ព័ត៌មានជាតិ
មន្ត្រីកយកា៖ ការបញ្ជូនអ្នកស្ម័គ្រចិត្តកូរ៉េមកកម្ពុជាដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋកាន់តែប្រសើរ
លោក ស៊ីន យ៉ុងហ្វា នាយករងប្រចាំប្រទេសកម្ពុជា ដែលទទួលបន្ទុកកម្មវិធីអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)បានលើកឡើងថា ការបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េដែលមានវិជ្ជាជីវៈមកកម្ពុជាដើម្បីចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងជំនាញដើម្បីធ្វើឱ្យប្រសើរឡើងនូវការរស់នៅ និងជីវភាពរបស់ប្រជាជន
និងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាអំពីកម្មវិធីអ្នកស្ម័គ្រចិត្ត កយកា ប្រចាំឆ្នាំ២០២៣ ជាមួយដៃគូកាលពីថ្ងៃទី២៧ មិថុនា នៅសណ្ឋាគារភ្នំពេញ លោកបានបន្តថា ការិយាល័យ កយកា នៅកម្ពុជា គឺជាទីភ្នាក់ងារអនុវត្តរបស់កម្មវិធីមិត្តភាពពិភពលោកកូរ៉េ World Friend Korea ដែលបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េទៅទូទាំងពិភពលោក។ ចាប់តាំងពីឆ្នាំ
២០០៣ មកបច្ចុប្បន្ន កយកា មានអ្នកស្ម័គ្រចិត្តដែលកំពុងតែបម្រើការងារនៅតាមបណ្ដារាជធានី ខេត្ដមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលមានដូចជារាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង កំពង់ចាម បាត់ដំបង និងបន្ទាយមានជ័យ ទៅលើជំនាញផ្សេងៗគ្នា។

លោកបានបន្តថា កិច្ចប្រជុំនេះមានគោលបំណងណែនាំអំពីកម្មវិធីអ្នកស្ម័គ្រចិត្ត និងពិភាក្សាអំពីសន្ដិសុខ សុវត្ថិភាព ការគ្រប់គ្រងអ្នកស្ម័គ្រចិត្ដការគាំទ្រគម្រោងខ្នាតតូច និងសមត្ថភាពរបស់អ្នកស្ម័គ្រចិត្តនៅក្នុងការបំពេញការងារ។ វាគឺជាឱកាសដ៏ល្អដែលអនុញ្ញាតឱ្យស្ថាប័នដៃគូទាំងអស់បានយល់កាន់តែច្បាស់អំពីកម្មវិធីអ្នកស្ម័គ្រចិត្តកយកា នៅក្នុងប្រទេសកម្ពុជា ជាពិសេសបានធ្វើឱ្យដៃគូទាំងអស់មានឱកាសនៅក្នុងការផ្លាស់ប្ដូរគំនិត យោបល់ និងបានពិភាក្សាគ្នាលំអិតអំពីសារៈសំខាន់ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការងារស្ម័គ្រចិត្តផងដែរ។

លោកបានបន្តទៀតថា ម៉្យាងវិញទៀតវាបានលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងជំរុញភាពជាដៃគូប្រកបដោយនិរន្តរភាពរវាង កយកា និងដៃគូនីមួយៗ និងដើម្បីផ្តល់នូវការរួមចំណែកយូរអង្វែង និងកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍន៍នៅកម្ពុជា។ លើសពីនេះ កយកា ក៏បានជ្រើសរើសស្ថាប័នដៃគូឆ្នើមរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ ផងដែរ
ដែលស្ថាប័នទីមួយនោះ គឺសាកលវិទ្យាល័យជាតិមានជ័យ និងទីពីរគឺសាកលវិទ្យាល័យជាតិបាត់ដំបង។

លោក ស៊ីន យ៉ុងហ្វា បានកោតសរសើរចំពោះដៃគូទាំងអស់ដែលបានចូលរួម និងចែករំលែកធាតុចូលជាច្រើននៅក្នុងការកែលម្អកម្មវិធីអ្នកស្ម័គ្រចិត្ត។ លោកបានបន្ថែមទៀតថា ការប្រាស្រ័យទាក់ទងរវាង កយកា ស្ថាប័នដៃគូ និងអ្នកស្ម័គ្រចិត្ដ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានដំណោះស្រាយកាន់តែប្រសើរ នៅពេលដែលយើងមានបញ្ហា។ កយកានឹងស្តាប់ដោយយកចិត្តទុកដាក់ ហើយពិចារណាយ៉ាងសកម្មនូវរាល់ធាតុចូល និងបញ្ហាប្រឈមនានាដើម្បីកែលម្អការអនុវត្តកម្មវិធីរបស់ខ្លួននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះដែរមានការចូលរួមពីលោក អ៉ឹម សួរ អគ្គលេខាធិការរងនៃគណៈកម្មាធិការនិតីសម្បទា
និងអភិវឌ្ឍន៍នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ស៊ីន ជុងយ៉ុន នាយិការង លោក ស៊ីន យ៉ុងហ្វា នាយករងប្រចាំប្រទេសរបស់ កយកា និងស្ថាប័នដៃគូរបស់ខ្លួនយ៉ាងហោចណាស់ចំនួន១១ ស្ថាប័នផងដែរ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ