Connect with us

ព័ត៌មានជាតិ

លោក ង៉ែត ជូ បង្ហើបវិធីសាស្រ្ត៤ ដើម្បីបង្អាក់ចិត្ត ឈប់ចំណាយខុសខ្ទង់

បានផុស

នៅ

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើងថា មនុស្សជាច្រើន មានចិត្តប្រៀបដូចសត្វស្វា ដែលនៅមិនចេះស្ងៀម ពោលគឺបន្តិចនឹកចង់បាននេះ បន្តិចនឹកចង់បាននោះ មិនចេះចប់មិនចេះហើយ។ ជាពិសេស ពេលឃើញមានការលក់សំលៀកបំពាក់បញ្ចុះតម្លៃ ចិត្តក៏នឹកចង់ដើរមើលរកទិញ ពេលទូរសព្ទចេញស៊េរីថ្មី ចិត្តក៏ចង់​បាន។ លោកបានបន្តថា បើចេះតែបណ្តោយតាមចិត្ត នោះការគ្រប់គ្រងចំណាយរបស់អ្នក នឹងប្រៀបដូចទូកលិចធ្លាយ​ដែលអាចងាយរងការលិចលង់ជាក់ជាមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ជូ បានបង្ហាញវិធីសាស្ត្រចំនួន៤ ដើម្បីគ្រប់គ្រងផ្លូវចិត្ត គឺបង្កើតឧបសគ្គក្នុងការចំណាយ ពន្យារពេលទិញ ប្រាប់ថា នឹងមានស៊េរីថ្មីៗទៀត នៅឆ្នាំក្រោយ ឬរំលឹកដល់គោលដៅផ្នែកហិរញ្ញវត្ថុដែលបានកំណត់រួចហើយ។

១. បង្កើតឧបសគ្គក្នុងការចំណាយ៖ សម័យកាលបច្ចេកវិទ្យាពិតជាមានភាពងាយស្រួល ស្ទើរតែរាល់ការ​ចំណាយ​អាចធ្វើប្រតិបត្តិការតាមទូរសព្ទដៃ។ ដោយមានភាពងាយស្រួលបែបនេះ អាចធ្វើឱ្យអ្នកដែលខ្វះ​វិន័យហិរញ្ញវត្ថុ​ចំណាយតាមចិត្តចង់បាន។ ដូច្នេះ អ្នកគួរសាកល្បងបង្កើតឧបសគ្គនៃការចំណាយតាមរយៈការភ្ជាប់អេប​ទៅគណនី​ដែលមានតែចំនួនសាច់ប្រាក់ដែលអ្នកត្រូវការចំណាយចាំបាច់ជាប្រចាំ ឬចាយជាសាច់ប្រាក់សុទ្ធ។ ឧទាហរណ៍ លោក Warren Buffet មានទម្លាប់ដាក់សាច់ប្រាក់តែ ៤០០ដុល្លាក្នុងការបូបលុយរបស់គាត់សម្រាប់​ការចំណាយ​ចាំបាច់​នានា។

២. ពន្យាពេលទិញ៖ នៅពេលចិត្តចង់បានអ្វីមួយដែលមិនចាំបាច់ ឬមិនមានក្នុងខ្ទង់ចំណាយ អ្នកគប្បីសាកល្បង​សួរខ្លួនឯងថា តើខ្ញុំពិតជាត្រូវការរបស់នេះចាំបាច់ឬទេ? សួររួចប្រាប់ខ្លួនឯងថាចាំមកលើកក្រោយ​ចាំទិញក៏មិនហួស​ពេលដែរ។ ម្យ៉ាងត្រូវដាក់ក្នុងខ្ទង់ថវិកាសិនមុននឹងទិញ។ ការធ្វើដូច្នេះ ចិត្តរបស់អ្នកអាចប្រែប្រួល​ហើយត្រឡប់ជាលែង​ចង់បានវិញក៏មានដែរ។

៣. ប្រាប់ចិត្តថានឹងមានស៊េរីថ្មី និងល្អជាងនេះនៅឆ្នាំក្រោយ៖ ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញរថយន្តថ្មីនៅពេលនេះ អ្នកប្រហែលជាគួរសាកល្បងគិតថា បើប្តូររថយន្តថ្មី ដែលប្រើប្រេងឥន្ទនៈនៅពេលនេះតើសមហេតុផលឬទេ បើពិភព​លោក​កំពុងវិវត្តទៅប្រើរថយន្តអេឡិកទ្រិក (រថយន្តអាគុយ) ដូចជាម៉ាកតេស្លា ភីវ៉ាយឌី ផ្សេងៗ។ ការចោទសួរ​បែបនេះ អាចបង្កាក់ចិត្តដែលចង់បានដោយមិនសមហេតុផល។

៤. រំលឹកដល់គោលដៅហិរញ្ញវត្ថុ ដែលអ្នកបានកំណត់រួចហើយ ៖ អ្នកគួរមានគោលដៅផ្នែកហិរញ្ញវត្ថុធំៗ​ជាក់លាក់​ដែលធ្វើអោយអ្នករំភើបរីករាយ និងសំដៅតម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព ដើម្បីឱ្យសម្រេច​គោលដៅទាំងនោះ។ ចំពោះគោលដៅទាំងនោះ ដូចជាអ្នកមានបំណងបញ្ជូនកូនៗទាំងពីរទៅរៀន​នៅបរទេស​ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ហើយអ្នកត្រូវការប្រាក់ ៣០ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ការស្នាក់នៅ និងការសិក្សា​របស់ពួកគេ។ ដូច្នេះ អ្នកត្រូវការប្រាក់ ១លានដុល្លារ ដើម្បីចូលនិវត្តន៍ក្នុងរយៈពេល ៥ឆ្នាំទៀត ជាដើម ហើយការ​នឹកគិតដល់គោលដៅធំៗ ដ៏គួរឱ្យរំភើបបែបនេះ ចិត្តរបស់អ្នកអាចប្តូរវិញភ្លាមក៏មានដែរ។

លោក ង៉ែត ជូ បានសង្កត់ធ្ងន់ថា អ្នកគួរព្យាយាមកាត់បន្ថយចំណាយតាមចិត្តដែលក្រឡេមក្រឡឺម​ចង់បានមិនចេះ​ចប់ដូចសត្វស្វានោះ។ ការព្យាយាមបង្អាក់មិនចេះតែបណ្តោយតាមចិត្តយូរៗទៅ នោះអ្នកនឹងមិនលំបាក​គ្រប់គ្រង​ចិត្តទៀតទេ។ ប្រៀបដូចកូនក្មេងដែលទារចង់បាននេះចង់បាននោះ ហើយបើអ្នកបដិសេធញយៗ នោះក្មេងក៏ឈប់​ទារផ្តេសផ្តាសដែរ។ ប៉ុន្តែបើអ្នកចេះតែបណ្តោយឱ្យតាមចិត្តក្មេង នោះក្មេងនឹងមានទម្លាប់ទារជាប្រចាំ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម