ព័ត៌មានជាតិ
ពលរដ្ឋជាង ២០០ គ្រួសារប្តូរពីអ្នកកាប់ឈើមកធ្វើកសិកម្ម បានផលឈ្មួញមកទិញដល់កន្លែង
គ្រួសារក្រីក្រជាង ២០០ គ្រួសារដែលធ្លាប់ពឹងអាស្រ័យលើកាប់ឈើនិងធ្វើកសិកម្មពនេចរ បានផ្លាស់មករស់នៅក្នុងសហគមន៍សុវណ្ណាបៃតងដោយប្រកបរបរកសិកម្មចិញ្ចឹមជីវិត។
ជាង ២០ ឆ្នាំមកនេះ ពលរដ្ឋក្រីក្ររាប់រយគ្រួសារបានមករស់នៅក្នុងសហគមន៍សុវណ្ណាបៃតង ដែលមានទីតាំងស្ថិតនៅភូមិសុវណ្ណា ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយទទួលបានការបែងចែកដីធ្លី និងការគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោក អាត់ ណុច ប្រធានសហគមន៍សុវណ្ណាបៃតងបានឲ្យដឹងថា សហគមន៍សុវណ្ណាបៃតងដំណើរការដោយមានជំនួយឧបត្ថម្ភពីអង្គការសម្ព័ន្ធសត្វព្រៃ Wild Alliance។
ក្នុងរយៈពេលជាង ២០ ឆ្នាំគោលដៅបង្កើតសហគមន៍សុវណ្ណាបៃតង ដើម្បីផ្លាស់ប្តូរទម្លាប់ពលរដ្ឋបោះបង់ពីការបរបាញ់សត្វ កាប់បំផ្លាញព្រៃឈើ ការធ្វើកសិកម្មពនេរចរ ងាកមកធ្វើកសិកម្មអចិន្រ្តៃដើម្បីចូលរួមការពារការប្រែប្រួលអាកាសធាតុ។
«បើប្រៀបធៀបពីមុនមកដល់បច្ចុប្បន្នខុសគ្នាឆ្ងាយ។ ពីមុនប្រជាជនរស់នៅពឹងផ្អែកលើការរុករកធនធានព្រៃឈើរកមួយថ្ងៃហូបមួយថ្ងៃ។ ជីវភាពពលរដ្ឋក៏មិនប្រសើរ ដោយពួកគាត់រស់នៅតាមជ្រលងភ្នំ តំបន់ដាច់ស្រយាល ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរស់នៅ ដូចជាសាលារៀន ផ្លូវថ្នល់ និងសេវាសុខភាព»។ លោក អាត់ ណុច បញ្ជាក់។
លោកបន្តថា «ពេលបង្កើតសហគមន៍សុវណ្ណាបៃរង សហគមន៍ជ្រើសរើសពលរដ្ឋស្ម័គ្រចិត្តមករស់នៅ ដោយផ្តល់ដីលំនៅដ្ឋាន និងផ្តល់ចំណេះដឹងកសិកម្ម។ ពីមុនពួកគាត់ចូលព្រៃបរបាញ់សត្វ កាប់ឈើធ្វើកសិកម្ម ដីក៏គ្មានកម្មសិទ្ធិ និងរងបញ្ហាផ្លូវច្បាប់ទៀតផង»។
តាមការប៉ាន់ស្មានរបស់លោក មួយគ្រួសារកាប់ព្រៃឈើមួយឆ្នាំយ៉ាងហោចណាស់ ១ ហិកតា ទៅ ២ ហិកតា។ ការធ្វើកសិកម្មពនេចរនេះបានបំផ្លាញព្រៃឈើទាំងជីវភាពមិនប្រសើរ ព្រៃឈើនិងសត្វព្រៃក៏បាត់បង់ តែមករស់នៅក្នុងសហគមន៍បានផ្លាស់ប្តូរជីវភាពប្រសើរជាងមុន។
សហគមន៍សុវណ្ណាបៃតងគ្របដណ្តប់លើផ្ទៃដីសរុប ៣៣០០ ហិកតា។ នៅក្នុងសហគមន៍មានមណ្ឌលសុខភាព មានសាលារៀនងាយស្រួលសម្រាប់ពលរដ្ឋក្នុងសហគមន៍បញ្ជូនកូនចៅទៅរៀន។ ពលរដ្ឋដែលសម្រេចមករស់នៅក្នុងសហគម៍ភាគច្រើននៅតំបន់ជនបទដាច់ស្រយាល តាមព្រៃភ្នំ ច្រើនជាអ្នកធ្វើចម្ការពនេចរ ឬរកម្ហូបពីព្រៃ។ ការមករស់សហគមន៍សុវណ្ណាបៃតង ពលរដ្ឋទទួលបានដី ១ ហិកតា កន្លះក្នុងមួយគ្រួសារ និងទទួលការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មសម្រាប់ទ្រង់ទ្រង់ដល់ការរស់នៅ។
លោក អាត់ ណុច បានបន្តថា ការរស់នៅក្នុងសហគមន៍ ពួកគាត់ត្រូវផ្តិតមេដៃព្រមព្រៀងជាមួយសហគមន៍ឈប់បរបាញ់សត្វ ឈប់ធ្វើចម្ការពនេចរ។ អ្វីច្បាប់ហាមឃាត់គាត់ឈប់ គាត់បង្វិលធ្វើកសិកម្មអចិន្រ្តៃ។ ក្រៅពីធ្វើចម្ការ គាត់អាចប្រកបរបរផ្សេងៗដូចជាំសំណង់ នេសាទ ឬអ្វីដែលអាចរកបានដោយស្របច្បាប់។
ពលរដ្ឋមួយរូបឈ្មោះ យី កំណាប់ ក្នុងវ័យ ៣៥ ឆ្នាំ ខណៈកំពុងដាំដុះដំណាំម្ទេស ត្រប់ ត្រលាច សណ្តែក លើផ្ទៃដីជាង ១ ហិកតាប្រាប់ថា មុនឆ្នាំផ្លាស់មករស់នៅក្នុងសហគមន៍ក្នុងឆ្នាំ ២០០៣ គាត់តែងតែចូលកាប់ព្រៃធ្វើចម្ការ និងរកអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត។ ពេលមករស់នៅក្នុងសហគមន៍ គាត់ទទួលបានដី សហគមន៍បានជួយសង់ផ្ទះ មានហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ សេវាសុខាភិបាល និងសាលារៀន។
ស្រ្តីរូបនេះប្រាប់ថា ការកាប់រានព្រៃពីកន្លែងមួយទៅកន្លែងមួយប្រឈមបញ្ហាផ្សេងៗ តែមករស់នៅជាមួយសហគមន៍បានធ្វើឲ្យជីវភាពរបស់គាត់ល្អប្រសើរជាងមុន។
អ្នកស្រី ខាន់ គុនណាវ ពលរដ្ឋមួយរូបទៀតដែលរស់នៅក្នុងសហមន័ ក៏ទទួលបានដីជាង ១ ហិកតា សម្រាប់សង់ផ្ទះ និងដាំដំណាំផ្សេងៗ។ ស្រ្តីរូបនេះពីមុនក៏ជាអ្នកកាប់ឈើធ្វើចម្ការពនេចរ ចំណូលមិនស្ថិតស្ថេរ ជីវភាពនៅតែខ្វះខាត និងប្រឈមមុខអាជ្ញាធរថែមទៀតផង។
ស្រ្តីរូបនេះមករស់នៅតាមឪពុកម្តាយ និងបានបំបែកគ្រួសារថ្មី ទទួលបានការចែកដី និងជួយបច្ចេកទេសដាំដុះបន្លែ។ ស្រ្តីកូន ៣ រូបនេះបន្តថា ដោយសារមានការជួយគាំទ្រគ្រប់បែបយ៉ាង អ្នកស្រីនឹងបន្តរស់នៅតកូនតចៅបន្តទៀត។
លោក អាត់ ណុច បានបន្តថា ពលរដ្ឋមករស់នៅក្នុងសហគមន៍សប្បាយចិត្តជាមួយជីវភាពថ្មី។ ក្នុងការទ្រងទ្រង់ដល់ការរស់នៅប្រចាំថ្ងៃ ពួកគាត់អាចដាំដំណាំផ្សេងៗតាមតែទីផ្សារត្រូវការងាយស្រួលលក់។ ដំណាំដែលបានផលបច្ចុប្បន្នក៏មានឈ្មួយកណ្តាលចុះមកទិញដល់ទីតាំងផងដែរ។
ប្រធានសហគមន៍សុវណ្ណាបៃបង លោក អាត់ ណុច បានបន្តថា គម្រោងដែលបានជំនួយពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ចប់ តែអង្គការនៅគាំទ្រលើកិច្ចការមួយចំនួន។
ជាមួយគ្នានេះដែរ លោក អាត់ ណុច ក៏មើលឃើញបញ្ហាប្រឈម ដោយសារកំណើនពលរដ្ឋរស់នៅក្នុងសហគមន៍ កើនកូនកើនចៅកាន់តែច្រើន តម្រូវដីបន្ថែមសម្រាប់ការរស់នៅ។ ជាមួយគ្នានេះក្នុងសហគមន៍មិនមានតំបន់ទេសចរណ៍ តែដើម្បីសហគមន៍មាននិរន្តភាពយូរអង្វែងបានបង្កើតចម្ការហូបផ្លែមានដាំទូរេន សាវម៉ាវ លើផ្ទៃដីសរុបជាង ២០ ហិកតា។ ចំណូលមួយផ្នែកសម្រាប់បុគ្គលិកបម្រើការងារ និងប្រើប្រាស់ក្នុងសហគមន៍។
លោកបន្តថា ដំណើការរបស់សហគមន៍ក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលដូចជាការសាងសង់ផ្លូវ និងអណ្ដូងទឹកជាដើម។
សហគមន៍សុវណ្ណាបៃតងបង្កើតឡើងនៅឆ្នាំ ២០០៣ ដែលបច្ចុប្បន្នបានរៀបចំជាភូមិរដ្ឋបាល មានការទទួលស្គាល់ពីអាជ្ញាធរនៅឆ្នាំ ២០១៣៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា