Connect with us

KPT+

សិស្សពូកែធ្លាប់ចង់សម្លាប់ខ្លួនជាង ១០ ដង ក្នុងរយៈពេល ១៦ ឆ្នាំ

បានផុស

នៅ

កញ្ញា ផូ ម៉ារី តែងតែរៀនបានចំណាត់ថ្នាក់លេខ១ រៀងរាល់បំណាច់ឆ្នាំ ចាប់តាំងពីថ្នាក់ទី៧ ដល់ទី១០ រហូតជាប់អាហារូបករណ៍មករៀននៅសាកលវិទ្យាល័យស្វាយ។ បច្ចុប្បន្ន នាងជានិស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ។ ចំពោះការសិក្សានៅសាកលវិទ្យាល័យ នាងទទួលបានលទ្ធផល GPA ពិន្ទុ ៣,៨៥ លើពិន្ទុសរុប ៤,០០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ផូ ម៉ារី បានឱ្យ កម្ពុជាថ្មី ដឹងថា នាងធ្លាប់បាក់ទឹកចិត្ត ដោយនាងធ្លាប់គិតខ្លី ចង់សម្លាប់ខ្លួនមិនក្រោម ១០ ដងទេ ក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ។

កញ្ញា ផូ ម៉ារី បានបញ្ជាក់បន្ថែមថា៖ “ដោយសារតែខ្ញុំស្អប់ខ្ពើមនឹងព្រហ្មលិខិតដែលធ្វើឱ្យខ្ញុំពិការដូចសព្វថ្ងៃនេះ។ នៅពេលដែលគេកំពុងតែដើរលេងសប្បាយ ចំណែកខ្ញុំអង្គុយលើរទេះ។ ខ្ញុំតែងតែញញឹមនៅចំពោះមុខគេ ក៏ប៉ុន្តែខ្ញុំតែងតែលួចយំនៅពេលដែលគេងាកមុខចេញ”។

កញ្ញា ផូ ម៉ារី ជាកូនស្រីទី៦ ក្នុងចំណោមបងប្អូន ៧នាក់ នាងទើបពិបារដើរលែងបាននៅឆ្នាំ២០០៧ ពោលនៅពេលនាងអាយុ ៧ ឆ្នាំមានអាការៈក្ដៅខ្លួន ហើយត្រូវកូនរបស់ពេទ្យក្នុងភូមិមកចាក់ថ្នាំដល់ផ្ទះ ខណៈចាក់ចំសរសៃ ហើយថ្នាំនោះគឺសម្រាប់មនុស្សពេញវ័យ។ គ្រួសារនាងបានលក់អស់ទ្រព្យក្នុងគ្រួសារដើម្បីព្យាបាលនាង និងពុះពារគ្រប់យ៉ាងដើម្បីនាងបន្តការសិក្សាដូចប្រាថ្នា។ និស្សិតស្រីវ័យ ២៣ ឆ្នាំរូបនេះ បានឱ្យដឹងថា បំណងប្រាថ្នាទី១ ដ៏ធំបំផុតសម្រាប់នាងនៅក្នុងជាតិនេះគឺ នាងចង់ដើរដូចគេ ក៏ប៉ុន្តែនាងបានត្រឹមតែដើរក្នុងយល់សប្តិតែប៉ុណ្ណោះ។

កញ្ញា ផូ ម៉ារី បានលើកឡើងថា៖ “ប៉ុន្តែដូចពាក្យគេថា យើងមិនអាចជ្រើសរើសកន្លែងកើតបានទេ តែនៅពេលដែលយើងស្លាប់ទៅដោយរបៀបណា ប្រហែលជាយើងអាចកំណត់បាន។ ដូច្នេះក៏ខ្ញុំបានចាប់ផ្តើមគិតឡើងវិញថា បើខ្ញុំកើតមកបែបនេះទៅហើយ តើខ្ញុំគួរស្លាប់ទៅវិញដោយរបៀបណា? តើខ្ញុំគួរតែស្លាប់ដោយការសោកស្តាយបែបនេះ ឬក៏យ៉ាងណា? ចុះឪពុកម្តាយរបស់ខ្ញុំគាត់នឹងគិតបែបណា?”។

កញ្ញា ផូ ម៉ារី បានឱ្យដឹងបន្ថែមថា បញ្ហាទាំងនេះកើតឡើងដោយសារតែការរើសអើង ការមិនឱ្យតម្លៃមកលើពិការភាពរបស់នាង ប៉ុន្តែក្នុងកំឡុងពេលនោះក៏មានកាតាលីករជាច្រើនបានផុសចេញពីគំនិតនាង ធ្វើឱ្យនាងមានការតស៊ូក្នុងឆាកជីវិត។

កញ្ញា ផូ ម៉ារី បានបញ្ជាក់ថា៖ “ព្រោះខ្ញុំគិតថា ថ្ងៃណាមួយ មនុស្សគ្រប់គ្នានឹងយល់ពីខ្ញុំ ហើយខ្ញុំនឹងមានឱកាសចូលរួមក្នុងការកសាងប្រទេសជាតិខ្ញុំឱ្យរីកចម្រើនដូចជនទូទៅដែរ។ ខ្ញុំនៅមានពុកម៉ែបងប្អូនចាំលើកទឹកចិត្ត ពួកគាត់តែងតែទំនុកបម្រុង និងយល់ពីខ្ញុំគ្រប់យ៉ាង ទោះបីស្ថានភាពគ្រួសារខ្ញុំមិនធូរធារ ប៉ុន្តែពួកគាត់មិនដែលបោះបង់ខ្ញុំចោលនោះទេ”។

កញ្ញា ផូ ម៉ារី បានលើកឡើងថា៖ “អ្វីដែលខ្ញុំចង់សំណូមពរទៅកាន់អ្នកទាំងអស់គ្នា សូមកុំឱ្យមានការរើសអើងទៅលើជនពិការ សូមបំបាត់ការរើសអើងចេញពីផ្នត់គំនិត ចេញពីបេះដូងរបស់អ្នកទាំងអស់គ្នាដោយស្មោះត្រង់ ដោយស្មោះអស់ពីចិត្ត។ សូមកុំឱ្យប្រយោគ “យើងមិនរើសអើងជនពិការ” មួយឃ្លានេះ មានតែនៅលើក្រដាសសរសេរ ឬមានតែនៅលើបបូរមាត់របស់អ្នក ខ្ញុំចង់បានអត្ថន័យ នៃប្រយោគនេះចេញពីបេះដូងរបស់អ្នកទាំងអស់គ្នា”។

គួរបញ្ជាក់ថា កញ្ញា ផូ ម៉ារី បានចូលរួមប្រកួតកម្មវិធីវោហារស័ព្ទយុវជន រៀបចំដោយ សសយក ខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១, ចូលរួមប្រកួតកម្មវិធីវោហារស័ព្ទជាក្រុម ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានជ័យលាភីលេខ១ ជាម្ចាស់មេដាយមាស។ ជាមួយគ្នានេះ នាងធ្លាប់ធ្វើ វាគ្មិន តំណាងសាកលវិទ្យាល័យស្វាយរៀង ក្នុងការបង្ហាញអំពីទស្សនៈយុវជន ក្នុងកម្មវិធី “ចូលរួមជាចរន្តជាតិតែមួយឆ្ពោះទៅបញ្ចប់អេដស៍ នៅឆ្នាំ២០២៥” រៀបចំដោយកាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០២២ និងកម្មវិធីផ្សេងៗទៀត។

នាងជានិស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ ដោយសិក្សាវេនព្រឹក ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៧ និង ០០នាទី ដល់ម៉ោង ១១ និង ៣០នាទីព្រឹក។ ជាមួយគ្នានេះ នាងក៏កំពុងរៀនជំនាញភាសាអង់គ្លេស បរិញ្ញាបត្ររង សិក្សាវេនយប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៥ និង៣០ នាទីរសៀល ដល់ ម៉ោង ៨ និង ៣០នាទីយប់ ព្រមទាំងធ្វើការហាត់ការមួយទៀត ជានិស្សិតហាត់ការនៅ មហាវិទ្យាល័យ​គ្រប់គ្រងពាណិជ្ជកម្ម ធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ១ ដល់ ម៉ោង ៥រសៀល និងសៅរ៍-អាទិត្យ  ធ្វើទាំងព្រឹកល្ងាច។ ពេលរៀនចប់ នាងមានបំណងប្រាថ្នាចង់ធ្វើការជាមន្រ្តីពន្ធដារ៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

សូមចុច Link អានព័ត៌មានពាក់ព័ន្ធ៖
មិននឹកស្មានថា និស្សិតស្រីពិការ និងគ្រួសារតស៊ូដល់ម៉្លឹងដើម្បី ការសិក្សា

យុវនិស្សិតមានកាយសម្បទាពេញលេញប៉ុន្មាននាក់ អាចធ្វើបានដូច កញ្ញា ផូ ម៉ារី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម