Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ កម្ពុជា អាចប្រឈមគ្រោះរាំងស្ងួតក្នុងក្របខណ្ឌទូទាំងប្រទេស ដោយសារបាតុភូត អ៊ែលនីណូ

បានផុស

នៅ

សម្រាប់​ឆ្នាំ ២០២៣ នេះ កម្ពុជា អាច​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ក្នុង​ក្របខណ្ឌ​នៅ​ទូទាំង​ប្រទេស ដោយសារ​បរិមាណ​ទឹក​ភ្លៀង​ក្រោម​មធ្យមភាគ​ប្រចាំ​ឆ្នាំ​ដែល​បណ្ដាល​មកពី​បាតុភូត​អ៊ែ​ល​នី​ណូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ​គឹម កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ កក្កដា​នេះ​ថា កម្ពុជា ក៏ដូចជា​ប្រទេស​នៅ​តំបន់ និង​ពិភពលោក កំពុង​ប្រឈម​នឹង​ផលវិបាក នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បង្កឡើង​ដោយ​បាតុភូត អ៊ែ​ល​នី​ណូ ក្នុង​កម្រិត​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ហួតហែង។

លោក​បាន​បន្ត​ថា កន្លង​មក​កម្ពុជា​ទទួល​បរិមាណ​ទឹកភ្លៀង​ច្រើន​លើសលប់​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​ឆ្នាំនេះ​តាម​ការ​ព្យាករ​របស់​ក្រសួង​ជំនាញ បរិមាណ​ទឹកភ្លៀង នឹង​ទទួល​បាន​ក្រោម​មធ្យមភាគ​ប្រចាំ​ឆ្នាំ ដោយសារ​ឥទ្ធិពល​បាតុភូត អ៊ែ​ល​នី​ណូ ចាប់ពី​ខែ​កុម្ភៈ រហូតដល់​ខែ​វិច្ឆិកា ដែល​នេះ​ជា​លើក​ទី ២ ហើយ បន្ទាប់ពី​ឆ្នាំ ២០១៦ បង្ក​ឲ្យ​មាន​ការ​ខ្វះខាត​ទឹក​ធ្ងន់ធ្ងរ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។

លោក​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ឆមាស​ទី ១ ឆ្នាំនេះ អាកាសធាតុ​ក្ដៅ​ស្ងួត បាន​គ្របដណ្ដប់​ទូទាំង​ប្រទេស ហើយ​ក្នុង​ខែ​មេសា ឆ្នាំ ២០២៣ សីតុណ្ហភាព បាន​កើន​ឡើង​ពី ៤០ ដល់ ៤១,៤៧ អង្សា​សេ លាយឡំ​ជាមួយ​នឹង​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ហើយ​ថ្មីៗ​នេះ​បរិមាណ​ទឹកភ្លៀង​មាន​ច្រើន​អាច​បង្ក​ទៅ​ជា​ជំនន់​ទឹកភ្លៀង ឬ ទឹកជំនន់​រហ័ស​នៅ​តាម​តំបន់​មួយ​ចំនួន​ផង​ដែរ។ ដូចនេះ​បាតុភូត​អ៊ែ​ល​នី​ណូ នេះ អាច​បង្ក​ឲ្យ​មាន​ទឹកជំនន់​ផង និង​គ្រោះ​រាំងស្ងួត​ផង។

ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​បាតុភូត អ៊ែ​ល​នី​ណូ បែបនេះ លោក សុទ្ធ​គឹម កុល​មុនី បាន​បន្ត​ទៀត​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ធ្វើការ​សម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជំនាញ​ក្នុង​ការ​រៀបចំ​អន្តរាគមន៍​ហេតុការណ៍​គ្រោះ​មហន្តរាយ​នានា​រួមមាន កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ ១៦ កង​ត្រៀម​ប្រចាំការ​នៅ​តាម​ភូមិសាស្ត្រ មធ្យោបាយ​សម្ភារៈ ឧបករណ៍​សង្គ្រោះ​នានា​សម្រាប់​សង្គ្រោះ​ដូចជា ទឹកជំនន់ គ្រោះ​អគ្គិភ័យ គ្រោះ​រាំងស្ងួត និង​ការ​បាក់​រលំ​អគារ​ជាដើម។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ជំនាញ ចុះ​ណែនាំ​ដល់​ប្រជាកសិករ​ឲ្យ​ចេះ​សន្សំសំចៃ​ទឹក​ក្នុង​ពេល​ស្ថានភាព​ទឹកភ្លៀង​នៅ​ឆ្នាំនេះ​មិន​អំណោយ​ផល​ល្អ និង​ត្រៀម​ស្បៀង​បម្រុង​ដូចជា ស្រូវពូជ និង​ស្បៀង សម្រាប់​ការ​ដាំដុះ ស្ដារ​ឡើងវិញ​ដោយសារ​ការ​ខូចខាត​បណ្ដាល​មកពី​គ្រោះ​រាំងស្ងួត ឬ ទឹក​ជំនន់​ជាដើម។

ទន្ទឹម​នេះ​រៀបចំ​ធ្វើ​សម​យុទ្ធ​សាកល្បង​សម្រាប់​ការ​ឆ្លើយតប​ក្នុង​ហេតុការណ៍​បន្ទាន់ គ្រោះអាសន្ន​ផ្សេងៗ ដើម្បី​ពង្រឹង​សមត្ថភាព​កង​ប្រតិបត្តិ​រុករក និង​សង្គ្រោះ​ទាំង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​ជាតិ ក៏​ដូចជា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ការ​រៀបចំ​ផែនការ​ត្រៀម​បម្រុង​ថ្នាក់​ជាតិ និង​ខេត្ត​ផង​ដែរ។

លោក សុទ្ធ​គឹម កុល​មុនី បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ សូម​យកចិត្តទុកដាក់​តាមដាន​ព័ត៌មាន​ស្ដីពី​អាកាសធាតុ និង​មុខសញ្ញា​គ្រោះថ្នាក់​ផ្សេងៗ​ជាប់​ជាប្រចាំ ដើម្បី​ត្រៀម​រៀបចំ​ផែនការ និង​ត្រៀមលក្ខណៈ​ឆ្លើយតប​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា ពិសេស​គ្រោះ​រាំងស្ងួត ឬ គ្រោះ​ទឹក​ជំនន់ និង​ជំនន់​ទឹកភ្លៀង ដែល​អាច​កើតឡើង​ជាយថាហេតុ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម