ព័ត៌មានជាតិ
អ្នកធ្វើការក្រៅប្រព័ន្ធនៅស្រុកស្រែអំបិលទទួលបានការណែនាំពីរបបថែទាំសុខភាព
និយោជិក និងបុគ្គលិកបម្រើការងារផ្នែកភោជនីយដ្ឋាន និងសេវាកម្សាន្តសប្បាយ នៅស្រុកស្រែអំបិល ខេត្តកោះកុង បានទទួលការពន្យល់ណែនាំអំពីអត្តប្រយោជន៍នៃរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-333-edited.png)
រដ្ឋបាលខេត្តកោះកុង សហការជាមួយមន្ទីរ អង្គភាពជំនាញ បានចុះពិនិត្យផ្សព្វផ្សាយផ្តល់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងស្រុកស្រែអំបិលទៅកាន់អ្នកបម្រើការជាង៥០នាក់។
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានថ្លែងនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ថា សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានគិតគូរយ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់បងប្អូនដែលកំពុងធ្វើការងារផ្នែកទេសចរណ៍តាមភោជនីយដ្ឋាន អាហារដ្ឋាន រង្គសាល ឌីស្កូតេក ខារ៉ាអូខេ បៀរហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋាន។ លោកអភិបាលរងខេត្តកោះកុង បន្ថែមទៀតថា ក្នុងបរិការណ៍នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ រាជរដ្ឋាភិបាលតែងតែគិតគូរយ៉ាងមធ្យតអំពីសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោបាយមិនបោះបង់ពលរដ្ឋ ណាម្នាក់ឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-334-edited.png)
ជាមួយនឹងការគិតគូរនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកិច្ចអន្តរាគមន៍គាំពារសង្គមនានា ក្នុងគោលបំណងធានាឱ្យបាននូវសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប។
លោក អន សុធារិទ្ធ សង្ឃឹមជឿជាក់ថា និយោជិក និងបុគ្គលិកផ្នែកសេវាកម្សាន្តទាំងអស់នឹងយល់ច្បាស់ពីគោលបំណងរបស់រដ្ឋាភិបាលចំពោះពួកគេដែលកំពុងមានសេដ្ឋកិច្ចក្សត់ខ្សោយតម្រូវឱ្យមានការយកចិត្តទុកដាក់ក្នុងសង្គម។ ដូច្នេះ គ្រប់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាកម្សាន្តពាក់ព័ន្ធចូលរួមសហការផ្តល់តួលេខនិយោជិក និងបុគ្គលិកឱ្យបានត្រឹមត្រូវ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព។
លើសពីនេះ លោកអភិបាលរងខេត្ត ក៏ជំរុញឱ្យនិយោជិក បុគ្គលិកផ្នែកសេវាទេសចរណ៍ខាងលើអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខកុំបីខាន ហើយចៀសវាងជឿតាមការញុះញង់ដេកផ្ទះឈ្នះឯង ឬបំផ្លាញសន្លឹកឆ្នោតតាមរូបភាពនានា។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-335-1024x768.png)
តំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋានសុភមង្គល និងអ្នកគ្រប់គ្រងសេវាកម្សាន្ត លី ឡា ដែលមានមូលដ្ឋាននៅស្រុកស្រែអំបិលបានអរគុណចំពោះរាជរដ្ឋាភិបាលដែលគិតគូរពីទុក្ខលំបាករបស់ពួកគាត់តាមរយៈផ្តល់របបថែទាំសុខភាព និងមានសិទ្ធិទទួលបានប្រាក់សោធននិវត្តពេលចាស់ទៅ។ លោក អះអាងថា យន្តការផ្តល់ដោយរាជរដ្ឋាភិបាលនៅពេលនេះនឹង ជួយកាត់បន្ថយការចំណាយថវិកា ព្រមទាំងអាចលើកកម្រិតជីវភាពរស់នៅបានមួយកម្រិតបន្ថែម ក្រោយវិបត្តិជំងឺកូវីដ១៩ ។
លោក អ៊ុង គង្គា ប្រធាន ប.ប.ស ខេត្តកោះកុង បានបញ្ជាក់ពីលក្ខខណ្ឌងាយៗជាច្រើនមុននឹងទទួលបានអត្តប្រយោជន៍ពីរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល និងប្រាក់សោធនិវត្តន៍។ លោកនឹងដាក់ពង្រាយក្រុមការងាចុះធ្វើបណ្ណជូនទីតាំងកន្លែងធ្វើការតែម្តង ដើម្បីកាន់តែផ្តល់ភាពងាយស្រួលឥតគិតថ្លៃ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/image-336-1024x768.png)
កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ រាជរដ្ឋាភិបាលបានអំពាវនាវទៅនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ក្នុងវិស័យសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុកឬខណ្ឌផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ។
បើតាមលោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនិយ័តករសន្តិសុខសង្គម ក្នុងសន្និសិទីកាសែតមួយកន្លងទៅ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា២៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់របបថែទាំសុខភាពបុគ្គលិកបម្រើការផ្នែកសេវាកម្សាន្ដនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ថែមលើរបបដែលមានស្រាប់ចំនួន ២ ដែលទី១ គឺរបប ប.ស.ស និងទី២ របបមូលនិធិសម្រាប់ប្រជាពលរដ្ឋក្រីក្រ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៧ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តើឧកញ៉ាមានសិទ្ធិកាន់កាប់ និងប្រើប្រាស់កាំភ្លើង ដែរឬទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព
-
កីឡា១ សប្តាហ៍ ago
លោក សួង បញ្ញា ប្រកាសឈប់ពីការបង្ហាត់គុនខ្មែរ និងការងារនៅទទក