Connect with us

ព័ត៌មានអន្ដរជាតិ

កុបករនៅបារាំង ចូលប៉ុនប៉ងធ្វើឃាតគ្រួសារចៅហ្វាយក្រុង ដល់ក្នុងផ្ទះ

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ក្រុមកុបករបារាំងបានបើករថយន្តចូលទៅក្នុងផ្ទះរបស់អភិបាលក្រុងមួយ នៅជាយរដ្ឋធានីប៉ារីស ដោយបណ្តាលឲ្យភរិយា និងកូនរបស់គាត់រងរបួស ហើយត្រូវបានគេចាត់ទុកថាជា “ការប៉ុនប៉ងធ្វើឃាត” ។

ផ្ទះរបស់លោក Vincent Jeanbrun (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនៅគេហដ្ឋានរបស់លោក Vincent Jeanbrun ក្នុងទីក្រុង L’Hay-les-Roses បានកើតឡើង ខណៈមនុស្សជាងជិត ៣,០០០ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង បន្ទាប់ពីកុបកម្មរីករាលដាល ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Vincent Jeanbrun បានសរសេរនៅលើ Twitter ថា ក្រុមបាតុករ បានបើកឡានចូលទៅក្នុងផ្ទះរបស់គាត់ ហើយដុតបំផ្លាញសម្ភារៈមួយចំនួន អំឡុងពេលដែលគ្រួសាររបស់គាត់កំពុងគេងលក់ ខណៈក្រោយ​ការ​វាយ​ប្រហារនេះដែរ លោក​បាន​ប្តេជ្ញា​ថា​ ​នឹង​មិនរា​ថយ​ឡើយ ហើយ​តាំងចិត្ត​ការពារសាធារណជនឲ្យអស់ពីកម្លាំងកាយចិត្ត ​។

លោក Vincent Jeanbrun (រូបថត៖ Reuters)

ស្របពេលជាមួយគ្នានោះ រដ្ឋអាជ្ញាប្រចាំតំបន់ ក៏បានបើកការស៊ើបអង្កេតលើករណីប៉ុនប៉ងមនុស្សឃាតនេះផងដែរ ខណៈការស៊ើបអង្កេតបឋមបង្ហាញថា រថយន្តនេះមានបំណងបំផ្ទុះផ្ទះនោះចោលតែម្តង ។

គួរបញ្ជាក់ថា កុបកម្មបានឈានដល់យប់ទី ៥ ហើយ ចាប់តាំងពីយុវជន Nahel Merzouk អាយុ១៧ឆ្នាំ ត្រូវប៉ូលិសបាញ់សម្លាប់ ដោយសារតែការចោទប្រកាន់មិនគោរពច្បាប់ចរាចរណ៍។

ផ្ទះរបស់លោក Vincent Jeanbrun (រូបថត៖ AFP)

ការស្លាប់របស់ Merzouk បានបង្កឲ្យមានកំហឹងទូទាំងប្រទេស ហើយពិធីបុណ្យសពរបស់យុវជនរូបនេះ ធ្វើឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ពិធីតាមបែបសាសនា​មូស្លីម​នៅទីក្រុង Nanterre។

ទោះបីជាយ៉ាងណាក៏ដោយ ភាពវឹកវរដែលរីករាលដាលយ៉ាងឆាប់រហ័ស កំពុងបង្កជាបញ្ហាប្រឈមថ្មីដល់ការដឹកនាំរបស់លោកប្រធានាធិបតី Emmanuel Macron និងបង្ហាញការមិនសប្បាយចិត្តនៅក្នុងសង្កាត់ដែលមានប្រាក់ចំណូលទាប ជុំវិញការរើសអើង និងកង្វះឱកាសការងារ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បារាំង ដាក់ពន្ធនាគារកុបករ ខណៈប៉ូលិស ចាប់ខ្លួនមនុស្សជិត ៣០០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម