ព័ត៌មានជាតិ
តើសកម្មភាពអ្វីខ្លះ ត្រូវបានហាមពេលឃោសនាបោះឆ្នោត?
នៅខែកក្កដាខាងមុខនេះ គណបក្សដែលបានចុះឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាប់ផ្ដើមបើកយុទ្ធនាការនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដើម្បីរកសំឡេងគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។ បើតាមប្រតិទិនរបស់ គ.ជ.ប ការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានបញ្ញត្តិថា ការឃោសនាបោះឆ្នោតមានទិសដៅឲ្យគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោត អាចផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់ខ្លួនជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត។ មាត្រា៦៨ បានចែងបន្ថែមថា ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ តាមរយៈសកម្មភាពផ្សេងៗ ដូចជា ការជួបប្រជុំជាសាធារណៈរបស់គណបក្ស ឬបេក្ខជន ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ នៅតាមមូលដ្ឋានយ៉ាងច្រើន៤ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
ទន្ទឹមនេះ គណបក្ស ឬបេក្ខជនឈរឈ្មោះប្រកួតប្រជែង អាចជួបជុំ ឬឃោសនាតាមផ្ទះរបស់ប្រជាពលរដ្ឋ ការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ឬការឃោសនាតាមឧបករណ៍បំពងសំឡេង ការចាក់ផ្សាយវីដេអូ បិទផ្សាយពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនានានា តាមទីសាធារណៈ ព្រមទាំងសកម្មភាពចែកខិតប័ណ្ណគណបក្ស។ បន្ថែមពីនេះ ការឃោសនាបោះឆ្នោត គណបក្សក៏អាចចែកចាយស្លាកសញ្ញាគណបក្ស មួក សម្លៀកបំពាក់ ឬសម្ភារផ្សេងៗទៀត ដែលមានស្លាកសញ្ញាគណបក្ស ឬបេក្ខជនឈរឈ្មោះជូនដល់អ្នកបោះឆ្នោត និងការប្រគំតន្ត្រីឃោសនាបោះឆ្នោតនៅកន្លែងណាមួយ។

ពាក់ព័ន្ធនឹងការលើកស្លាកសញ្ញាគណបក្សនៅទីសាធារណៈ គឺត្រូវមានការសម្របសម្រួលពីអាជ្ញាធរឃុំ-សង្កាត់ ផ្អែកលើគោលការណ៍ស្មើភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសោភ័ណភាពសាធារណៈ។ ប៉ុន្តែ ស្លាកសញ្ញាគណបក្ស ឬសម្ភារឃោសនារបស់គណបក្ស មិនត្រូវបានអនុញ្ញាតឲ្យលើក ឬបិទនៅក្នុងបរិវេណ ឬលើអគារ ឬការិយាល័យរបស់រដ្ឋឡើយ ខណៈការលើក ឬបិទស្លាកសញ្ញាគណបក្ស រួបភាព ពាក្យស្លោក ខិតប័ណ្ណនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានហាម ប្រសិនបើមិនមានការយល់ព្រមជាមុនពីម្ចាស់ផ្ទះ។
សម្រាប់ស្លាកសញ្ញាគណបក្ស ឬសម្ភារឃោសនារបស់គណបក្ស ស្ថិតនៅក្នុងរង្វង់១០០ម៉ែត្រពីការិយាល័យបោះឆ្នោត ត្រូវយកចេញយ៉ាងយូរបំផុតនៅថ្ងៃបិទបញ្ចប់ការឃោសនាបោះឆ្នោត លើកលែងតែស្លាកសញ្ញាដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍របស់គណបក្ស។ ជាមួយគ្នានេះ គណបក្សត្រូវប្រមូលយកមកវិញនូវប័ណ្ណប្រកាស ឬប័ណ្ណផ្សព្វផ្សាយ ឯកសារឃោសនាទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារណៈ ក្នុងរយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។

ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានហាមឃាត់ការប្រព្រឹត្តអំពើអសីលធម៌ ប្រមាថ គំរាមកំហែង បំភិតបំភ័យ ឬអំពើហិង្សាលើប្រជាពលរដ្ឋ ឬគណបក្ស ឬបេក្ខជនដទៃ នៅពេលឃោសនាបោះឆ្នោតឡើយ។ គ្រប់គណបក្ស បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវផ្ដល់អំណោយជាថវិកា ឬជាសម្ភារផ្សេងៗ ដែលជារង្វាន់លើកទឹកចិត្ត ទោះបីជាតាមមធ្យោបាយ ឬរូបភាពណាក៏ដោយ ក្នុងគោលបំណងទិញទឹកចិត្តប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
នៅអំឡុងពេលឃោសនាបោះឆ្នោត គណបក្ស បេក្ខជន និងអ្នកគាំទ្រទាំងអស់ត្រូវតែគោរពតាមច្បាប់ វិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលមានចែងក្នុងច្បាប់ពាក់ព័ន្ធការបោះឆ្នោត ក្រមសីលធម៌ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ៕
ដោយ៖ ធឿន វ៉ាន់សុង
រូបភាព ៖ផេកគណបក្សប្រជាជន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ