Connect with us

ព័ត៌មានជាតិ

ជំនួបដៃគូវិនិយោគអន្តរជាតិដំណាច់ឆ្នាំនេះជាឱកាសស្វែងរកការវិនិយោគនៅកម្ពុជា  

បានផុស

នៅ

លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្មវិធីជំនួបដៃគូវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ នឹងក្លាយជាឱកាសជំរុញភាពជាដៃគូវិនិយោគរវាងសហគ្រាសកម្ពុជាជាមួយក្រុមហ៊ុនបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រាប កុល លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ខែមិថុនានេះ ស្ដីពីកម្មវិធីជំនួបដៃគូវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច-មធ្យម និងកិច្ចសហប្រតិបត្តិការរវាងដៃគូពាណិជ្ជកម្មនៅកម្ពុជា ដែលរៀបចំដោយក្រុមវិនិយោគិនមកពីប្រទេសសឹង្ហបុរី ហើយគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ព្រាប កុល បានបញ្ជាក់ថា តាមរយៈជំនួបនេះ នឹងអាចប្រមូលផ្តុំអ្នកវិនិយោគ ដៃគូរបណ្តាក់ទុន សហគ្រិន និងអ្នកដឹកនាំលើវិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីស្វែងរកឱកាសវិនិយោគ និងភាពជាដៃគូរវាងកម្ពុជា និងសឹង្ហបុរី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការដើម្បីកំណើនអាជីវកម្ម និងគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SMEs)។

បើតាមលោក ព្រាប កុល ក្រុមហ៊ុនប្រហែលជាង២០០ នឹងចូលរួមក្នុងកម្មវិធីជំនួបដៃគូវិនិយោគអន្តរជាតិនេះ ក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន PIF Capital ក្រុមហ៊ុន Antz Capital និងក្រុមហ៊ុន GPA ដោយមានកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនេះក្នុងនាមជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច លោក ព្រាប កុល ក៏បានបង្ហាញការគាំទ្រ និងសន្យាជួយសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាលើកកម្ពស់ និងការការពារដល់ការវិនិយោគផ្ទាល់របស់បរទេសនៅកម្ពុជា។

លោក ព្រាប កុល បានបន្ថែមថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនសឹង្ហបុរីមកកម្ពុជា នៅពេលនេះ មិនមែនគ្រាន់តែត្រឹមការដាក់ទុនវិនិយោគ ដើម្បីទទួលបានផលចំណេញទេ តែថែមទាំងបានចូលរួមចំណែកជួយ​​ដល់សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា ដើម្បីទទួលបានមូលនិធិវិនិយោគពីក្រៅប្រទេស ​ក៏ដូចជាដើម្បីអាចចុះបញ្ជីនៅទីផ្សារមូលបត្រទាំងក្នុង និងក្រៅប្រទេស ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម