ព័ត៌មានជាតិ
កម្មករ ប្រជាពលរដ្ឋ ខណ្ឌសែនសុខ ជាង ១ ពាន់នាក់ ទទួលការព្យាបាលឥតគិតថ្លៃពី TYDA
នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដោយមាន លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម និងជាប្រធានបេសកកម្មចុះតាមរោងចក្រ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៧៩ នាក់ ចុះពិនិត្យនិងព្យាបាលជំងឺជូនដល់កម្មករ កម្មការិនី បងប្អូនប្រកបរបរក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចំនួន ១ ៤៥០ នាក់ ស្មេីនឹង ២៩១៧ ករណី។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាល ខណ្ឌសែនសុខ យុវជនគណបក្សប្រជាជនកម្ពុជា យុវជន ស.ស.យ.ក យុវជន អ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធជាតិ និងផ្នែកពាក់ព័ទ្ធផ្សេងៗទៀត ស្ថិតក្នុងបរិវេណវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី។
លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាល ខណ្ឌសែនសុខ មានមតិស្វាគមន៍ និងចំណាប់អារម្មណ៍ថា ក្នុងនាមរូបលោកផ្ទាល់ និងជំនួសមុខឱ្យក្រុមប្រឹក្សាខណ្ឌសែនសុខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋទាំងអស់ពិតជាមានក្តីសោមនស្សសប្បាយរីករាយក្រៃលែងជូនចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលបាននចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ខណ្ឌសែនសុខ នាពេលនេះ និងសូមសំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជាបន្តបន្ទាប់ទៀត។
ឆ្លៀតក្នុងឱកាសនេះ លោក ម៉ូវ ម៉ានិត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយកចិត្តទុកដាក់បន្ថែមក្នុងការថែទាំសុខភាពឱ្យបានល្អ និងចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យបានគង់វង្សជារៀងរហូត។
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រត្តិបត្តិសមាគម និងជាប្រធានបេសកកម្ម ចុះតាមរោងចក្រ បានមានប្រសាសន៍ថា តាងនាមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាមានកិត្តិយស និងក្តីសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ លោកតាលោកយាយ ពូមីងបងប្អូនកម្មករ កម្មការិនី ទាំងអស់នាឱកាសនេះ។
លោកវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ។ ដោយសារតែលោកទាំងពីរមានការមមាញឹកខ្លាំងក្នុងការងារ ទើបលោកទាំងពីរមិនបានអញ្ជើញមកជួបបងប្អូនដោយផ្ទាល់ ដោយអនុញ្ញាតឱ្យក្រុមការងារ TYDA ចំនួន ២៧៩ នាក់ ចុះមកធ្វើការពិនិត្យជំងឺជូនដល់លោកតា លោកយាយ ពូមីង និងបងប្អូនកម្មករ កម្មការិនី នាថ្ងៃនេះ។ ហើយក្រៅពីអនុញ្ញាតឱ្យក្រុមការងារចុះមកពិនិត្យជំងឺ លោកទាំងពីរបានផ្តាំផ្ញើសួរសុខទុក្ខដល់ចំពោះលោកតា លោកយាយ ពូមីង បងប្អូនកម្មករ កម្មការិនីទាំងអស់គ្នា និងសូមឱ្យបងប្អូនមានសុខភាពល្អគ្រប់ៗគ្នា។
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង មានប្រសាសន៍បន្ថែមទៀតថា គោលបំណងធំនៃការបង្កើតសមាគម TYDA គឺ៖ ទី១. ផ្តល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ មិនប្រកាន់និន្នាការនយោបាយ សាសនា ឬពណ៌សម្បុរនោះទេ ទី២. ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋក្រីក្រតាមទីជនបទដាច់ស្រយាល និងទី៣. ចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជាផ្តល់ឱកាសដល់ប្អូនៗនិសិ្សតពេទ្យ និងយុវជនស្ម័គ្រចិត្តផ្សេងៗបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ដើម្បីសង្គមជាតិខ្មែរយើង។
លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង បានបន្តរៀបរាប់ទៀតថា មកទល់នឹងពេលនេះ TYDA មានអាយុ ១០ឆ្នាំហើយ ដោយមានសមាជិកជាង ៨ ពាន់នាក់ ដោយបានព្យាបាលអ្នកជំងឺទូទាំងប្រទេសសរុបចំនួន ៤៣០ ៦០៨ នាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរ ៧ ៥៣១ នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៦៥ នាក់ បានបញ្ចូនមកនិងវះកាត់ដោយជោគជ័យផងដែរ។
ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត បានអបអរសាទរដល់កម្មការិនីដែលមានផ្ទៃពោះ ដោយចាប់ពីខែសីហាខាងមុខតទៅ ស្រ្តីមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ ត្រូវទទួលបានគោលការណ៍ឧបត្ថម្ភសាច់ប្រាក់បន្ថែមពីរដ្ឋាភិបាលគឺ ពេលទៅពិនិត្យគផ្ទៃពោះម្តងទទួលបានថវិកា ៨ ម៉ឺនរៀល (ទទួលបានការពិនិត្យ ៤ ដងមុនសម្រាល) នៅថ្ងៃសម្រាលទទួលបានថវិកា ៤០ ម៉ឺនរៀល ក្រោយថ្ងៃសម្រាលរហូតកូនអាយុ ២ឆ្នាំ ទទួលបានពិនិត្យសុខភាពទាំងម្តាយទាំងកូនចំនួន ១០ដងទៀត (ទៅពិនិត្យម្តងទទួលថវិកា ៨ ម៉ឺនរៀល)។
តាមរបាយការណ៍បានឱ្យដឹងថា កម្មករកម្មការិនី និងប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់ក្នុងថ្ងៃនេះមានចំនួន ១ ៤៥០នាក់ ស្មើនឹង ២ ៩១៧ ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យដៃគូមានចំនួន ១៧ ករណី៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ