ព័ត៌មានជាតិ
លោក ផុស សុវណ្ណ លើកឡើងពីរបាំងដើម្បីទប់ស្កាត់ដំណឹងក្លែងក្លាយ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងពីរបាំងដើម្បីទប់ស្កាត់ដំណឹងក្លែងក្លាយ ដែលរួមមានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឧបករណ៍ ឬបច្ចេកទេសនៃការផ្ទៀងផ្ទាត់ព័ត៌មាន និងវិធានការបទដ្ឋានគតិយុត្តិ ជាដើម។ ការលើកឡើងនេះ បានធ្វើឡើងក្នុងសិក្ខាសាលា ស្តីពី ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតសម្រាប់អ្នកសារព័ត៌មាន ដំណាក់កាលទី ២ នៅក្នុងខេត្តព្រះសីហនុ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣នេះ។
ក្នុងសិក្ខាសាលានេះ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលជាបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន លើកឡើងថា ស្របពេលដែលសេរីភាពនៃការផលិតមាតិកាផ្សព្វផ្សាយ មានភាពសំបូរបែប និងការទទួលបាននូវមាតិកាទាំងនោះដោយមិនមានរបាំង ការកេងប្រវ័ញ្ច ក៏បានកើតមានក្នុងទម្រង់ផ្សេងៗគ្នា មានដូចជាអំពើឆបោក ការគំរាមកំហែង ការកេងប្រវ័ញ្ចផ្លូវភេទ បញ្ហាកម្មសិទ្ធិបញ្ញា និងព័ត៌មានមិនពិតជាដើម។
លោកថា ផលវិបាកនៃដំណឹងក្លែងក្លាយ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំងមកលើសង្គមជាតិ និងប្រទេសជាតិទាំងមូល។ វាអាចធ្វើឲ្យសហគមន៍ និងសង្គមជាតិមានភាពច្របូកច្របល់ តាមរយៈការបង្កឲ្យមានការរើសអើង អរិភាពរវាងជាតិសាសន៍ ការបាត់បង់ទំនុកចិត្តមកលើស្ថាប័នសាធារណៈ ការលួចទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាដើម។
លោក ផុស សុវណ្ណ បានបញ្ជាក់ថា «ចំណុចទាំងនេះបានធ្វើឲ្យក្រុមការងារបំផុសនូវគំនិតផ្តួចផ្តើម ស្វែងរកវិធីសាស្រ្តក្នុងការលុបបំបាត់នូវព័ត៌មានមិនពិត ដែលជាកិច្ចការងារចាំបាច់ទាមទារឲ្យមានការចូលរួមពីបណ្តាដៃគូពាក់ព័ន្ធទាំងអស់គ្នា។ យើងចាំបាច់ត្រូវមានរបាំង ដើម្បីទប់ស្កាត់នូវដំណឹងក្លែងក្លាយទាំងនោះ។ របាំងនេះ អាចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឧបករណ៍ ឬបច្ចេកទេសនៃការផ្ទៀងផ្ទាត់ព័ត៌មាន វិធានការបទដ្ឋានគតិយុត្តិ ក្នុងការគ្រប់គ្រងបរិស្ថាននៃប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតជាដើម»។
ដោយមានការជម្រុញលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងកិច្ចសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសម្របសម្រួលឲ្យក្រសួងព័ត៌មាន អាចបញ្ចូលគម្រោងក្នុងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់ប្រទេសចិន។ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ក្រសួងព័ត៌មាន ទទួលបានគម្រោងសរុបចំនួន ៥ ដែលស្ថិតក្រោមការអនុវត្តរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ចំនួន ៣ គម្រោង ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការពង្រឹងវិជ្ជាជីវៈ និងប្រយុទ្ធនឹងព័ត៌មានមិនពិត។ ចំណែកអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ១ គម្រោង និងនាយកដ្ឋានកិច្ចសហប្រតិបត្តិអន្តរជាតិ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ១ គម្រោង។
បើតាមលោក ផុស សុវណ្ណ តាមរយៈការអនុវត្តគម្រោងនេះ បានចូលរួមយ៉ាងច្រើនក្នុងការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការផ្លាស់ប្តូរឥរិយាបទ នៃការផលិតព័ត៌មានតាមបែបប្រពៃណី មកជាការផលិតព័ត៌មានបែបឌីជីថល សំបូរបែបក្នុងបរិបទឌីជីថល និងបានវិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរឡើងក្នុងការចូលរួមព្រឹត្តិការណ៍ធំៗ ដែលកម្ពុជាជាម្ចាស់ផ្ទះដូចជា៖ កិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី ១៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងការប្រកួតកីឡាអាស៊ានប៉ារាហ្គេមលើកទី ១២ ក្នុងឆ្នាំ ២០២៣ នេះជាដើម៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ