ព័ត៌មានជាតិ
ប.ស.ស បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរដឹកកម្មករ ទប់ស្កាត់គ្រោះថ្នាក់លើដងផ្លូវ
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានបង្កើនការចុះបណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើរទៅមកកន្លែងធ្វើការ។
នៅក្នុងពិធីបើកកិច្ចប្រជុំអប់រំផ្សព្វផ្សាយស្ដីពី “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៣ មិថុនា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានថ្លែងថា ការចុះបណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត គឺជាការងារមួយដ៏ចាំបាច់ដែលយើងត្រូវបន្តធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សានូវសុវត្ថិភាពក្នុងពេលធ្វើដំណើររបស់កម្មករនិយោជិត ព្រោះកន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ ការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយមិនបានត្រឹមត្រូវ មិនប្រកាន់ស្ដាំ និងមិនបានត្រួតពិនិត្យយានយន្តតាមលក្ខណៈបច្ចេកទេសជាដើម។
លោកបណ្ឌិតអគ្គនាយករង បានបន្តទៀតថា «បើទោះបីជាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មិនអាចជួយឲ្យបងប្អូនជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុងក៏ពិតមែន ប៉ុន្តែក៏ជាចំណែកមួយ ដើម្បីបញ្ជ្រាបឲ្យអ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ បើកបរដោយមានទំនួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ ហើយត្រូវចេះទទួលខុសត្រូវលើវាសនាខ្លួនឯង និងត្រូវស្រលាញ់អាយុជីវិតអ្នកដទៃ ឲ្យដូចជីវិតខ្លួនឯង»។
លោកបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងជួយបង្កើនចំណេះដឹងឲ្យកាន់តែច្បាស់លើផ្នែកទ្រឹស្ដីវិជ្ជាជីវៈ ការចូលរួមអនុវត្តច្បាប់ សីលធម៌ក្នុងពេលបើកបរ ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត លើការការពារសុវត្ថិភាពរបស់ខ្លួន។
ចំណែក លោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយត្រូវចងចាំថា អាយុជីវិតកម្មករនិយោជិតគឺពឹងនៅលើមធ្យោបាយផ្ទាល់ និងនៅលើដងផ្លូវ ដែលទាមទារដាច់ខាតនូវការគោរពច្បាប់ចរាចរណ៍ ការពិនិត្យបច្ចេកទេសយានយន្ត និងស្ថានភាពផ្លូវដែលកំពុងប្រើប្រាស់៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល