វប្បធម៌ ជំនឿ
ទីប្រឹក្សាក្រសួងវប្បធម៌ ប្រាប់គន្លឹះ កម្ពុជារៀបចំ បើក-បិទ ស៊ីហ្គេម ប៉ារ៉ាហ្គេម ជាគំរូអាស៊ាន
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជានឹងបញ្ចប់កិច្ចការសំខាន់មួយទៀត គឺម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាជនមានពិការភាពអាស៊ីអាគ្នេយ៍ “អាស៊ានប៉ារ៉ាហ្គេម លើកទី១២” បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅថ្មីៗនេះ។ តាំងពីព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេម និងបើក ប៉ារ៉ាហ្គេម ត្រូវបានរៀបចំស្ដង់ដាខ្ពស់ ព្រមទាំងបានបង្ហាញកិត្យានុភាពកម្ពុជាដល់អន្តរជាតិ តាមរយៈផ្ទាំងទស្សនីភាពអត្តសញ្ញាណជាតិ ព្រមទាំងបទភ្លេងស្ដង់ដាអន្តរជាតិដ៏សម្បូរបែប រៀបចំ និពន្ធដោយកូនខ្មែរ។
បណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍គំរូ បើមិនអាស៊ី ក៏ជាព្រឹត្តិការណ៍គំរូរបស់អាស៊ានដែរ មានន័យថា ហោចណាស់ ១០ ប្រទេសទៀត នឹងយកកម្ពុជាជាគំរូ ឬគិតថាត្រូវធ្វើតាមឱ្យទាន់ ឬឈ្នះកម្ពុជា។ បណ្ឌិត សំ សំអាង បញ្ជាក់បន្ថែមថា ដើម្បីសម្រេចបានសមិទ្ធផលបែបនេះ ដោយសារធនធានដើមខ្មែរមានគុណភាព ខណៈការរៀបចំ ក៏មិនមែនធ្វើដោយស្មានៗ ពោលគឺបានមើលគំរូជាច្រើន។
បណ្ឌិត សំ សំអាង មានប្រសាសន៍ថា៖ “ក្នុងការរៀបចំបទភ្លេងស៊ីហ្គេមនេះ រដ្ឋាភិបាលបានបញ្ជូនខ្ញុំទៅសង្កេត ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ [ប្រទេសវៀតណាម], ប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី ក៏ខ្ញុំទៅសង្កេត ដើម្បីដឹងថា គេធ្វើម៉េច ហើយយើងត្រូវធ្វើម៉េច។ ចំពោះការរៀបចំរបស់កម្ពុជា គឺល្អលើសគេដាច់ឆ្ងាយ អ៊ីចឹងហើយបានខ្ញុំថា ព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា ជាព្រឹត្តិការណ៍គំរូ ហើយប្រទេសដទៃត្រូវព្រួយថា ត្រូវធ្វើម៉េចឱ្យបានដល់ខ្មែរ”។
ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានឱ្យដឹងថា ការសម្រេចបាននេះ ដោយសារខ្មែរយើងគ្រប់គ្នាមានពលីកម្មដើម្បីគោលបំណងជាតិតែមួយ ហើយយើងរួមគ្នា យើងជួយគិត យើងជួយធ្វើ យើងរួមទទួលខុសត្រូវដើម្បីជាតិខ្មែរ។ ទាំងអស់នេះ គឺដោយសារយើងមានសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
បណ្ឌិត សំ សំអាង មានប្រសាសន៍បន្តថា៖ “ខ្មែរយើងដែលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ប៉ារ៉ាហ្គេមនេះ គឺមានលក្ខណៈ ត្រៀមជានិច្ច មិនមែន អាសន្នជានិច្ចទេ អ៊ីចឹងហើយបានយើងបានជោគជ័យ។ យើងធ្វើការជាក្រុម តាមទស្សនៈដើម្បីមោទកភាព ដើម្បីជាតិ ដើម្បីខ្មែរ ដើម្បីបង្ហាញបរទេសថា ខ្មែរធ្វើបាន។ គឺខ្មែរយើងបានគិតរឿងហ្នឹង ១ឆ្នាំ ២ឆ្នាំទៅហើយ ដោយយើងមាន ២ដំណាក់កាល ហើយដំណាក់កាលទី២ ប្រើបច្ចេកវិទ្យាយើងសហការជាមួយភាគីចិន។ យើងគំហុកធ្វើទាំងសិល្បករ អ្នករាំ អ្នកច្រៀង អ្នកល្ខោន រួមទាំងកងទ័ពទៀត ដែលមានចំនួនសរុបទៅដល់ជាង ៣ ៤ ពាន់នាក់។ យើងហាត់រាល់ថ្ងៃ ជួនកាលទៅដល់ម៉ោង ១១ ១២ យប់ ហាត់ទាំងក្ដៅ ទាំងភ្លៀង។ ខ្ញុំសូមអរគុណខ្មែរយើងដែលចូលរួម ដែលយល់ច្បាស់ពីទិសដៅ ពីគោលបំណងដើម្បីមោទកជាតិ មុខមាត់ខ្មែរ”។
ប្រធានអនុគណៈកម្មការតន្ត្រី នៃគណៈកម្មាធិការជាតិ អូឡាំកពិកម្ពុជា រូបនេះ បញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បើកបិទ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើភ្លេងថ្មីច្រើន មិនក្រោម ៥០ បទ មានទាំងភ្លេងកំដរវប្បធម៌ ៤ផែនរួមមាន ផែនកកើតទឹកដី ផែនភាពរុងរឿងអាណាចក្រអង្គរ ផែនស្នាមញញឹមខ្មែរ និងផែនអនាគតកម្ពុជា។ ភ្លេងកំដរកីឡា ក៏ដូចជាភ្លេង ដង្ហែទង់ជាតិកម្ពុជា, ពិធីគោរពទង់ជាតិ, ពេលដង្ហែទង់ស៊ីហ្គេម, ពេលគណៈធិបតីអញ្ជើញដើរចូលមក, ពេលគេឧទ្ទេសនាម សម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្ដម ថោង ខុន, ពេលឧទ្ទេសនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី, ពេលរត់គប់ភ្លើង, ពេលសច្ចាប្រណិធាន, ពេលដុតភ្លើងគប់ ជាដើម ពោលគ្មានសកម្មភាពណាមួយដែលគ្មានភ្លេងទេ។
បណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ លើកឡើងថា ភ្លេងដែលលោកបង្កើត ដោយមានបញ្ចូលឧបករណ៍ភ្លេងបុរាណខ្មែរ ហើយមានស្ដង់ដារអន្តរជាតិ ដោយសារដោយបានរៀនសូត្រ រហូតសញ្ញាបត្របណ្ឌិតផ្នែកភ្លេង, ជាអ្នកនិពន្ធបទភ្លេង ដឹកនាំវង់ភ្លេង ដែលដឹងស្ដង់ដាភ្លេងអន្តរជាតិ និងមានបទពិសោធន៍ផ្នែកភ្លេងនៅបរទេសជាង ៣០ ឆ្នាំ ដូចជានៅសហរដ្ឋអាមេរិកជិត ប្រទេសអូទ្រីស ជប៉ុន ហ្វីលីពិន។
គួរឱ្យដឹងថា សាស្ត្រាចារ្យ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក កែវ ដូរីវណ្ណ ជាម្ចាស់សំឡេង ខ្លុយ, សាស្រ្តាចារ្យ កែវ សុនន្ទកវី ជាម្ចាស់សំឡេង ឃឹម រនាត គង ស្គរ សម្ភោនិង រនាតភ្លោះ។ សាស្ត្រាចារ្យ កែវ ដូរីវណ្ណ ជាអ្នកសម្របសម្រួល បទភ្លេងក្នុងវគ្គ កកេីតទឹកដីខ្មែរ និង ភាពរុងរឿងនៃអាណាចក្រអង្គរ។
គួរបញ្ជាក់ថា ទាំងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ រដ្ឋាភិបាលកម្ពុជា រ៉ាប់រងរាល់ការចំណាយលើការស្នាក់នៅ ហូបចុក របស់ប្រតិភូកីឡា និងអត្តពលិកអាស៊ានទាំងអស់ ព្រមទាំងមិនយកថ្លៃសំបុត្រទស្សនាការប្រកួតកីឡាគ្រប់វិញ្ញាសា រួមទាំង សំបុត្រទស្សនាព្រឹត្តិការណ៍ បើក-បិទ ផងដែរ។ កាលព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ២៨២គ្រឿង ក្នុងនោះមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរិទ្ធិ ១២៧គ្រឿង ធ្វើឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ប្រទេសទី៤ ក្នុងចំណោម ១១ប្រទេស ហើយជាលទ្ធផលល្អលើសពីការប្រកួតកីឡា SEA Games មុនៗ និងលើសពីការរំពឹងទុក។
ចំពោះ លទ្ធផល ប៉ារ៉ាហ្គេម លើកទី១២ គិតត្រឹមរសៀលថ្ងៃទី៨ ខែមិថុនានេះ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ៦៦ គ្រឿង ក្នុងនោះមេដាយមាស ៩ គ្រឿង មេដាយប្រាក់ ១៩ គ្រឿង និងមេដាយសំរិទ្ធិ ៣៨ គ្រឿង ដែលនឹងអាចទទួលបានមេដាយបន្ថែមបន្តទៀត ខណៈកាលឆ្នាំ២០០១៖ មាស១ ប្រាក់១ សំរិទ្ធ១ សរុប ៣គ្រឿង, ឆ្នាំ២០០៣៖ មាស១ ប្រាក់៥ សំរិទ្ធ៣ សរុប ៩គ្រឿង, ឆ្នាំ២០០៥៖ ប្រាក់៣ សំរិទ្ធ២ សរុប ៥គ្រឿង, ឆ្នាំ២០០៨៖ ប្រាក់១ សរុប ១គ្រឿង, ឆ្នាំ២០០៩៖ មាស១ ប្រាក់២ សំរិទ្ធ៤ សរុប ៧គ្រឿង, ឆ្នាំ២០១១៖ ប្រាក់៥ សំរិទ្ធ២ សរុប ៧គ្រឿង, ឆ្នាំ២០១៤៖ មាស៣ ប្រាក់៤ សំរិទ្ធ២ សរុប ៩គ្រឿង, ឆ្នាំ២០១៥៖ មាស១ ប្រាក់២ សំរិទ្ធ៦ សរុប ៩គ្រឿង, ឆ្នាំ២០១៧៖ ប្រាក់៥ សំរិទ្ធ៥ សរុប ១០គ្រឿង, ឆ្នាំ២០២០៖ ការប្រកួតត្រូវបានលុបចោល ដោយសារកូវីដ-១៩, ឆ្នាំ២០២២៖ មាស៧ ប្រាក់១០ សំរិទ្ធ១១ សរុប ២៨គ្រឿង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល