Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោក កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់និងរលកកម្តៅ ក្នុងពេលតែមួយ

បានផុស

នៅ

អាកាសធាតុក្តៅខ្លាំង កំពុងវាយលុកទ្វីបចំនួនបី បង្កជាភ្លើងឆេះព្រៃ និងគំរាមកំហែងដល់ការរស់នៅរបស់ប្រជាជន ដោយនៅប្រទេសជប៉ុន អាជ្ញាធរបានចេញការព្រមាន ដល់មនុស្សរាប់សិបលាននាក់ក្នុងខេត្តចំនួន២០ ខណៈសីតុណ្ហភាពខ្ពស់ជិតឈានដល់កម្រិតកំណត់ត្រា បានវាយប្រហារតំបន់ធំៗជាច្រើន ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍ជាតិ NHK ផ្សាយថា កម្តៅកំពុងគំរាមកំហែងដល់អាយុជីវិត ដោយរាជធានីតូក្យូ និងកន្លែងផ្សេងទៀត បានកត់ត្រាសីតុណ្ហភាពជិត៤០អង្សាសេ។

ទន្ទឹមនោះ សេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា រលកកម្តៅដ៏ខ្លាំង ចាប់ពីរដ្ឋកាលីហ្វ័រញ៉ា ទៅដល់តិចសាស់ បានឡើងដល់ចំណុចកំពូលហើយ ខណៈនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងវិញ ក៏កំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃជាច្រើន ក្នុងនោះមានមួយចំនួននៅតំបន់ Riverside ដែលឆេះលើផ្ទៃដីជាង ៣,០០០ ហិកតា និងជំរុញឲ្យមានការបញ្ជាជម្លៀសជាបន្ទាន់ផងដែរ ។

(រូបថត៖ AP)

ដោយឡែក រដ្ឋាភិបាលកាណាដាបាននិយាយដែរថា ភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទៃដីចំនួន ១០ លានហិកតាក្នុងឆ្នាំនេះ ខណៈការខូចខាតនឹងមានបន្ថែមទៀត បើរដូវក្តៅនៅតែអូសបន្លាយ។

នៅទ្វីបអឺរ៉ុប ជនជាតិអ៊ីតាលីត្រូវបានព្រមានឲ្យត្រៀមខ្លួន សម្រាប់រលកកម្តៅខ្លាំងបំផុត រីឯនៅ ទីក្រុង អាថែន នៃប្រទេសក្រិក វិញ, កន្លែងទេសចរណ៍កំពូល Acropolis ត្រូវបិទដោយសារកម្តៅ ខណៈនៅប្រទេសរូម៉ានី សីតុណ្ហភាពនៅតំបន់ភាគច្រើន​បានឡើងដល់ ៣៩ អង្សាសេ ។

(រូបថត៖ AFP)

ថ្វីបើមានកម្តៅខ្លាំងក៏ដោយ ប៉ុន្តែផ្នែកខ្លះនៃអាស៊ី បែរជាកំពុងរងគ្រោះដោយភ្លៀងធ្លាក់ខ្លាំងទៅវិញ ដោយក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដី នៅទូទាំងប្រទេសជាច្រើន រួមមានឥណ្ឌា ចិន និងជប៉ុន ជាដើម ហើយជាលទ្ធផល មនុស្សរាប់សែននាក់ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ។

ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ប្រកាសអាសន្ន ដោយនៅ​រដ្ឋធានី​សេអ៊ូល មនុស្សជាង៣០នាក់ ត្រូវបាត់បង់ជីវិតដោយសារទឹកជំនន់ ខណៈ​ហ្វីលីពីន ក៏​​ព្រមាន​អំពី​ព្យុះ​ស៊ីក្លូន​ត្រូពិកដូចគ្នា។

(រូបថត៖ AP)

នៅប្រទេសជប៉ុន ទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាលើកោះ Kyushu បានសម្លាប់មនុស្សយ៉ាងតិច៨នាក់ រួមទាំងអ្នកនយោបាយក្នុងស្រុកម្នាក់ផងដែរ ខណៈអ្នកផ្សេងទៀតបាត់ខ្លួន។

ដោយឡែក ប្រទេស​ចិន និង​ឥណ្ឌា​ បាន​ជួបប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​សប្តាហ៍​រួច​មក​ហើយដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ធំធេង ​នៅ​តំបន់​ផ្សេងៗ​គ្នា។

ចំណែកនៅភាគខាងជើងប្រទេសឥណ្ឌា អាជ្ញាធរនិយាយថា មនុស្សជិត ១០០ នាក់បានស្លាប់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដោយសារការបាក់ដី ជំនន់ទឹកភ្លៀង និងការបាក់អគារ ខណៈភ្លៀងធ្លាក់ខ្លាំងមិនធម្មតា ក៏បានសម្លាប់មនុស្សជាច្រើននាក់ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសចិនផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera, BBC

ចុចអាន៖ ទឹកជំនន់ វាយប្រហារទូទាំងទ្វីបអាស៊ី សម្លាប់មនុស្សរាប់រយនាក់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម