ព័ត៌មានជាតិ
ផ្លូវទឹកតាមទន្លេបាសាក់ពីភ្នំពេញ ទៅកាន់សមុទ្រកែបតម្លៃ១.៧ពាន់លានដុល្លារ ត្រូវបានប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ»
គម្រោងផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប តម្លៃ ១.៧ពាន់លានដុល្លារ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រេចទទួលយកគម្រោងវិនិយោគ ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី ១៩ ខែ ឧសភា។
កិច្ចប្រជុំនេះ បានសម្រេចប្រគល់ភារកិច្ចជូនលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំសិក្សា និងរៀបចំគម្រោងវិនិយោគខាងលើនេះឱ្យបានលម្អិត និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានប្រគល់ភារកិច្ចដល់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជូនដំណឹងពាក់ព័ន្ធគម្រោងសាងសង់ផ្លូវនាវាចរណ៍ទន្លេបាសាក់នេះ ទៅបណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់អាងទន្លេមេគង្គឆ្នាំ១៩៩៥ ហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ផងដែរ។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គនិងផ្លូវសមុទ្រ។ គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពរួចរាល់ ដោយបានប្រើប្រាស់រយៈពេលសរុប ២៦ខែ។ តាមការសិក្សា បានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
ការរចនាប្លង់វិស្វកម្មនិងស្ថាបត្យកម្មរបស់ផ្លូវទឹកនេះ ត្រូវបានប្រើប្រាស់ស្តង់ដាអន្តរជាតិ ដែលអាចធានាភាពធន់ និងមានគុណភាពខ្ពស់ ដោយគិតគូរគ្រប់ជ្រុងជ្រោយលើផ្នែកបច្ចេកទេសនិងបរិស្ថានសម្រាប់ការប្រើប្រាស់រយៈពេលយូរអង្វែង។
គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ, មានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀត ដោយប្រើរយៈពេលសាងសង់ ៤ឆ្នាំ។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ ជាដើម៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក