Connect with us

ព័ត៌មានជាតិ

៧ឆ្នាំនេះ កម្ពុជា បានបាត់បង់មរតកមនុស្ស​រស់​៩រូប ដែលសុទ្ធតែបានសាងស្នាដៃជាច្រើនដល់ជាតិ

បានផុស

នៅ

កើតចាស់ ឈឺស្លាប់ ជាដំណើរនៃធម្មជាតិដែលមនុស្សគ្រប់រូបមិនអាចគេចផុតបានឡើយ។ ប៉ុន្តែ​ ការបាត់បង់ធនធានមនុស្សដែលមានសក្តានុពល និងដ៏មានសមត្ថភាព គឺជារឿងគួរឲ្យសោកស្តាយណាស់ តែជៀសមិនរួច។ សម្រាប់កម្ពុជា គឺនៅក្នុងរយៈពេល៧ឆ្នាំចុងក្រោយមកនេះ កម្ពុជា បានបាត់បង់មរតកមនុស្សរស់សំខាន់ៗចំនួន៩រូប ដែលពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ ព្រមទាំង ការលះបង់ស្ទើរតែពេញមួយជីវិតជាមួយនឹងសិល្បៈ។

មរតកមនុស្សរស់ដែលបាត់កាយរលាយខ័ន្ធចាកចោលកម្ពុជាទាំងនេះ គឺរួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ ព្រឹទ្ធាចារ្យទេពបញ្ញាកោសល្យវិជ្ជា ឆេង ផុន៖ លោក គឺជាអតីតរដ្ឋមន្រ្តីវប្បធម៌ និងព័ត៌មាន ក្នុងទសវត្សរ៍ ៨០ ហើយក្រោយមក លោកត្រូវបានជ្រើសរើសឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ អំឡុងឆ្នាំ១៩៩៧-២០០៣ លោកព្រឹទ្ធាចារ្យលោក គឺជាប្រធាន គ.ជ.ប។ លោក គឺជាអ្នកស្រាវជ្រាវសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាអ្នកធ្វើឱ្យសិល្បៈវប្បធម៌ជាតិរស់ឡើងវិញ ក្រោយសង្គ្រាមប្រល័យពូជសាសន៍ដែរ។ ក្នុងខែតុលាឆ្នាំ២០១២ ព្រះមហាក្សត្រទ្រង់ប្រទានគោរមងារដល់លោក ឆេង ផុន  ជាទេពបញ្ញាកោសល្យវិជ្ជា។ លោកព្រឹទ្ធាចារ្យ ត្រូវជាឳពុកក្មេកអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបច្ចុប្បន្ន។ លោកព្រឹទ្ធាចារ្យ បានចែកឋានកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៦ឆ្នាំ។

២/ ព្រឹទ្ធាចារ្យកោសល្យតន្ត្រីវិជ្ជាធរ សុខ ឌុច៖ លោកព្រឹទ្ធាចារ្យ មានស្រុកកំណើតនៅខេត្តតាកែវ។ លោកព្រឹទ្ធាចារ្យ សុខ ឌុច ជាវីរៈសិល្បករខ្មែរ ផ្នែកភ្លេងការ និងភ្លេងអារក្ស ។ មុនទទួលមរណភាព នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩១ឆ្នាំ លោកបានបង្ហាត់បង្រៀន ជំនាញភ្លេងបុរាណដល់សិស្ស៣ក្រុម សរុប៣៦រូប ព្រមទាំង បានបណ្ដុះបណ្ដាលសិស្សជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។ លោកព្រឹទ្ធាចារ្យ ក៏បានផលិតឧបករណ៍គ្រឿងភ្លេងបុរាណលក់ក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ លោកព្រឹទ្ធាចារ្យបានទទួលបណ្ណសរសើរនៅឆ្នាំ១៩៧៩ បានទទួលសញ្ញាប័ត្រកិត្តិយសវីរៈសិល្បករ តាំងពីឆ្នាំ១៩៩៦ ផ្ដល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយទទួលបានវិញ្ញាបនប័ត្រ ព្រឹទ្ធាចារ្យវប្បធម៌ និងសិល្បៈខ្មែរនៅឆ្នាំ២០០១ ព្រមទាំង គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ នៅឆ្នាំ២០០៩។

៣/ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត៖ ចាប់កំណើតក្នុងខេត្តតាកែវ លោកព្រឹទ្ធាចារ្យមានជំនាញដ៏ឆ្នើមផ្នែកល្ខោន               បាសាក់ ជាគ្រូបង្ហាត់បង្រៀនសិល្បៈល្ខោនបាសាក់ និងនិពន្ធរឿងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី។ នៅឆ្នាំ១៩៩៩-២០០០ លោកព្រឹទ្ធាចារ្យ ទទួលបានសញ្ញាប័ត្រកិត្តិយសជាវីរៈសិល្បករ ឯកទេសល្ខោនបាសាក់ និងគ្រឿងឥស្សរិយយសសិល្បករដែលមានស្នាដៃឆ្នើមក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ថ្នាក់មេដាយមាស។ នៅឆ្នាំ២០១២ លោកក៏ទទួលគោរមងារ នាដភក្ដីនិម្មិត។ លោកព្រឹទ្ធាចារ្យ បានទទួលមរណភាព នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៣ឆ្នាំ។

៤/ព្រឹទ្ធាចារ្យវិសេសនាដកាវិជ្ជា រស់ គង់៖ មុនទទួលមរណភាពកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ គឺចាប់តាំងពីអាយុ១៨ឆ្នាំ ព្រឹទ្ធាចារ្យដែលមានស្រុកកំណើតនៅខេត្តកណ្ដាលរូបនេះ បានសម្ដែងរបាំបុរាណ និងបង្រៀនសិស្សរហូតដល់ថ្ងៃចូលនិវត្តន៍ និងជានាដការបាំ ឯកទេសរបាំព្រះរាជទ្រព្យ តួនាយរោង។ ព្រឹទ្ធាចារ្យ បានទទួលបណ្ណសរសើរនៅឆ្នាំ១៩៧៩ ក្លាយជាវីរៈសិល្បការិនី តាំងពីឆ្នាំ១៩៩៥ ផ្ដល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្លាយជាព្រឹទ្ធាចារ្យវប្បធម៌ និងសិល្បៈ តាំងពីឆ្នាំ២០០១ ផ្ដល់ដោយរាជបណ្ឌិត្យសភាកម្ពុជា។  នៅឆ្នាំ២០១២ ជាមួយនឹងព្រឹទ្ធាចារ្យដទៃទៀត ព្រឹទ្ធាចារ្យ រស់ គង់ ទទួលបានគោរមងារ វិសេសនាដកាវិជ្ជា។

៥/ព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន៖ ព្រឹទ្ធាចារ្យចាប៉ីដងវែងរូបនេះ មានភូមិឋានកំណើតនៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ មានពិការភាពចក្ខុក៏ពិតមែន តែមិនមែនជារនាំងបាំងបិទដល់រូបលោកឡើយ  ពោល គឺលោកព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន មានទេពកោសល្យខ្ពស់ ក្នុងការដេញចាប៉ី និងច្រៀងជាមួយនឹងការលើកដាក់សំឡេងខ្ពស់ អាចទាក់ទាញដួងចិត្តអ្នកស្ដាប់មិនឱ្យដកចិត្តរួចពីសំឡេងដ៏ក្រអួនក្រអៅរបស់លោក។ បើទោះជាបាត់បង់រូបកាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធក្នុងជន្មាយុ៨២ឆ្នាំ តែសំឡេងរបស់លោកតែងតែដក់ជាប់ក្នុងចិត្តអ្នកស្ដាប់ចាប៉ីជានិច្ច។

៦/សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារជាទេពនាដវដ្ដីឯក៖ សម្ដេចរាជបុត្រី បុប្ផាទេវី ជាព្រះរាជបុត្រីនៃព្រះបរមរតនកោដ្ឋ ហើយព្រះនាង ជានាដការីឯកនៃប្រទេសកម្ពុជា ដែលទ្រង់សព្វព្រះទ័យរបាំបុរាណតាំងពីព្រះជន្ម ៥ព្រះវស្សា។ ទ្រង់ បានសោយទិវង្គតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ ព្រះវស្សា។ ព្រះនាង មានស្នាព្រះហស្តធំៗដូចជា ទ្រង់បានធ្វើឱ្យរស់ឡើងវិញនូវរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ក្រោយសម័យសម័យខ្មែរក្រហម។ ព្រះនាង តែងបានដឹកនាំក្រុមរបាំបុរាណដង្ហែអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទៅសម្ដែងជូនថ្នាក់ដឹកនាំប្រទេសនានា ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។សម្ដេចរាជបុត្រី មានព្រះទេពកោសល្យខ្ពស់ក្នុងការថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងច្នៃបង្កើតថ្មីនូវទម្រង់សិល្បៈបុរាណខ្មែរ។ ស្នាព្រះហស្តច្នៃបង្កើតថ្មីរបស់ព្រះនាង រួមមាន រឿង នាងវឌ្ឍនាទេវី រឿង ព្រះសុធន នាងកែវមនោរា ជាដើម។ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី សុគតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម ៧៧ព្រះវស្សា។

៧/ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន៖ ព្រឹទ្ធាចារ្យ បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធក្នុងជន្មាយុ៨៣ឆ្នាំ។ លោកព្រឹទ្ធាចារ្យកើតនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ១៩៤៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជំនាញដែលលោកស្ទាត់ជាងគេ គឺជំនាញល្ខោននាដកម្ម ដែលលោកស្ទាត់ខាងផលិត និងសម្ដែង។ លោកបានដើរតួរជាតួ តាជូជក ក្នុងរឿង ព្រះវេស្សន្តរជាតក និងដើរតួត្លុកក្នុងរឿងទុំទាវ រួមទាំង ក្នុងទម្រង់សិល្បៈល្ខោនយីកេរ។ លោកបានផ្ទេរចំណេះខាងទ្រឹស្ដី ខាងការផលិត និងការសម្ដែង ផ្នែកនាដសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាមធ្យមវិចិត្រសិល្បៈ កាលពីឆ្នាំ១៩៨០។ មរតកមនុស្សរស់ ព្រីង សាឃន បានទទួលគ្រឿងឥស្សរិយយសធំៗចំនួន៣ និងក្លាយជាវីរៈសិល្បករនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០០។

៨/ព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ៖ ព្រឹទ្ធាចារ្យ បានទទួលមរណភាពកាលពីម៉ោងជាង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ។ ចាប់កំណើតនៅក្នុងឆ្នាំ១៩៣០ ក្នុងក្រុមគ្រួសារដែលបម្រើការនៅក្នុងព្រះបរមរាជវាំង ទេវនាដនិម្មិត ឯម ធាយ រស់នៅក្នុងព្រះបរមរាជវាំងតាំងតែពីថ្ងៃកើតរហូតដល់ខែមេសា ឆ្នាំ១៩៧៥  ពោល គឺនៅពេលដែលរបបប្រល័យពូជសាសន៍ខ្មែរក្រហមចាប់ផ្ដើមគ្រប់គ្រងទីក្រុងភ្នំពេញ ទើបលោកយាយត្រូវរត់ទៅជ្រកកោននៅក្នុងខេត្តកណ្ដាល មុននឹងបន្តទៅរស់នៅខេត្តបាត់ដំបង។ ស្រឡាញ់ចូលចិត្ត និងចាប់យករបាំព្រះរាជទ្រព្យជាអាជីពតាំងពីមានអាយុតិចជាង១០ឆ្នាំមកម៉្លេះ ព្រឹទ្ធាចារ្យ ជានាដការីរបាំ ជាគ្រូបង្ហាត់របាំព្រះរាជទ្រព្យ។ ក្រោយរបបអាវខ្មៅខ្មែរក្រហមដួលរលំ ព្រឹទ្ធាចារ្យ ព្រមទាំងសិល្បករ៧រូបទៀត បានជួយឱ្យរបាំព្រះរាជទ្រព្យដែលបានស្លាប់ក្នុងរបបខ្មែរក្រហម រស់រានមានជីវិតឡើងវិញ។ ក្រោយប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ បានបង្រៀនរបាំនេះ ទៅក្មេងៗជំនាន់ក្រោយ បង្រៀននៅមហោស្រពសិល្បៈជាតិ នៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ នៅតាមអង្គការកុមាកំព្រា និងនៅផ្ទះផង។ ព្រឹទ្ធាចារ្យ ឯម ធាយ អាចរាំរបាំតួនាង តួនាយរោង ក្បាច់ប្លែង និងតួស្វា តួយក្ស ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿងរហូតដល់ថ្ងៃអវសាន្តនៃជីវិតរបស់ទេវនាដនិម្មិត។ ការបាត់បង់ទេវនាដនិមិត្ត ជាការបាត់បង់មាតាប្រកបដោយព្រហ្មវិហារធម៌ ជាការបាត់បង់ធនធានមរតកមនុស្សរស់មួយរូប ដ៏មានទេពកោសល្យ និងដែលបានលះបង់ជាទីបំផុតក្នុងរបាំព្រះរាជទ្រព្យ។

៩/ អ្នកស្រី មិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖ លោកស្រី បានធ្វើអនិច្ចកម្មនាវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃអង្គារទី៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរោគាពាធ។ កើតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ ១៩៤៩ ក្នុងឃុំកំពង់ធំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រី មិញ កុសនី មានកម្រិតវប្បធម៌សញ្ញាបត្រមធ្យមសិក្សាភាគ១ វិញ្ញាបនបត្រនៃមហាវិទ្យាល័យគរុកោសល្យរាជធានីភ្នំពេញ និងវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាគ្រូបង្ហាត់សិល្បៈ នៅការិយាល័យរបាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំង នាឆ្នាំ១៩៦៨ ហើយនៅឆ្នាំ១៩៧០ បានក្លាយជានាដការីឯករបាំព្រះរាជទ្រព្យ។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ នាដការីរូបនេះ បានធ្វើជាប្រធានផ្នែករបាំក្បាច់បុរាណ ជាសមាជិករណសិរ្ស និងជាសមាជិកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ នៃក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន។ លុះឆ្នាំ១៩៨០ បានបន្តកាន់តួនាទីជាប្រធានផ្នែករបាំបុរាណនៃក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន និងនៅឆ្នាំ១៩៩០ លោកស្រី ក៏ធ្វើជាសាស្ត្រាចារ្យមហាវិទ្យាល័យនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជាបន្តបន្ទាប់ ក្រោយការបោះឆ្នោតជាតិ អាណត្តិទី២ ឆ្នាំ១៩៩៨ លោកស្រី ម៉ិញ កុសនី ត្រូវបានរដ្ឋាភិបាលតែងតាំងជាជំនួយការរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងតួនាទីជាជំនួយការរដ្ឋមន្ត្រី បានតែរយៈពេល១ឆ្នាំ ពោល គឺនៅឆ្នាំ១៩៩៩ លោកស្រី ត្រូវបានដំឡើងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ដោយផ្អែកគុណសម្បត្តិ ស្នាដៃ និងការលះបង់ជាច្រើនសម្រាប់វិស័យវប្បធម៌ខ្មែរ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៤ ឆ្នាំ២០០៨ ក៏បានតែងតាំងលោកស្រី ម៉ិញ កុសនី ឱ្យកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតដល់ថ្ងៃចុងក្រោយនៃជីវិត៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម