ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ស្នើអត្តពលិកកម្ពុជាចេះជួយគ្នាក្នុងនាមជាម្ចាស់ផ្ទះ
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានស្នើដល់អត្តពលិកកម្ពុជារក្សាស្មារតីចេះជួយគ្នាទៅវិញទៅមកក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ឯកឧត្តមស្នើបែបនេះក្នុងពិធីប្រគល់ថវិកា ៥០០លានរៀលដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងដូច្នេះថា៖«ការឈ្នះចាញ់ គឺជារឿងធម្មតា តែអ្វីដែលត្រូវប្រកាន់ខ្ជាប់របស់អត្តពលិក គឺគប្បីរក្សាស្មារតីចេះជួយយកអាសារគ្នាទៅវិញទៅមកក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ»។ ឯកឧត្តមបន្ថែមថា នៅពេលអត្តពលិកដែលមានពិការភាពចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ទាំងរាជរដ្ឋាភិបាល ទាំងឯកឧត្តមផ្ទាល់ ក៏ដូចជាប្រជាជនខ្មែរនឹងនៅឈរខាងក្រោយ ដោយបន្តគាំទ្រជានិច្ច និងមានមោទនភាពចំពោះអត្តពលិកកម្ពុជា បើទោះបីជាលទ្ធផលនៃការប្រកួតយ៉ាងណាក៏ដោយ។
ពាក់ព័ន្ធនឹងការប្រគល់ថវិកា គឺឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ថ្វីត្បិតតែទំហំថវិកាបានប្រគល់នៅពេលនេះ មានចំនួនតិច ឬចំនួនច្រើនយ៉ាងណាក្ដី ក៏មិនអាចប្រៀបធៀបនឹងការលះបង់កម្លាំងកាយចិត្តក្នុងការខិតខំប្រឹងប្រែងហ្វឹកហាត់របស់អត្តពលិកគ្រប់រូបបានឡើយ។ ឯកឧត្តម បានបញ្ជាក់ថា ការបរិច្ចាគថវិកានេះ គឺជាការបង្ហាញអំពីក្តីស្រលាញ់ ការផ្ដល់កម្លាំងចិត្ត និងការគាំទ្រដោយឥតលក្ខខណ្ឌរបស់ប្រជាជនកម្ពុជាចំពោះអត្តពលិកដែលមានពិការភាពរបស់កម្ពុជា។
លើសពីនេះ ការចូលរួមបរិច្ចាគថវិកានេះទៀតសោត ក៏ជាការបង្ហាញអំពីសាមគ្គីភាព និងការរួបរួមគ្នារបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈក្នុងការគាំទ្រដល់អត្តពលិក តាមរយៈសកម្មភាពជាក់ស្ដែង ក៏ដូចជាបង្ហាញឲ្យពិភពលោកបានឃើញថា ប្រទេសកម្ពុជាតូច តែបេះដូងរបស់ប្រជាជនកម្ពុជាធំ។
ព្រឹត្តិការណ៍នៃការប្រកួតកីឡាជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានកីឡា១៤ប្រភេទ។ ក្នុងព្រឹត្តិការណ៍កីឡានេះ មានអត្តពលិកចូលរួមចំនួនប្រមាណ២ពាន់នាក់មកពីប្រទេសចំនួន១១នៃតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះ អត្តពលិកកម្ពុជាមានចំនួន២៥១នាក់ផងដែរ។
ស្របពេលព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ខិតជិតមកដល់ឆាប់ៗនេះ យុទ្ធនាការ Beyond the Games នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងដៃគូបរិច្ចាគ បានប្រគល់ថវិកាចំនួន៥០០លានរៀល ឬ ស្មើនឹងចំនួន ១២៥ ០០០ដុល្លារអាមេរិកជូនគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោមកម្មវិធីបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេ លើពិភពលោក កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ៕
អត្ថបទ៖ ធឿន វ៉ាន់សុង / រូបភាព៖ Beyond the Games
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ