Connect with us

ព័ត៌មានជាតិ

បទយកការណ៍៖ ជោគជ័យស្មានមិនដល់របស់កម្ពុជា រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី១

បានផុស

នៅ

ព្រឹត្តការណ៍ប្រវត្តិសាស្រ្តលើកទី១របស់កម្ពុជា បន្ទាប់ពីរង់ចាំ ៦៤ឆ្នាំ ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេម បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចេះត្រចង់ នារាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពោលមិនត្រឹមតែព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទាំងមូលរយៈពេលជិតកន្លះខែបានដំណើរការដោយរលូនប៉ុណ្ណោះទេ សូម្បីប្រទេសកម្ពុជាផ្ទាល់ ក៏បានបំបែកកំណត់ត្រាដ៏អស្ចារ្យ គឺទទួលបានមេដាយច្រើនបំផុតមិនធ្លាប់មាន។

នាឱកាសបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានថ្លែងថា ឆ្លងតាមលទ្ធផលជាផ្លែ និងស្នាដៃដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានធ្វើឱ្យកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ ពិសេសពិធីបើកដ៏ទាក់ទាញ និងប្រកបដោយផ្ទាំងទស្សនីយភាពរំភើបរញ្ជួយចិត្ត អង្រួនដួងវិញ្ញាណ នៃអ្នកទស្សនាទាំងក្នុង និងក្រៅទីលាន ទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញថា កម្ពុជាមានភាពអច្ឆរិយៈ មានអារ្យធម៌ស៊ីវិល័យ សក្តិសមកិត្តិយសដ៏ខ្ពង់ខ្ពស់ស្ញប់ស្ញែង នៃជាតិសាសន៍ដ៏ចំណាស់ និងសម្បូរបែបខាងវប្បធម៌ ផ្នត់គំនិត ទេពកោសល្យបេះដូងសន្តិភាព និងការឆ្នៃប្រឌិតដ៏អស្ចារ្យ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖ “នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលទ្ធផលបច្ចេកទេស កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធិ ១២៧គ្រឿង ធ្វើឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ប្រទេសទី៤ ក្នុងចំណោម ១១ប្រទេស ហើយជាលទ្ធផលល្អលើសពីការប្រកួតកីឡា SEA Games មុនៗ និងលើសពីការរំពឹងទុក”។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះចលនាអូឡាំពិកអន្តរជាតិ ដែលបានគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការប្រព្រឹត្តិទៅ នៃព្រឹត្តិការណ៍កីឡា, ថ្លែងអំណរគុណចំពោះប្រមុខថ្នាក់ដឹកនាំបណ្តាប្រទេសជាមិត្តក្នុងសហគមន៍អាស៊ាន ដែលបានផ្ដល់មហាកិត្តិយសអញ្ជើញចូលរួមក្នុងមហាព្រឹត្តិការណ៍កីឡាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមថ្លែងអំណរគុណចំពោះប្រតិភូកីឡា កីឡាករ កីឡាការិនីបរទេស ដែលបានចូលរួមប្រកួត និងអាជ្ញាកណ្ដាលអន្តរជាតិ ដែលបានចូលរួមសម្របសម្រួលដោះស្រាយវិវាទបច្ចេកទេសបានដោយរលូន យុត្តិធម៌ និងដំណើរការប្រកួតមានភាពល្អប្រសើរ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖ “នៅទីលាននៃការប្រកួតប្រជែងតាមប្រភេទវិញ្ញាសាកីឡានីមួយៗមានទស្សនិកជនជាតិ អន្តរជាតិពិសេសយុវជនចូលទស្សនាយ៉ាងកុះករ ហើយវិញ្ញាសាកីឡាដែលមានប្រជាប្រិយភាពមួយចំនួន មានអ្នកចូលរួមទស្សនាលើសចំនួនកំណត់”។

ទោះជាយ៉ាងណា ក្រោមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺនៅរដ្ឋបាលរាជធានី ខេត្ត នានាបានរៀបចំចាក់បញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ នៅតាមទីប្រជុំជននានាជូនប្រជាពលរដ្ឋទស្សនា ហើយស្ថានីយទូរទស្សន៍រដ្ឋ ឯកជនរបស់ជាតិ និងបរទេស រួមជាមួយបណ្តាញផ្សព្វផ្សាយសង្គមនានា ក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមិនមានការបង់ប្រាក់។

លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (CAMSOC) មានប្រសាសន៍ថា រយៈពេល ១២ថ្ងៃកន្លងមកនេះ អត្តពលិកទាំង ១១ប្រទេស ដែលចូលប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប្រតិបត្តិបានយ៉ាងល្អស្របតាមគុណតម្លៃអូឡាំពិក។

លោក ថោង ខុន មានប្រសាសន៍ថា៖ “អត្តពលិកទាំងអស់បានបង្ហាញនូវភាពក្លាហាន ឆន្ទៈមុះមុត ការតាំងចិត្ត ការលះបង់ និងស្មារតីកីឡា ដែលបានចូលរួមប្រកួតក្នុង ៥៧៩វិញ្ញាសា។ អត្តពលិកទាំងអស់សុទ្ធតែបានបង្ហាញគុណតម្លៃអូឡាំពិក គឺការគោរព មិត្តភាព និងសាមគ្គីភាព ឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃគុណតម្លៃរបស់ចលនា និងស្មារតីអូឡាំពិក”។

លោក ថោង ខុន មានប្រសាសន៍បន្តថា ការខិតខំនេះបានឆ្លុះបញ្ចាំងពីគុណភាព និងគុណវុឌ្ឍដ៏ខ្លាំងក្លាទាំងក្នុង និងក្រៅទីលានប្រកួតក្នុងការដណ្ដើមមេដាយជូនជាតិរបស់ខ្លួន។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះមិនត្រឹមតែផ្ដល់ឱកាសដល់អត្តពលិកទាំងអស់ក្នុងការប្រកួតតំណាងជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីគុណតម្លៃនៃឧត្តមភាព មិត្តភាព និងសាមគ្គីភាពរបស់សមាជិកគ្រួសារកីឡាអាស៊ីអាគ្នេយ៍ ក៏ដូចជាទិដ្ឋភាពគ្រប់រសជាតិ ដែលមានទាំងភាពរីករាយ និងរំជួលចិត្តរហូតស្រក់ទឹកភ្នែក។

លោក ថោង ខុន លើកឡើងថា៖ “ប្រការគួឱ្យចងចាំដែលត្រូវបានដាក់បញ្ចូលក្នុងកំណត់ត្រា​ នៃប្រវត្តិកីឡាអាស៊ីអាគ្នេយ៍ គឺសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ទាំងអស់ បានសម្តែងការ​អបអរសាទរព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងរយៈ​ពេល​ ៦៤ឆ្នាំ ដោយបានចូលរួមសហការយ៉ាងស្អិតល្មួតក្នុងដំណើរដង្ហែរត់ភ្លើងគប់​ឆ្លង​កាត់​ប្រទេសរបស់ខ្លួន។ ភ្លើងគប់ធ្វើដំណើរឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ ជាសញ្ញានៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារ​ចលនាអូឡាំពិកតំបន់ និងជាសក្ខីភាព នៃការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា​ក្នុងនាមជា​ម្ចាស់ផ្ទះ”។

ពិតណាស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ដល់​ប្រតិភូកីឡា​ទាំងអស់​ក្នុងការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន ការផ្តល់សិទ្ធិផ្សព្វផ្សាយ និងផ្តល់សំបុត្រចូលទស្សនា​គ្រប់ប្រភេទកីឡា និងក្នុងពិធីបើក-បិទជាផ្លូវការ ព្រមជាមួយការចូលទស្សនាប្រាសាទអង្គវត្ត​ដោយឥតគិតថ្លៃ។ កម្ពុជាបានយកចិត្តទុកដាក់សាងសង់ភូមិកីឡា ដែលបានបញ្ជាក់យ៉ាង​ច្បាស់​ពីស្មារតីខិតខំរបស់ម្ចាស់ផ្ទះក្នុងការទទួលរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នយ៍ ស្របតាម​គោលការណ៍​អូឡាំពិក ដែលអនុញ្ញាតឱ្យប្រតិភូកីឡា និងអត្តពលិកទាំង ១១ប្រទេសមករួមរស់​ជុំគ្នា​ជា​សហគមគ្រួសារស៊ីហ្គេម និងផ្ដល់ឱកាសក្នុងការចែករំលែកបទពិសោធន៍​ល្អៗ បង្កើត​មិត្តភាព និងសាមគ្គីភាព ស្របនឹងអត្ថន័យ កីឡាមិនត្រឹមតែជាការប្រកួត និងការដណ្ដើម​មេដាយប៉ុណ្ណោះទេ។

នៅចំពោះមុខប្រជាពលរដ្ឋ ប្រតិភូ កីឡាករ ភ្ញៀវជាតិ/អន្តរជាតិរាប់ម៉ឺននាក់ក្នុងព្រឹត្តិការណ៍បិទស៊ីហ្គេមនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ពីពេលចាប់ផ្ដើម រហូតដល់ការបិទបញ្ចប់នៅថ្ងៃនេះ យើងបានធ្វើសម្រេចជោគជ័យហើយ។ យើងពិតជាបានយល់នូវអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះបានមកដល់ទីបញ្ចប់ប្រកបដោយថាមពល និងទទួលបានជោគជ័យត្រចេះត្រចង់ ក្តីសប្បាយរីករាយ ពោរពេ​ញដោយស្នាមញញឹម និងសម្រែកអបអរសាទរ កងរំពងបានបង្កើតនូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅសម្រាប់គ្រប់ៗគ្នា”។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្ដេចព្រះរាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វរាជហឫទ័យគាំទ្រនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម, អរព្រះគុណឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិខ្មែរ ដែលបានបន្សល់ទុកនូវកេរមរតកមូលដ្ឋានកីឡាជាតិ មានគុណតម្លៃធំធេងវិសេសវិសាល សម្រាប់ជួយគាំទ្រដល់ការប្រកួតកីឡាស៊ីហ្គេម, ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍ពេលក្រោយទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដែលបានគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមនេះ ហើយឧទ្ទិសសមិទ្ធផលដែលសម្រេចបាននាពេលនេះជូនចំពោះប្រជាពលរដ្ឋគ្រប់ទិន្នាការនយោបាយ គ្រប់ជាតិសាសន៍នៅទូទាំងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់, លោក​ ថោង ខុន ក៏ដូចជាថ្នាក់ដឹកនាំ ក្រុមអត្តពលិក កងកម្លាំងសមត្ថកិច្ច ក្រុមសិល្បៈ អ្នកស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានរួមគ្នាខិតខំបំពេញបេសកកម្មតាំងពីមុនពេលចាប់ផ្ដើម ពេលចាប់ផ្ដើម រហូតដល់ពេលបិទបញ្ចប់ព្រឹត្តិការណ៍ ដែលទាំងអស់គ្នាជាប្រតិបត្តិករដ៏មានឆន្ទៈក្នុងការចូលរួមលើកស្ទួយមុខមាត់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា៖ “អរគុណរដ្ឋាភិបាល នៃសមាជិកអាស៊ានទាំងអស់ ដែលបានបញ្ជូនកីឡាករកីឡាការិនី មកប្រកួតនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយខ្ញុំចាត់ទុកថា នេះ ជាចំណែកមួយនៃស្មារតីសាមគ្គីភាព ការយោគយល់ មិត្តភាព និងជំរុញការធ្វើសមាហរណកម្ម នៅក្នុងក្របខ័ណ្ឌអាស៊ាន ដែលខ្ញុំសូមឧទ្ទិសនូវសមិទ្ធផលរបស់កម្ពុជាថ្ងៃនេះ ជាចំណែកមួយនៃជោគជ័យក្នុងក្របខ័ណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ានរបស់យើង

សម្តេចតេជោ ហ៊ុន​ សែន មានប្រសាសន៍ថា ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាបានខិតខំប្រឹងអស់លទ្ធភាព ក្នុងការបម្រើសេវា ការស្នាក់នៅ ហូបចុក និងដំណើរការប្រកួតប្រព្រឹត្តទៅបានដោយរលូន។ សម្ដេចក៏សូមអធ្យាស្រ័យចំពោះប្រជាជនកម្ពុជា និងមិត្តភក្ដិអាស៊ាន ប្រសិនបើមានកំហុសឆ្គងដោយអចេតនា សម្តេចនឹងទទួលយកសម្រាប់ការកែលម្អ នាពេលខាងមុខ។

អាកាសធាតុពេលថ្ងៃដែលធ្លាប់តែក្ដៅខ្លាំង ស្របពេលមហាជនចូលទៅទស្សនា​ព្រឹត្តិការណ៍បិទស៊ីហ្គេម មេឃបានប្រែជាស្រទំ ឯព្រះភិរុណបានបង្អុរភ្លៀងមួយមេធំមុនព្រឹត្តិការណ៍ចាប់ផ្ដើម ហាក់បីដូចជាទឹកមន្តប្រោះព្រំថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម។ ទាំងសិល្បករ សិល្បការិនីសម្ដែងកំដរកម្មវិធី និងមហាជនដែលបានទៅរង់ចាំ នៅតែសកម្ម និងសប្បាយអបអរ មិនចុះចាញ់ទឹកភ្លៀងឡើយ។

លោក ទិត ថាវរិទ្ធ សមាជិក នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍បើកបិទកីឡាស៊ីហ្គេម និងជាអនុគណៈកម្មការផ្នែកសិល្បៈទស្សនីយភាព នៃក្របខណ្ឌក្រសួងវប្បធម៌ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ក្រុមការងារបានចំណាយពេលជាង ៣ខែ ដែលសម្រុកខ្លាំងទៅលើការរៀបចំ ការស្រាវជ្រាវ ការជជែកពិភាក្សាធ្វើយ៉ាងណាឱ្យទទួលបានផលល្អប្រសើរ មិនមានបញ្ហាកើតឡើង។

លោក ទិត ថាវរិទ្ធ មានប្រសាសន៍ថា៖ “យើងបានជជែកលម្អិតអំពីវប្បធម៌ អំពីសិល្បៈ អំពីការទទួលយកនូវផ្នត់គំនិតថ្មីៗ និយាយពី Technology នៃបច្ចេកវិទ្យាជំនាន់ថ្មីនេះ គឺយើងបានជជែកគ្នាលម្អិត។ រាជរដ្ឋាភិបាលបានចំណាយច្រើនណាស់ដើម្បីរៀបចំព្រឹត្តិការណ៍នេះមួយ ដើម្បីបង្ហាញទៅពិភពលោកឱ្យស្គាល់ពីកម្ពុជាច្បាស់។

លោក ទិត ថាវរិទ្ធ បញ្ជាក់ថា៖ “ខ្ញុំចង់ជម្រាបថា លទ្ធផលដែលទទួលបានល្អប្រសើរនោះ គឺកើតចេញពីឆន្ទៈ កើតចេញពីការប្ដេជ្ញាចិត្តខ្ពស់របស់សិល្បករទាំងអស់ គ្រប់ទម្រង់ គ្រប់ជំនាញ និងពីលោកគ្រូអ្នកគ្រូ គ្រូបង្វឹកទាំងអស់ បានធ្វើឱ្យយើងអាចរួមគ្នាបាន បង្កើតនូវសមិទ្ធផលល្អប្រសើរ ហើយក៏មិនអាចរំលងបានដែរអំពីការនាំចូលមកជួយយើងនូវផ្នែក Technology របស់ខាងប្រទេសចិន មានដូចជាបច្ចេកទេសភ្លើង ពន្លឺ ក្រាហ្វិក សំឡេងផ្សេងៗ ចំណែកខាងកម្ពុជាគឺបញ្ជូលផ្នែកវប្បធម៌ ផ្នែកសិល្បៈ ធនធាន និងគំនិតមូលដ្ឋានផ្សេងៗ”។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា ក្នុង​ពេលដែលកំពុងហ្វឹកហាត់ លោកបារម្ភច្រើន ទាំងបញ្ហាអាកាសធាតុ សុខភាពរបស់សិល្បករ លោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំទាំងអស់ដែលចុះធ្វើការផ្ទាល់ ក៏ដូចជាបារម្ភការមិនសូវបានជួបជុំគ្នាដោយសារមានគ្នាច្រើន​ ហើយពិបាកប្រមូលផ្ដុំកម្លាំង។ ប៉ុន្តែនៅពេលសមជាមួយពន្លឺភ្លើង ក្រាហ្វិក ពីមួយថ្ងៃទៅមួយថ្ងៃមានភាពប្រសើរឡើង ធ្វើឱ្យលោកចាប់ផ្ដើមមានការជឿជាក់ថា យើងអាចធ្វើបាន។ លោកបានឱ្យដឹងថា បើទោះជាលោកតែងតាមដានការហាត់សមទស្សនីយភាពសិល្បៈក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប៉ុន្តែ​នៅថ្ងៃសម្ដែង លោកមានអារម្មណ៍ក្តុកក្ដួលហើយក៏ស្រក់ទឹកភ្នែក រំភើបព្រោះទីបំផុតខ្មែរអាចធ្វើបាន ធ្វើទៅដោយរលូន និងជោគជ័យអត់មានឧបសគ្គអ្វីទាំងអស់។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ទទួលបានការអបអរសាទរយ៉ាងត្រចះត្រចង់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ គ្រប់គ្នាកាន់តែយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព សមដូចពាក្យស្លោកដែលបានរំលេចថា “កីឡារស់ក្នុងសន្តិភាព”។ ដោយមិនរំពឹងថា អាចទទួលបានមេដាយច្រើន ទើបយុទ្ធនាការ BeyondTheGames ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” បានបង្កើតឡើងក្នុងន័យគាំទ្រ លើកទឹកចិត្ត គាំទ្រដល់កីឡាករ គ្រូបង្វឹក ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប៉ុន្តែអ្វី គឺលើសពីការរំពឹងទុក ដ្បិតទាំងក្រុមកីឡាករ ក្រុមសិល្បករ ក្រុមអ្នកស្ម័គ្រចិត្ត ក្រុមការងារពាក់ព័ន្ធទាំងអស់ ព្រមទាំងមហាជន បានរួបរួមសហការ បានលះបង់ ខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញដើម្បីយកកិត្តិយសជូនជាតិមាតុភូមិ រហូតទង់ជាតិកម្ពុជាអាចបង្ហូតខ្ពស់ជាងគេ ជនអន្តរជាតិគ្រប់រូបក្រោកឈរគោរពភ្លេងជាតិកម្ពុជា។

ពលរដ្ឋកម្ពុជាភាគច្រើន សុទ្ធតែបានរំភើប និងហូរទឹកភ្នែកជាច្រើនដង គឺទឹកភ្នែកដោយនឹកស្មានមិនដល់ ទឹកភ្នែកក្ដីមោទនភាព ទឹកភ្នែកព្រោះក្ដីស្រមៃជាយូរលង់បានក្លាយជាការពិត និងលទ្ធផលល្អលើសការរំពឹងទុក ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច៤៥ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម