់​ប្រាណ​គឺ​មាន​ទំនាក់​ទំនង​គ្នាយ៉ាង​ស្មុគ​ស្មាញ​ជាមួយ​នឹង​ការ​ឈឺក្បាល​ប្រកាំងនេះ​។ សម្រាប់​​មនុស្ស​មួយ​ចំនួន​ការ​ហាត់​ប្រាណ​អាច​ជួយ​កាត់​បន្ថយ​នូវ​រោគ​សញ្ញា​ឈឺក្បាលប្រកាំង​បាន ប៉ុន្តែ​សម្រាប់មនុស្ស​យើង​​មួយ​ចំនួន​ផ្សេង​ទៀត​ការហាត់ប្រាណ​​បែរ​ជា​ធ្វើ​ឲ្យ​បញ្ហា​​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅវិញ​។ សរុប​មក ការ​ធ្វើ​លំហាត់​ប្រាណ​កម្រិត​​ទាប ឬស្រាល ​ពិត​ជា​មាន​ឥទ្ធិពល​ទៅ​លើ​កម្រិត​​នៃ​ការ​ឈឺ​ក្បាល​មែន។ ការ​ធ្វើ​លំហាត់​ប្រាណ​បែប Aerobic អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​នៃ​ការ​ហាត់​ប្រាណ​ដើម្បី​ការ​ពារ​ការ​ឈឺ​ក្បាល​ប្រកាំង។

ការ​ហាត់​ប្រាណ​បែប Aerobic ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រសើរ​ឡើងនូវ​គុណ​ភាព​នៃ​ជីវិត​បាន​ដែរ។ លំហាត់ប្រាណ​របៀបនេះ ​អាច​ជួយ​កាត់​បន្ថយ​នូវ​ភាព​មិន​ស្រួល​ដែល​មាន​ការ​ទាក់ទង​នឹង​ការ​ឈឺ​ក្បាល​ប្រកាំង ​មាន​ដូច​ជា​បញ្ហា​ក្នុង​ការ​គេង សម្ពាធ​ឈាម​ខ្ពស់ ការ​ធ្លាក់​ទឹក​ចិត្ត និង​ជំងឺ​ការថប់​បារម្ភ។ ប្រសិន​បើ​ការ​ហាត់​ប្រាណ​ដូច​ជា​ការ​ដើរ ឬ​រត់​ធ្វើ​ឲ្យ​យើង​​មាន​​ភាព​ធុញ​ថប់ នោះយើងអាចប្ដូរ​មក​ជា​រាំ ដើរ​លេង ឡើង​ភ្នំ និង​កីឡា​ណា​ដែល​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​យើង​​អាច​គ្រប់​គ្រង​ការ​ឈឺក្បាល​ប្រកាំង​បាន។

៤- បរិភោគអាហារមានតុល្យភាព

មាន​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ដែល​ត្រូវ​បាន​​កំណត់​ថា​ជា​កត្តា​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង​ដែរ។ អាហារ​ទាំង​នោះ​រួម​មាន​អាហារ​ហឹរ អាហារ​ដែល​មាន​ជាតិសូកូឡា ស៊ុត សាច់ ​ឈីស កាហ្វេ​អ៊ីន និង​ជាតិអាល់​កុល។ ដើម្បីកាត់បន្ថយអាការៈ​ឈឺក្បាល​ប្រកាំង អ្នកជំនាញ​​បាន​ណែនាំ​ឲ្យ​មានការ​កាត់​បន្ថយ​ក្នុង​ការ​ទទួល​ទាន​អាហារ​ទាំង​នេះ​ឲ្យ​បាន​តិច​បំផុត ឬ​ជៀស​វាង​តែ​ម្តង។

ទន្ទឹម​នឹង​នេះ​ដែរ ការ​បរិភោគ​អាហារ​ពី​ធម្ម​ជាតិ និង​ការ​ទទួល​ទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ កាហ្វេអ៊ីន ឬ​អាល់​កុល​ក្នុង​កម្រិត​តិច​អាច​ជួយ​យើង​​ក្នុង​ការ​ការពារ​ការ​កើត​ជំងឺ​ឈឺក្បាល​ប្រកាំង​បាន​ដូច​គ្នា។ អាហារទាំងនេះ​​ថែម​ទាំង​អាច​ជួយ​ឲ្យយើង​មាន​សុខ​ភាពល្អ​ទៀត​ផង។ ក្រៅពីនេះ​ក៏​អាច​ជួយយើង​​ក្នុងការ​កាត់​បន្ថយ​នូវ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ បន្ថយ​នូវ​កូលេស្តេរ៉ូល សម្ពាធឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​ដូច​ជាជួយ​បង្កើន​នូវ​គុណ​ភាព​នៃ​ជីវិត​របស់​យើង​​ផង​ដែរ។

៥- ត្រូវទៅជួបគ្រូពេទ្យ

ជាការពិត​គឺមាន​វិធី​ព្យាបាល​អាការៈឈឺក្បាលប្រកាំងនេះឲ្យបាន​ធូរស្បើយ តែអ្វីដែលសំខាន់​គឺយើង​ត្រូវ​ផ្ដល់​នូវ​ព័ត៌មាន​ចាំបាច់​ដល់គ្រូពេទ្យ​​ទាក់ទង​នឹង​រោគសញ្ញាប្រកាំង និង​ចំនួនដងនៃការ​កើតអាការៈនេះទៅ​ដល់​គ្រូពេទ្យ​។​ ព័ត៌មាន​ដែល​យើង​​ប្រាប់​ទៅគ្រូពេទ្យ​ចាំបាច់​ត្រូវ​រួម​បញ្ជូល​ទាំង​ប្រវត្តិជំងឺ​ដែល​យើង​​ធ្លាប់​មាន​ពី​មុនមក​ផង​ដែរ​។

ការ​ផ្ដល់ព័ត៌មាន​ទាំងនេះ នឹងជួយ​ដល់គ្រូពេទ្យ​ងាយស្រួល​​​កំណត់​រក​ពី​មូល​ហេតុ​ជាក់​លាក់​នៃ​ការ​ឈឺក្បាល​របស់​យើង និង​​ដើម្បី​ជួយ​ក្នុង​ការ​គ្រប់​គ្រងប្រកប​ដោយ​​ប្រសិទ្ធភាព។ ការ​ប្រាប់​គ្រូពេទ្យ​ពី​​ប្រវត្តិ​ជំងឺ​របស់​យើង​ក្នុង​ការ​ប្រើ​ថ្នាំ ក៏​អាច​ជួយ​ដល់​គ្រូពេទ្យ​ក្នុង​ការ​ព្យាបាល​បញ្ហា​របស់យើង​​បាន។

តាម​វិធី​ខាង​លើ​នេះ​អាច​ជួយ​យើង​ក្នុង​ការ​គ្រប់​គ្រង​ការ​ឈឺក្បាល​ប្រកាំង និង​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​ល្អ​បាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​​ថែម​ទាំង​អាច​ជួយ​យើង​​ក្នុង​ការ​ការពារ​ការ​ឈឺក្បាល​ប្រកាំង​បាន​ថែម​ទៀតផង​។ អ្វី​ដែល​យើង​​ត្រូវ​ការ​គឺ​ការ​អត់​ធ្មត់ នឹង​ការ​ពិបាក​តិច​តួច ​រួច​យើង​​នឹង​ត្រលប់​មក​សភាព​ដើម​វិញ​ក្នុង​ពេល​ដ៏​ខ្លី៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អត្ថប្រយោជន៍ ៣ យ៉ាងនៃកាហ្វេ ជួយការពារជំងឺខ្លាញ់រុំថ្លើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម