ព័ត៌មានជាតិ
ក្រសួងអប់រំ អំពាវនាវឲ្យពង្រឹងការលើកកម្ពស់សីលធម៌នៅតាមសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹក និងអំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង លើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា តាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២១ មិថុនានេះថា អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើតឡើងអំពើហិង្សាមួយនៅតាមសាលារៀន ដែលជះឥទ្ធិពលមិនល្អមកលើវិស័យអប់រំសិក្សារបស់ជាតិ។
លោកបានបន្តថា «ដូច្នេះហើយទើប ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដើម្បីជាការដាស់តឿនដល់បុគ្គលិកអប់រំ មាតា បិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹង និងលើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា តាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស សំដៅធានានូវបរិយាកាសអប់រំសិក្សាឲ្យបានល្អប្រសើរជាមួយនឹងគុណធម៌សីលធម៌ និងចរិយាធម៌ថ្លៃថ្នូរ»។
លោកបានណែនាំដល់នាយកសាលា និងគ្រូបន្ទុកថ្នាក់ ត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឲ្យបានហ្មត់ចត់បំផុតនូវសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាពិសេសត្រូវពង្រឹងយន្តការរបស់ក្រុមប្រឹក្សាវិន័យនៅតាមគ្រឹះស្ថានសិក្សានីមួយឲ្យបានរឹងមាំ។
ចំណែកក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ និងរចនាសម្ព័ន្ធអង្គការយុវជនដែលមាននៅតាមគ្រឹះស្ថានសិក្សា ត្រូវចូលរួមឲ្យបានផុលផុសបំផុតជាមួយសិស្សានុសិស្សក្នុងការកសាងមិត្តភាពសាមគ្គីភាពការជួយយកអាសាគ្នា គោរពវិន័យ និងក្រមសីលធម៌ គោរពសេចក្ដីថ្លៃថ្នូររបស់បុគ្គល គ្រួសារ សាលារៀន និងសង្គមជាតិ។
រីឯគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវប្រើប្រាស់ពេលវេលាសមស្របសម្រាប់ការកោះប្រជុំសិស្សានុសិស្សតាមថ្នាក់ តាមក្រុម ឬក្នុងកំឡុងពេលមុន ឬក្រោយកម្មវិធីគ្រប់គ្រងជាតិ ដើម្បីធ្វើការពន្យល់ណែនាំដាស់តឿនក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ឲ្យគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។ គ្រឹះស្ថានសិក្សា ត្រូវជំរុញការសិក្សាស្វែងយល់អំពីអត្ថន័យ និងការច្រៀងបទចម្រៀងពង្សាវតារខ្មែរ ដើម្បីលើកតម្កើងមោទនភាពឧត្ដមភាពជាតិនិយម និងការជឿជាក់លើព្រះរាជាណាចក្រកម្ពុជាពីគ្រប់ស្រទាប់សិស្សានុសិស្ស។
លើសពីនេះ គ្រូបន្ទប់ថ្នាក់ និងគ្រូប្រចាំមុខវិជ្ជា ត្រូវបន្តដាស់តឿន ក្រើនរំលឹក និងបញ្ជ្រាបការអប់រំចរិយាសម្បទាបន្ថែមលើពុទ្ធិសម្បទា និងបំណិនសម្បទានៅគ្រប់ម៉ោងសិក្សាទាំងអស់ដល់សិស្សានុសិស្សឲ្យអស់ពីលទ្ធភាព។
ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់មាតាបិតា សូមចូលរួមជាមួយក្រសួង ដើម្បីចំណាយពេលវេលាបន្ថែមទាំងនៅតាមគេហដ្ឋាន ឬទីកន្លែងផ្សេងៗ ក្នុងការបន្តអប់រំពន្យល់ណែនាំបុត្រធីតាគ្រប់រូបឲ្យដើរលើគន្លង នៃសីលធម៌ និងចរិយាធម៌៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan