ព័ត៌មានជាតិ
បុគ្គល ឬបក្សណារារាំងការទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នឹងត្រូវដកសិទ្ធិឈរឈ្មោះ៥ឆ្នាំ
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដែលក្នុងន័យនេះ គឺពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ដោយត្រូវអនុវត្តសិទ្ធិចេញទៅបោះឆ្នោតឱ្យបានខ្ជាប់ខ្ជួននៅក្នុងសង្គមប្រជាធិបតេយ្យ។
សេចក្ដីព្រាងច្បាប់នេះ មាន ៨មាត្រា ដែលមាត្រា១ ចែងអំពីគោលបំណងនៃការធ្វើវិសោធនកម្មលើច្បាប់បោះឆ្នោតនានានៅកម្ពុជា រួមមាន ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។
មាត្រា១ ដដែលនេះ ក៏បានចែងអំពីគោលបំណងនៃការធ្វើវិសោធនកម្មនេះ គឺដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
តែយ៉ាងណា នៅថ្ងៃនេះ សារព័ត៌មាន «កម្ពុជាថ្មី» សូមលើកនូវខ្លឹមសារត្រឹមមាត្រា២ នៃសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដែលទាក់ទងនឹងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ មាត្រា២ នៃសេចក្ដីព្រាងច្បាប់ បានចែងអំពីការធ្វើវិសោធនកម្មមាត្រា២៣ មាត្រា១៤២ និងមាត្រា១៤៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ត្រង់មាត្រា២៣ ថ្មី បានកំណត់ឱ្យប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនការបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវបំពេញលក្ខខណ្ឌ ដូចជា មានសញ្ជាតិខ្មែរពីកំណើត មានអាយុ ២៥ឆ្នាំឡើងទៅ (គិតដល់ថ្ងៃបោះឆ្នោត) មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា និងមានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។
មាត្រា២៣ ថ្មីនេះ បានសង្កត់ធ្ងន់ថា ពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបានអនុវត្តសិទ្ធិចេញទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួនពីរលើកចុងក្រោយជាប់គ្នា លើកលែងតែករណីដែលមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប។
ចំពោះមាត្រា១៤២ ថ្មី បានចែងអំពីវិធានការចំពោះជនទាំងឡាយណា ដែលបានប្រើគ្រប់មធ្យោបាយទុច្ចរិត ដូចជា រារាំង ឬញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោត បង្កការអុកឡុកនៅទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ ទន្ទឹមនេះ ក៏ត្រូវចាត់វិធានការចំពោះជន ណា ដែលញុះញង់ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពាន ការគំរាមកំហែង អំពើហិង្សាលើបេក្ខជន ឬគណបក្សដទៃ រារាំង ឬញុះញង់ប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬណែនាំឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សមិនឱ្យឃោសនាបោះឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត រួមទាំងធ្វើឱ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត ជាដើម។
មាត្រា១៤២ ថ្មីនេះ បានកំណត់ចាត់វិធានការចំពោះជនណា ដែលបានប្រព្រឹត្តឱ្យមានសកម្មភាពទុច្ចរិតខាងលើនេះ នឹងត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត លុបបេក្ខភាព និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់ជននោះ សម្រាប់រយៈពេល ៥ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
សម្រាប់មាត្រា១៤៣ ថ្មី ក៏បានចែងអំពីវិធានការចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តអំពើល្មើសដូចបានចែងក្នុងមាត្រា១៤២ ថ្មី ខាងលើនេះដែរ ដោយបានកំណត់លុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ហើយអាចត្រូវបានដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោតសម្រាប់រយៈពេល ៥ឆ្នាំ និងត្រូវផាកពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៣០លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់