ព័ត៌មានជាតិ
តើប្រធានគណបក្សទាំង ១៨ ដែលចូលរួមការបោះឆ្នោតខាងមុខ ជានរណាខ្លះ?
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សឈរឈ្មោះបោះឆ្នោតទាំង១៨ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់អស់ហើយ។ នៅក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច នៅលំដាប់ចុងក្រោយគេ គឺលេខរៀងទី១៨ នៃសន្លឹកឆ្នោត។
នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជា គឺជាលេខហុងស៊ុយ ហើយងាយស្រួលរកនៅលើសន្លឹកឆ្នោត។
គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩៨។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយដ៏ចំណាស់តែមួយគត់ដែលតែងតែទទួលបានជ័យជំនះគ្រប់ការបោះឆ្នោតនៅកម្ពុជា។ គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ហើយសម្រាប់ការបោះឆ្នោតខាងមុខនេះ ក្នុងនាមជាប្រមុខគណបក្ស និងជាបេក្ខជននាយករដ្ឋមន្ត្រី សម្ដេចតេជោបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល។
ពាក់ព័ន្ធនឹងការកំណត់លេខរៀងនេះដែរ សារព័ត៌មាន«កម្ពុជាថ្មី»ក៏នឹងបង្ហាញឲ្យស្គាល់នូវប្រធានគណបក្សទាំង១៧ផ្សេងទៀតដែលទទួលបានលំដាប់លេខរៀងឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅពេលខាងមុខនេះ ដូចខាងក្រោម៖
១/ លោក ម៉ម សូណង់ដូ ជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលគណបក្សនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅខែកុម្ភៈ ឆ្នាំ២០១៦។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នេះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតែ ៦មណ្ឌលរាជធានី-ខេត្តប៉ុណ្ណោះ។ ផ្អែមតាមលទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅលេខរៀងទី១ នៃសន្លឹកឆ្នោត។
២/ លោក គុជ លី ជាប្រធានគណបក្សខ្មែរតែមួយ ដែលគណបក្សនេះបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៨។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ខាងមុខនេះ គណបក្សខ្មែរតែមួយ ឈរនៅលំដាប់លេខរៀងទី២ នៃសន្លឹកឆ្នោត។
៣/ គណបក្សដែលឈរនៅលេខរៀងទី៣ នៃសន្លឹកឆ្នោត គឺគណបក្សសញ្ជាតិកម្ពុជា។ គណបក្សសញ្ជាតិកម្ពុជា បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១១ ដែលមានលោក សេង សុខេង ជាប្រធានគណបក្ស។
៤/ គណបក្សខ្មែររួបរួមជាតិ ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលជាគណបក្សនយោបាយកណ្ដាលនិយម ហើយក្រោមការដឹកនាំរបស់អ្នកនយោបាយចាស់វស្សា លោក ញឹក ប៊ុនឆៃ ។ គណបក្សខ្មែររួបរួមជាតិនៅលំដាប់លេខរៀងទី៤ នៅលើសន្លឹកឆ្នោតក្នុងការបោះឆ្នោតថ្នាក់ជាតិ ខាងមុខនេះ។
៥/ លោក អ៊ុន វិសិទ្ធគុន ជាប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ ដែលជាគណបក្សមួយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២០។ ក្នុងសន្លឹកឆ្នោត គឺគណបក្សកម្លាំងប្រជាធិបតេយ្យ ឈរនៅលំដាប់លេខរៀងទី៥។
៦/ គណបក្សកសិករ បានទទួលលំដាប់លេខរៀងទី៦ នៃសន្លឹកឆ្នោត ហើយប្រធាននៃគណបក្សកសិករនេះ គឺលោក មាស បូពៅ។
៧/ លោកស្រី ស៊ឹង សុធី ជាប្រធានគណបក្សស្ត្រីដើម្បីស្ត្រី ដែលជាគណបក្សមួយបានចូលរួមឈរឈ្មោះបោះឆ្នោត ខាងមុខនេះ ហើយមានលំដាប់លេខរៀងទី៧ នៅលើសន្លឹកឆ្នោត។ គណបក្សនេះ បានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ តាំងពីឆ្នាំ១៩៩៩ មកម្លេះ។
៨/ គណបក្សខ្មែរឈប់ក្រ ជាគណបក្សនយោបាយមួយនៅកម្ពុជា ដែលបានទាក់ទាញប្រជាពលរដ្ឋឲ្យមានការចាប់អារម្មណ៍ តាមរយៈឈ្មោះរបស់គណបក្សនេះ គឺខ្មែរឈប់ក្រ។ គណបក្សខ្មែរឈប់ក្រ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០០៧ ដែលមានលោក ក្រវ៉ាញ ដារ៉ន ជាប្រធានគណបក្ស។
៩/ គណបក្សហ្វ៊ុនស៊ិនប៉ិច គឺជាគណបក្សរាជានិយម ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨១។ បច្ចុប្បន្នគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាប្រធាន ក្រោយការសោយទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីអំឡុងឆ្នាំ២០២២។ តាមលទ្ធផលចាប់ឆ្នោតកំណត់លេខរៀង គឺគណបក្សរាជានិយមមួយនេះ នៅលេខរៀងទី៩។
១០/ លោកស្រី ពោធិតី សាវត្ថី ជាប្រធានគណបក្សធម្មាធិបតេយ្យ ដែលគណបក្សនេះមានលំដាប់លេខរៀងទី១០ នៅលើសន្លឹកឆ្នោត។ គណបក្សធម្មាធិបតេយ្យ បានចុះបញ្ជីស្របតាមច្បាប់ជាធរមាននៅក្រសួងមហាផ្ទៃ តាំងពីឆ្នាំ១៩៩៨។
១១/ លោក យ៉េង វីរៈ ជាប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលគណបក្សនេះមានលំដាប់លេខរៀងទី១១ នៅលើសន្លឹកឆ្នោត។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៧។
១២/ គណបក្សបំណងពលរដ្ឋ ជាគណបក្សដែលឈរនៅលំដាប់លេខរៀងទី១២ លើនៅសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ គណបក្សបំណងពលរដ្ឋ ចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៩ និងមានប្រធានគណបក្ស គឺលោក អ៊ិត សារម្យ។
១៣/ លោក ហួន ច័ន្ទថុន ជាប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលគណបក្សនេះ មានលេខរៀងទី១៣ នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
១៤/ លោក អ៊ុន ជីម ជាប្រធានគណបក្សឯកភាពជាតិខ្មែរ ដែលគណបក្សនេះ មានលេខរៀងទី១៤ នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
១៥/ គណបក្សខ្មែរអភិរក្ស ជាគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៩។ គណបក្សខ្មែរអភិរក្ស ដឹកនាំដោយលោក រៀល ខេមរិន្ទ្រ ដែលជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សប្រឆាំង។ សម្រាប់ការបោះឆ្នោតខាងមុខ គណបក្សខ្មែរអភិរក្សា ឈរនៅលេខរៀងទី១៥ នៃសន្លឹកឆ្នោត។
១៦/ លោក ពេជ្រ ស្រស់ ជាប្រធានគណបក្សយុវជនកម្ពុជា។ គណបក្សយុវជនកម្ពុជា ជាគណបក្សក្មេងខ្ចីមួយនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៥។ សម្រាប់ការបោះឆ្នោតខាងមុខ គណបក្សយុវជនកម្ពុជា នៅលេខរៀងទី១៦ នៃសន្លឹកឆ្នោត។
១៧/ លោក ប្លាង សីន ជាប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលមានគណបក្សនេះ មានលំដាប់លេខរៀងទី១៧ នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ