ព័ត៌មានជាតិ
រោងចក្រផលិតស្បែកជើងមានសមត្ថភាពផលិតបាន៣លានគូ ក្នុងមួយឆ្នាំ បើកដំណើរការនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បោះទុនវិនិយោគជាង ៦.៤លានដុល្លារ បានបើកដំណើរការរោងចក្រផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដារអន្តរជាតិ ដែលមានសមត្ថភាពផលិតបានប្រមាណ ៣លានគូ ក្នុងមួយឆ្នាំ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី ១៩ មិថុនានេះ ។
លោក ហ៊ូ ឆាវហួយ អគ្គនាយកក្រុមហ៊ុន អល វីន ស៊ូ (ខេមបូឌា) បានលើកឡើងថា រោងចក្រនេះ ផលិតស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដារអន្តរជាតិ បម្រើឱ្យការប្រើប្រាស់ក្នុងផ្ទះ ក្នុងឧស្សាហកម្ម ពាណិជ្ជកម្ម និងដើម្បីនាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិក។
នាឱកាសនោះដែរ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុននេះ ជាការវិនិយោគថ្មីមួយទៀត សម្រាប់ការផលិតនាំចេញស្បែកជើង ទាំងស្បែកជើងសុវត្ថិភាព និងស្បែកជើងសម្រាប់រដូវរងាស្តង់ដារអន្តរជាតិ។ លោកបានបន្តទៀតថា នេះជាការបន្ថែមឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកជាច្រើនសន្ធឹកសន្ធាប់ បង្កើតប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅទាំងកម្រិតបុគ្គល និងកម្រិតសហគមន៍ផងដែរ។
លោករដ្ឋមន្រ្តីក៏បានកោតសរសើរររដ្ឋបាលខេត្តកំពង់ស្ពឺ ដែលកន្លងមកបានយកចិត្តទុកដាក់ដល់កម្មករនិយោជិត និងនិយោជកនៅក្នុងខេត្ត ជាពិសេសការចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញទាក់ទាញវិនិយោគិនឱ្យចូលមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស ដើម្បីបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លើសពីនេះទៀត លោកបានបញ្ជាក់ថា សមិទ្ធផលនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការប្រែក្លាយតំបន់ដីចម្ការមីន ដីគ្មានប្រជាពលរដ្ឋរស់នៅ តំបន់អតីតសមរភូមិ តំបន់ជម្លោះព្រំដែន ទៅជាតំបន់សន្តិភាព សហប្រតិការ និងការអភិវឌ្ឍ ក្លាយទៅជាតំបន់ប្រជុំជន មានហេដ្ឋារចនាសម្ពន្ធផ្លូវ ថ្នល់ ស្ពាន មានផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារាម មានរោងចក្រពង្រាយរហូតដល់តាមបណ្តាខេត្ត ប្រជាពលរដ្ឋមានការងារធ្វើ មានមុខរបរចិញ្ចឹមជីវិត មានប្រាក់ចំណូល ក្រៅពីធ្វើស្រែធ្វើចម្ការ។
ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសចំនួន ៣៨៥កន្លែង មានកម្មករជាង១៥ម៉ឺន ៥ពាន់នាក់ វិស័យកាត់ដេរមានចំនួន១៩១កន្លែង មានកម្មករសរុបជាង១៤ម៉ឺន៥ពាន់នាក់។ លោកបន្តទៀតថា ចំណូលជាមធ្យមរបស់ខេត្ត ៤០លានដុល្លារ ក្នុងមួយខែ និង ៤៨១លានដុល្លារក្នុងមួយឆ្នាំ៕
អត្ថបទ៖ ផល ធារិត
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ