វប្បធម៌ ជំនឿ
មកដឹងរឿងក្ដី កម្ពុជាឈ្នះថៃ រឿងប្រាសាទព្រះវិហារ ៦១ឆ្នាំមុន នៅតុលាការអន្តរជាតិ
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ គឺជាខួបទី៦១ ដែលតុលាការយុត្តិធម៌អន្ដរជាតិ ទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ថៃបានចូលកាន់កាប់ប្រាសាទព្រះវិហារ នៅឆ្នាំ១៩៥៤។ ព្រះករុណាព្រះមហាវីរក្សក្សត្រ ព្រះបរមរតនកោដ្ឋ (នរោត្ដម សីហនុ) បានប្តឹងទៅតុលាការយុត្តិធម៌អន្តជាតិ ទីក្រុងឡាអេ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩។ សាលក្រមតុលាការអន្តរជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានកាត់សេចក្តីដោយសម្រេចប្រគល់ប្រាសាទព្រះវិហារ មកឱ្យកម្ពុជាវិញ ក្រោយពីថៃបានឈ្លានពានកាន់កាប់ប្រាសាទព្រះវិហារ។
តុលាការយុត្តិធម៌អន្តជាតិ ICJ បានចេញសាលដីការនេះ ដោយបានសម្រេចសេចក្តីថា៖
១. ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា
២. ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា
៣. ថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។
ក្រោយពីសាលក្រមប៉ុន្មានថ្ងៃ ថៃក៏បានធ្វើរបងលួសបន្លា ដោយឯកតោភាគីដែលកំណត់ដោយគណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៦២ ជាខ្សែព្រំដែន។
នៅឆ្នាំ២០០១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើសំណើជាផ្លូវការ ដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក។ ពេលនោះថៃទាមទារឱ្យមានការចុះបញ្ជីរួមគ្នា តែកម្ពុជាជំទាស់ដោយសារ ប្រាសាទព្រះវិហារជារបស់កម្ពុជា ស្ថិតនៅក្នុងទឹកដីកម្ពុជា។
ក្រោយកម្ពុជាបានចំណាយពេលជាង ៧ ឆ្នាំ ពោលគឺនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការយូណេស្កូ បានសម្រេចធ្វើពិធីផ្លូវការ ក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក។ ថៃមានការខឹងយ៉ាងខ្លាំង ក្រោយការទាមទាររបស់ខ្លួនមិនបានសម្រេច។ បន្ទាប់ពីការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បិត្តបេតិកភណ្ឌពិភពលោក កងទ័ពថៃក្រោមការដឹកនាំរបស់រដ្ឋាភិបាល អភីសុីត នៃគណៈបក្សប្រជាធិបតេយ្យថៃ បានឈ្លានពានតំបន់ប្រាសាទព្រះវិហារជាបន្តបន្ទាប់ចំនួន ៤ លើក៖ លើកទី១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨, លើកទី២ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៩, លើកទី៣ ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០១១ និងលើកទី៤ ថៃបានធ្វើការវាយប្រហារនៅតាមបណ្តោយព្រំដែនក្នុងតំបន់ផ្សេងៗទៀត នៅថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១១។
កម្ពុជាប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ ឱ្យបកស្រាយសាលដីកាក្រុងឡាអេ ឆ្នាំ១៩៦២ ឡើងវិញ។ នៅថ្ងៃទី១១ ខែខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ បានសម្រេចថា កម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃ ដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ។ ប៉ុន្តែ សេចក្ដីសម្រេចលើកទី២នេះ នៅតែមិនអាចចាប់បង្ខំឱ្យថៃអនុវត្តតាមបានដដែល។
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កាសែតថៃ បាងកកប៉ុស្ដិ៍ បានផ្សាយថា ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចង់ឱ្យមានការបើកឡើងវិញនូវព្រំដែនទៅកាន់ប្រាសាទព្រះវិហារដែលជាប់ខេត្តស៊ីសាកេតរបស់ថៃ ដើម្បីដំណើរការវិស័យទេសចរណ៍ បន្ទាប់ពីព្រំដែនតំបន់ប្រាសាទវិហារត្រូវបានបិទអស់រយៈពេល ១៥ឆ្នាំ ចាប់តាំងពីកងទ័ពនៃប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនោះ។ ការផ្សព្វផ្សាយនេះ មិនទាន់មានការឆ្លើយតបពីភាគីកម្ពុជាទេ ចំណែកមហាជនកម្ពុជាបានបញ្ចេញយោបល់តាមបណ្ដាញសង្គមថា មិនគួរបើកព្រំដែនវិញទេ ព្រោះមិនបានផ្ដល់ផលអ្វីមកកម្ពុជា ក៏ដូចជាខាតចំណូលពលរដ្ឋកម្ពុជាដែលភ្ញៀវពីថៃត្រូវធ្វើដំណើរចូលមកកម្ពុជាសិន ខណៈបន្ទាប់ពីថៃបានបិទច្រកព្រំដែនលែងឱ្យភ្ញៀវពីកម្ពុជាឡើងប្រាសាទព្រះវិហារពីទឹកដីថៃបច្ចុប្បន្នដែលមានជម្រាលទាបនោះ កម្ពុជាបានកសាងផ្លូវពីប្រទេសខ្លួនបានដោយជោគជ័យយូរមកហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច