ព័ត៌មានជាតិ
រោងចក្រមួយនៅភ្នំពេញ ផលិតកាបូបគ្រប់ប្រភេទនាំចេញទៅអាមេរិកប្រមាណ ១៥ ទៅ ១៦ម៉ឺនកាបូប ក្នុងមួយខែៗ
រោងចក្រមួយនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានផលិតផលិតផលកាបូបគ្រប់ប្រភេទ នាំចេញទៅកាន់សហរដ្ឋអាមេរិក ប្រមាណជា ១៥ ទៅ ១៦ម៉ឺនកាបូប ក្នុងមួយខែៗ។ ក្នុងនោះដែរ អ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក បានកោតសរសើរនូវគុណភាពផលិតផលកាបូប ដែលផលិតនៅកម្ពុជាផងដែរ។
កញ្ញា ឡុង ស្រីពៅ ប្រធានរដ្ឋបាលនៃរោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ (ខេមបូឌា) ឯ.ក បានឲ្យដឹងថា រោងចក្រនេះ ផលិតនូវផលិតផលកាបូបគ្រប់ប្រភេទ ហើយនាំចេញទៅកាន់សហរដ្ឋអាមេរិកតែមួយប្រទេសប៉ុណ្ណោះ។ ក្នុងមួយខែរោងចក្រនេះ អាចផលិត និងនាំចេញកាបូបប្រមាណ ១៥ ទៅ ១៦ម៉ឺនកាបូប ហើយក្នុងមួយឆ្នាំរោងចក្រនេះ អាចរកចំណូលបានប្រមាណជា ១២លានដុល្លារអាមេរិក។
កញ្ញា ឡុង ស្រីពៅ បានឲ្យដឹងបន្តថា ក្នុងរយៈពេលដំណើរការ ៤ឆ្នាំកន្លងមកនេះ អ្នកបញ្ជាទិញនៅសហរដ្ឋអាមេរិក បានកោតសរសើរនូវគុណភាពផលិតផលកាបូប ដែលផលិតនៅរោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ ហើយក៏សរសើរការយកចិត្តទុកដាក់របស់កម្មករ-កម្មការនីរបស់កម្ពុជា ផងដែរ។
ប្រធានរដ្ឋបាល បានប្រាប់ឲ្យដឹងបែបនេះថា «រយៈពេល ៤ឆ្នាំនេះ ដែលយើងបានសហការជាមួយគ្នា ជាមួយនឹងខាងក្រុមហ៊ុន Buyer គឺគាត់មាន Feedback ល្អៗ ចំពោះគុណភាពនៃកាបូបរបស់យើង ហើយគាត់ក៏បានសរសើរដែរថា កម្មករនៅខ្មែររបស់យើង គឺធ្វើការយកចិត្តទុកដាក់»។
សម្រាប់កម្មករ-កម្មការនី នៅរោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ គឺទទួលបានប្រាក់ខែគោលចំនួន ២០០ដុល្លារក្នុងមួយខែដូចៗគ្នា ទោះបីជាពួកគាត់ទើបនឹងចូលធ្វើការងារដំបូងៗក៏ដោយ។ បើបូកនឹងអត្ថប្រយោជន៍ផ្សេងៗទៀត កម្មករ-កម្មការនី នៅរោងចក្រនេះ ទទួលបានថវិកាសរុបពី ៣០០ ទៅ ៣២០ដុល្លារ។
កញ្ញា ឡុង ស្រីពៅ បានបញ្ជាក់បែបនេះថា «តាមបទពិសោធន៍របស់ខ្ញុំ Estimate គាត់អាចទទួលបានពី ៣០០ ទៅ ៣២០ដុល្លារ ខែខ្លះអាចលោតដល់ ៣៥០ដុល្លារ បើសិនជាប្រាក់រង្វាន់ប្រចាំសប្ដាហ៍របស់គាត់»។
លោក សំ វិសិដ្ឋ ប្រធានសហជីពដើម្បីសិទ្ធិការងារប្រចាំរោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ (ខេមបូឌា) ឯ.ក បានឲ្យដឹងដែរថា រោងចក្រនេះ បានបើកដំណើរការនៅខែកក្កដា ឆ្នាំ ២០១៩ ហើយមានកម្មករ-កម្មការនី កំពុងបម្រើការងារចំនួន ៧៣៥នាក់ ដោយស្រ្ដីមានចំនួន ៤៦៨នាក់។
លោក សំ វិសិដ្ឋ បានឲ្យដឹងបន្តថា ការបញ្ជាទិញពីសហរដ្ឋអាមេរិក នៅតែបន្តមានជាបន្តបន្ទាប់ ហើយកម្មករ-កម្មការនី ក៏ទទួលការងារបន្ថែមម៉ោងជាបន្តបន្ទាប់ដែរ។ លោកថា «ចំពោះខាងនយោជក គឺគាត់មានការយកចិត្តទុកដាក់ ជាមួយបងប្អូនកម្មករ ក៏ដូចជានៅពេលបងប្អូនកម្មករមានបញ្ហាអី គាត់សួរផ្ទាល់ៗតែម្ដង ហើយគាត់លើកទឹកចិត្តពួកគាត់»។
រីឯលោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព និងជាប្រធានសហភាពពលកម្មជាតិកម្ពុជា បានឲ្យដឹងដែរថា សហជីពនៅក្រោមសហភាពរបស់លោក បានធ្វើការងារជាមួយរោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ រយៈពេល ៤ឆ្នាំមកហើយ ដោយបានសម្របសម្រួលធ្វើយ៉ាងណាឲ្យមានសុខដុមរមនា នៅក្នុងរោចក្រនេះ។
លោក សំ សឿន មានប្រសាសន៍បែបនេះថា «សហជីពយើងបានធ្វើការជាមួយនឹងរោងចក្រនេះ ចាប់តាំងពីឆ្នាំ ២០១៩មកម្លេះ ជាមួយនឹងការបង្កើតថ្មីៗ នៃការបង្កើតឲ្យមានរោងចក្រនេះ យើងក៏បានកសាងនូវរចនាសម្ព័ន្ធសហជីពរបស់យើងនៅទីនេះ ដើម្បីរួមចំណែកក្នុងការទំនាក់ទំនងផ្នែកវិជ្ជាជីវៈរវាងកម្មករ និងនិយោជក ដើម្បីធ្វើយ៉ាងណាឲ្យមានសុខដុមរមនា នៅកន្លែងការងារ»។
សូមជម្រាបថា រោងចក្រ ហ្ស៊ីជាង ហេងហ្វេង ថប លេហ្សឺរ (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅក្នុងសួនវឌ្ឍនៈ ២ ផ្លូវជាតិលេខ ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមកញ្ញា ឡុង ស្រីពៅ ប្រធានរដ្ឋបាលនៃរោងចក្រ បានបញ្ជាក់ដែរថា រោងចក្ររបស់កញ្ញា កំពុងត្រៀមបង្កើតអគារមួយបន្ថែមទៀត ហើយត្រូវការកម្មករ-កម្មការប្រមាណ ២០០ ទៅ ៣០០នាក់បន្ថែមទៀត។
សម្រាប់ប្រាក់ខែ និងអត្ថប្រយោជន៍ដែលកម្មករ-កម្មការនី នៅរោងចក្រនេះទទួលបានរួមមាន៖ ប្រាក់ខែគោល ២០០ដុល្លារ+ប្រាក់ជំនាញ ១៥-១៥០ដុល្លារ+ប្រាក់ព្រីម ១៣ដុល្លារ+ប្រាក់បាយថ្ងៃត្រង់ ១៣ដុល្លារ+ប្រាក់ធ្វើដំណើរ ១១ដុល្លារ+ប្រាក់អតីតភាពការងារ ៣-១៤ដុល្លារ+ប្រាក់ថែមម៉ោង ៨០ដុល្លារ+ប្រាក់បាយថែមម៉ោង ១ដុល្លារ/២ម៉ោង+ប្រាក់រង្វាន់បច្ចេកទេស ៣-២០ដុល្លារ+ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែ៥ដុល្លារ+ប្រាក់ដេរស៊ីប៉ុង ១-១៨០ដុល្លារ+ប្រាក់រង្វាន់ប្រចាំសប្តាហ៍ ០.៧៥-៦០ដុល្លារ+ប្រាក់រង្វាន់កុងត្រា ៥ភាគរយ ៣០-៥០ដុល្លារ/៣ខែ+ប្រាក់បំណាច់ឆ្នាំ ១៥០-២៣០ដុល្លារ/១ឆ្នាំ+ប្រាក់សោធន ៥០ភាគរយ/១ខែ+បសស ប្រាក់ឧបត្ថម្ភថែទាំសុខភាព+ហាន័ភ័យការងារ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង