ព័ត៌មានជាតិ
លោក ចាប តូ ជនមានពិការភាពភ្នែក ក្លាយជាអនុរដ្ឋលេខាធិការ មានប្រវត្តិតស៊ូមិនធម្មតា
លោក ចាប តូ ដែលមានពិការភាពភ្នែកទាំងសងខាងពីកំណើត ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ទើបតែទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីពេលថ្មីៗនេះ។ ការទទួលបានតំណែងនេះ គឺរូបលោកទទួលបានការកោតសរសើរយ៉ាងខ្លាំងពីការខិតខំតស៊ូនៅក្នុងជីវិត។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-116-882x1024.png)
បុរសដែលមានពិការភាពភ្នែក លោក ចាប តូ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជាអនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។ រូបលោកជាបុរសទី១ ដែលមានពិការភាពភ្នែក ទទួលបានការតែងតាំង មានតំណែងខ្ពស់នៅក្នុងរដ្ឋាភិបាល និងទទួលបានការទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការតែងតាំងនេះ គឺជារឿងគួរឱ្យសាទរមួយសម្រាប់រូបលោក ព្រោះលោកជាជនមានពិការភាពភ្នែក ប៉ុន្តែ មានការតស៊ូ និងសមត្ថភាពខ្ពស់ដូចមនុស្សមានកាយសម្បទាដូចមនុស្សធម្មតាដែរ។
ជាមួយនឹងការទទួលបានតួនាទីនេះ លោក ចាប តូ បានឱ្យ កម្ពុជាថ្មី ដឹងថា រូបលោក ព្រមទាំង ជនមានពិការភាពភ្នែកផ្សេងទៀត ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ មានការទុកចិត្ត និងទូលទៅព្រះមហាក្សត្រតែងតាំងតំណែងនេះដល់រូបលោក។ លោក ចាប តូ សង្កត់ធ្ងន់ថា សម្តេចតេជោ តែងតែគិតគូរពីជីវភាព សុខទុក្ខរបស់ជនមានពិការភាពទាំងអស់នៅកម្ពុជា។ ចំពោះកិច្ចការដែលលោកត្រូវទទួលខុសត្រូវនៅក្នុងក្រសួង គឺមិនទាន់ច្បាស់នៅឡើយទេ ដោយថា ឆាប់ៗនេះ លោកនឹងដឹងថា តើលោកត្រូវមានកិច្ចការអ្វីខ្លះនៅក្នុងក្រសួងសង្គមកិច្ច។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-117-1024x731.png)
ចំណែក លោកស្រី ញ៉ែម មរកត ដែលទើបតែបានការតែងតាំងជា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអ្នកណែនាំដល់លោក ចាប តូ រយៈពេលជាង១០ឆ្នាំ បានឱ្យដឹងថា ទោះបីជាលោក ចាប តូ មើលមិនឃើញអ្វីពិតមែន ប៉ុន្តែ លោកជាមនុស្សដែលមានចិត្តអំណត់តស៊ូ ខិតខំប្រឹងប្រែង មិនខ្ជិលច្រអូសឡើយ។ លោកមានសមត្ថភាពចងចាំបានល្អ និងមានចំណេះដឹងខ្ពស់ក្នុងការងាររដ្ឋបាល គ្រប់គ្រង និងទំនាក់ទំនងសាធារណៈ។ល។
លោកស្រីលើកឡើងថា៖ “រយៈពេលជាង១០ឆ្នាំ ខ្ញុំសង្កេតឃើញកូនប្រុសរបស់ខ្ញុំ ចាប តូ មានភាពអំណត់តស៊ូ ក្រាញននៀលចង់ជន្នះគ្រប់ឧបសគ្គក្នុងជីវិតដែលស្ថិតក្នុងពិភពងងឹតដ៏លំបាក ដើម្បីស្វែងរកពន្លឺនៅពេលដែលខ្លួនមើលមិនឃើញ បំពេញបំណងប្រាថ្ នានិងក្តីស្រមៃរបស់ខ្លួន”។
ក្នុងនាមលោក ចាប តូ ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការជាមួយលោកស្រី ញ៉ែម មរកត សព្វថ្ងៃ គឺកំពុងមើលការខុសត្រូវ និងគ្រប់គ្រងជនមានពិការភាពភ្នែកជាង ៧០០នាក់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមនានា និងជាផ្នែកដ៏សំខាន់ក្នុងការលើកស្ទួយដល់ជនមានពិការភាពកម្ពុជា។
ជាក់ស្តែង ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជនមានពិការភាពភ្នែកមួយក្រុមដែលនៅសមាគមតន្ត្រីសំនៀងជនពិការ បានចូលរួមប្រកួត និងទទួលបាន មេដាយប្រាក់ ៣គ្រឿង មេដាយសំរិទ្ធ ៧គ្រឿង ជូនជាតិថែមទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-118-1024x768.png)
សូមជម្រាបថា លោក ចាប តូ ជាជនមានពិការភាពតាំងពីកំណើត បានមករស់នៅភ្នំពេញតាំងពីឆ្នាំ២០០៤មកម្ល៉េះ។ លោកបានខិតខំតស៊ូដោយខ្លួនឯង រហូតលោកអាចទទួលបានជោគជ័យ មានតួនាទីខ្ពស់នៅក្នុងជួររាជរដ្ឋាភិបាលគួរជាទីមោទនៈ។ មែនទែនទៅ លោក ចាប តូ មិនត្រឹមតែជាប្រធានសមាគមប៉ុណ្ណោះទេ លោកក៏ជាអ្នកបង្កើតសមាគមតន្ត្រីសំនៀងជនពិការតាំងពីឆ្នាំ២០១២ផងដែរ។ លោកបង្កើតសមាគមនេះឡើង ព្រោះចង់ឃើញជនមានពិការភាពមានចំណេះជំនាញផ្ទាល់ខ្លួន អាចប្រកបរបរដោយខ្លួនឯង ជាជាងការដើរសុំទាននៅតាមផ្លូវ។ មុនក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ចាប តូ ក៏ធ្លាប់ជាជំនួយការអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីថែមទៀតផង៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់