ព័ត៌មានជាតិ
ក្រោយរបបខ្មែរក្រហមដួលរលំ តើអភិបាលក្រុងភ្នំពេញ ត្រូវបានផ្លាស់ប្ដូរចំនួនប៉ុន្មានរូបហើយ?
របបខ្មែរក្រហម បានដួលរលំនៅឆ្នាំ១៩៧៩ ដែលមកដល់ពេលនេះ មានរយៈពេល៤៤ឆ្នាំមកហើយ។ ៤៤ឆ្នាំមកនេះ សមាសភាពអភិបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្ដូរចំនួន១១រូប រួចមកហើយ។ សមាសភាពអភិបាលរាជធានីភ្នំពេញទាំង១១រូបនោះ មានដូចជា៖

១/ លោក ខាង សារិន ជាអភិបាលរាជធានីភ្នំពេញដំបូងបង្អស់ ក្រោយពេលរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ។ លោកកាន់ចូលកាន់តំណែងជាអភិបាលរាជនីភ្នំពេញក្នុងឆ្នាំ១៩៧៩ ហើយកាន់តំណែងបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ពោល គឺនៅឆ្នាំ១៩៨០ ។
២/ លោក ចាន់ វ៉ែន ចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញបន្ទាប់ពីលោក ខាង សារិន នៅឆ្នាំ១៩៨០ រហូតដល់ឆ្នាំ ១៩៨២ ដោយលោកកាន់តំណែងបានត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ លោក ចាន់ វ៉ែន ក៏ជាមនុស្សម្នាក់ចូលរួមចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រំដោះប្រទេសចេញពីរបបប៉ុលពត។ សព្វថ្ងៃ លោក ចាន់ វ៉ែន ស្ថិតក្នុងបច្ឆិមវ័យរស់នៅក្នុងរាជធានីភ្នំពេញ។
៣/ លោក កែវ ចិន្តា ចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញក្នុងឆ្នាំ១៩៨២ ដល់ឆ្នាំ ១៩៨៥ បានត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ។ ឈ្មោះលោក កែវ ចិន្តា ក៏បានបន្សល់តាមរយៈផ្លូវមួយខ្សែដែលលាតសន្ធឹងពីស្ពានជ្រោយចង្វាផ្នែកត្រើយខាងកើតកាត់មុខសាកលវិទ្យាល័យន័រតុន។ លោក ក៏ជាកវីមួយរូបដែលបានបន្សល់ទុកនូវស្នាដៃចំរៀងបទ គឺឱ!ភ្នំពេញអើយ។

លោក ថោង ខុន (Google)
៤/ លោក ថោង ខុន ចូលកាន់តំណែងនៅឆ្នាំ១៩៨៥ ដល់ឆ្នាំ ១៩៩០។ លោក ថោងខុន ត្រូវបានផ្លាស់ប្ដូរតួនាទីទៅជាមន្ត្រីនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ១៩៩៣។ ចាប់ពីឆ្នាំ ១៩៩៣ ដល់ ឆ្នាំ២០០៧ លោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ ជារដ្ឋលេខាធិការចំនួន១៤ឆ្នាំ លោកថោង ខុន ទទួលបានការទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាប់តាំងពីឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន។ តាមរយៈចំណេះដឹង និងបទពិសោធន៍ការងារជាច្រើនឆ្នាំ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកបានជួយឱ្យកម្ពុជាជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមយ៉ាងត្រចេះត្រចង់។
៥/ លោក ហុក ឡង់ឌី ចូលកាន់តំណែងបន្តពីលោក ថោង ខុន នៅឆ្នាំ១៩៩០ ដល់ ឆ្នាំ១៩៩២។ នៅខែមករា ឆ្នាំ១៩៩៤ លោក ហុក ឡងឌី ត្រូវបានតែងតាំងជាអភិបាលខេត្តស្វាយរៀង។ នៅខែកញ្ញា ឆ្នាំ១៩៩៤ លោកបានទទួលភារកិច្ចជាអគ្គស្នងការនគរបាលជាតិ។

លោក ហុក ឡង់ឌី (Google)
៦/ លោក ស៊ីម កា ជាអភិបាលរាជធានីភ្នំពេញរយៈមួយឆ្នាំប៉ុណ្ណោះ គឺចាប់ពីឆ្នាំ១៩៩២ ដល់ ឆ្នាំ១៩៩៣។ សព្វថ្ងៃលោក ស៊ីម កា ជាប្រធានព្រឹទ្ធសភាស្ដីទីនៅពេលអវត្តមានប្រធាន។
៧/ លោក ឈឹម សៀកឡេង។ ក្នុងឆ្នាំ១៩៩៣ ដល់ឆ្នាំ ១៩៩៨ លោក ឈឹម សៀកឡេង ជាអភិបាលរាជធានីភ្នំពេញបន្តពីលោក ស៊ីម កា។ ក្នុងតំណែងជាអភិបាលរាជធានីភ្នំពេញ លោកឈឹម សៀកឡេង បានចេញសារាចរណែនាំឲ្យស្ត្រីជិះម៉ូតូចំហៀង មិនឲ្យជិះម៉ូតូអង្គុយពីក្រោយដូចបុរសឡើយ។ លោក ឈឹម សៀកឡេង គឺជាឳពុកក្មេករបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

លោក ជា សុផារ៉ា (Google)
៨/ លោក ជា សុផារ៉ា បានចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីលោក ឈឹម សៀកឡេង មានបញ្ហាសុខភាព។ ក្នុងនាមជាអភិបាលរាជធានីភ្នំពេញ លោកបានសាងភាពលេចធ្លោរតាមរយៈស្នាដៃអភិវឌ្ឍទីក្រុង និងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ ដោយសារ ចំណេះដឹង សមត្ថភាព បទពិសោធន៍ការងារ លោកត្រូវបានតែងតាំងទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នៅឆ្នាំ២០១៨ ត្រូវបានតែងតាំងបន្ថែមជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី។

លោក កែប ជុតិម៉ា (Google)
៩/ លោក កែប ជុតិម៉ា ជាអភិបាលរាជធានីភ្នំពេញដែលកាន់តំណែងបានចំនួន២អាណត្តិយូរជាងគេ ពោល គឺចាប់តាំងពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០១៣។ ក្នុងអាណត្តិលោក កែប ជុតិម៉ា គឺសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមរីកចម្រើន ដោយវិនិយោគិន ចាប់ផ្ដើមចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ ចំណែក វិស័យអចលនទ្រព្យ ដីធ្លីវិញ មានការឡើងថ្លៃយ៉ាងខ្លាំង។ សព្វថ្ងៃ លោក កែប ជុតិម៉ា ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ។

លោក កែប ជុតិម៉ា (Google)
១០/ លោក ប៉ា សុជាតិវង្ស ជាអភិបាលរាជធានីភ្នំពេញកាន់តំណែងរយៈពេល៤ ឆ្នាំចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ សព្វថ្ងៃ លោកជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស បន្ទាប់ពីព្រះមហាក្សត្រតែងតាំងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

លោក ឃួង ស្រេង (Google)
១១/ លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញចាប់ពីឆ្នាំ២០១៧ មកដល់ពេលបច្ចុប្បន្ន។ លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញដែលកាន់តំណែងបានយូរជាងគេចំនួន៦ឆ្នាំ។ ក្នុងភាពជាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជួបប្រទះបរិបទដ៏លំបាកជាងគេ គឺកំឡុងវីរុសកូវីដ១៩ រីករាលដាលខ្លាំង។
ជុំវិញតំណែងជាអភិបាលរាជធានីភ្នំពេញរបស់លោក ឃួង ស្រេងនេះ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍លើកឡើងជាចំហរថា បើកុំតែសម្ដេចរឹងនោះទេ កុំអីលោក ឃួង ស្រេង មិនបានបន្តតំណែងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់អាណត្តិទី២ ឡើយ។ សម្ដេចមានប្រសាសន៍ជាចំហរបែបនេះ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) កាលព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងពិធីដដែលនេះ សម្ដេចតេជោ បានណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវខិតខំធ្វើការមិនត្រូវខិតខំជេរ ឬចាក់រុកអ្នកដទៃជាដាច់ខាត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ