ព័ត៌មានជាតិ
ដឹងអ្វីខ្លះពីរាជធានីភ្នំពេញ ភូមិសាស្រ្ត កន្លែងដើរលេង ផ្សារល្បីៗទាក់ទាញអ្នកទេសចរ?
រាជធានីភ្នំពេញនៅតែរក្សាបាននូវអត្តសញ្ញាណនៃទីក្រុងប្រវត្តិសាស្ត្រដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលប្រមូលផ្ដុំលើគ្រប់វិស័យរួមមាន វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងការទូត ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ភូមិសាស្រ្ត
រាជធានីភ្នំពេញបែងចែកចេញជា ១៤ ខណ្ឌ ១០៤ សង្កាត់ និង៩៥៣ ភូមិ។ ខណ្ឌទាំង ១៤ មាន ខណ្ឌបឹងកេងកង ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខណ្ឌប្ញស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌទួលគោក ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល។
ភូមិសាស្ត្រដែនដីត្រូវបានពង្រីកព្រំប្រទល់រដ្ឋបាលពី ៣០០ ទៅ ៦៩២,៤៦ គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ភូមិសាស្ត្រហុំព័ទ្ធដោយខេត្តកណ្ដាល គឺ៖
– ខាងកើតទល់នឹងស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល
– ខាងលិចទល់នឹងស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្នួល
– ខាងជើងទល់នឹងស្រុកពញាឮ និងស្រុកមុខកំពូល
– ខាងត្បូងទល់នឹងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ។
ប្រជាសាស្រ្ត
រាជធានីភ្នំពេញមានប្រជាជនរស់នៅអចិន្ត្រៃយ៍ចំនួន ២,២៨ លាននាក់ និងមានប្រជាជនស្នាក់នៅបម្រើការងារប្រមាណជិត ១លាននាក់ផ្សេងទៀត ក្នុងអត្រាកំណើន ៣,១៥% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.២៩៥ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។
ហេដ្ឋារចនាសម្ព័ន្ធ
-របាយការណ៍របស់មន្ទីរសាធារណការ បណ្តាញផ្លូវគមនាគមន៍ក្នុងរាជធានីភ្នំពេញមានប្រវែងជាង ២៤៦០ គម។ មហាវិថីធំៗមានដូចជា៖ មហាវិថីព្រះមុនីវង្ស មហាវិថីមៅសេទុង មហាវិថីសហព័ន្ធរុស្សី មហាវិថីនរោត្តម មហាវិថីកម្ពុជាក្រោម មហាវិថីមុនីរ៉េត។
– ស្ពានអាកាសមានចំនួន ៩ កន្លែង (១/ស្ពានអាកាសក្បាលថ្នល់ ២/ស្ពានអាកាស៧មករា ឬស្ពានអាកាសពេទ្យលោកសង្ឃ៖ ៣/ស្ពានអាកាសស្ទឹងមានជ័យ ៤/ស្ពានអាកាស៥មករា ឬស្ពានអាកាសតិចណូ ៥/ស្ពានអាកាសមិត្តភាពកម្ពុជាចិនសែនសុខ ឬស្ពានអាកាសផ្សារដីហុយ ៦/ស្ពានអាកាសចោមចៅ ៧/ ស្ពានអាកាសឬស្សីកែវ ៨/ ស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ៩/ស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀង ជ័យ អធិបតីស្រឹង្គារ គង់ សំអុល ស្តុបផ្សាស៊ិនជូរីផ្លាហ្សា)។
-ផ្លូវក្រោមដី ៣ កន្លែង ( ១/ផ្លូវក្រោមដីស្ទឹងមានជ័យ ២/ផ្លូវក្រោមដី ៥ មករា និង៣/ ផ្លូវក្រោមដីចោមចៅ)។
-ផ្លូវអាកាសថ្មើរជើង ៥ កន្លែង (ផ្លូវអាកាសថ្មើរជើងសន្ធរម៉ុក, ផ្លូវអាកាសថ្មើរជើងផ្សារជម្ពូវ័ន្តចំនួន ២ កន្លែង, ផ្លូវអាកាសថ្មើរជើងភ្លើងស្តុបនាងគង្ហីង និងផ្លូវអាកាសថ្មើរជើងផ្សារដើមគរ) ខណៈអាជ្ញាធរក៏គ្រោងសាងសង់ផ្លូវអាកាសថ្មើរជើងចំនួន ២៧ កន្លែងបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការដើរឆ្លងផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។
ស្ថានីយបូមទឹកមាន ១៤ កន្លែងបូមបញ្ចេញក្រៅក្រុង៖
រាជធានីភ្នំពេញមានស្ថានីយបូមទឹកចំនួន ១៤ កន្លែង ក្នុងនោះរួមមាន៖ ស្ថានីយបូមទឹកបឹងត្របែក ស្ថានីយបូមទឹកបឹងទំពុន ស្ថានីយបូមទឹកលូប្រាំ ស្ថានីយបូមទឹកបុរី១០០ខ្នង ស្ថានីយបូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយបូមទឹកស្វាយប៉ាក ស្ថានីយបូមទឹកព្រះពន្លា ស្ថានីយបូមទឹកទួលគោកទី១ ស្ថានីយបូមទឹកទួលគោកទី២ និងស្ថានីយ៤ កន្លែងទៀតនៅមុខរាជវាំងនិងព្រះគន្លង់។
លូប្រឡាយក្នុងទីក្រុងអាចទប់បានទឹកភ្លៀងតែក្រោម ៥០មម/១វិនាទីប៉ុណ្ណោះ ខណៈដែលទឹកភ្លៀងពុំដក់នៅយូរនោះទេ គឺបន្ទាប់ពីភ្លៀងធ្លាក់មួយម៉ោងឬពីរម៉ោងទឹកនឹងហូរបាត់អស់។
វិស័យអប់រំ យុវជន និងកីឡា
នៅក្នុងរាជធានីភ្នំពេញ មានគ្រឹះស្ថានមធ្យមសិក្សាចំនួន ៦៨ កន្លែង ក្នុងនោះវិទ្យាល័យមានចំនួន ៣៩ កន្លែង (វិទ្យាល័យចំនួន ៣៧ កន្លែង និងថ្នាក់អប់រំពិសេសចំនួន ២ កន្លែង)។
គ្រឹះស្ថានមធ្យមសិក្សានៅតាមបណ្តាខណ្ឌទាំង ១៤ មាន៖
-ខណ្ឌបឹងកេងកង៖ មានវិទ្យាល័យចំនួន ៣ និងអនុវិទ្យាល័យចំនួន ១ គឺវិទ្យាល័យជាស៊ីម បឹងកេងកង វិទ្យាល័យ ព្រះយុគន្ធរ វិទ្យាល័យទួលស្វាយព្រៃ និងអនុវិទ្យាទួលស្លែង។
-ខណ្ឌចំការមន៖ មានវិទ្យាល័យចំនួន ៣ និងអនុវិទ្យាល័យចំនួន១ គឺវិទ្យាល័យបឹងត្របែក វិទ្យាល័យទួលទំពូង វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងអនុវិទ្យាល័យសុធារស។
-ខណ្ឌដូនពេញ៖ មានវិទ្យាល័យចំនួន ៤ និងអនុវិទ្យាល័យចំនួន ១ គឺវិទ្យាព្រះស៊ីសុវត្ថិ វិទ្យាល័យវត្តកោះ វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ និងអនុវិទ្យាល័យចតុមុខ។
-ខណ្ឌច្បារអំពៅ៖ មានវិទ្យាល័យ ៣ និងអនុវិទ្យាល័យ ៤ គឺ វិទ្យាល័យច្បារអំពៅ វិទ្យាល័យព្រែកឯង វិទ្យាល័យព្រែកថ្មី អនុវិទ្យាល័យហ៊ុនសែន ព្រែកប្រា អនុវិទ្យាល័យវត្តក្នុង អនុវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ព្រែកថ្មី អនុវិទ្យាល័យក្តីតាកុយ និងសាលាអប់រំពិសេសច្បារអំពៅ។
-ខណ្ឌមានជ័យ៖ មានវិទ្យាល័យ ២ និងអនុវិទ្យាល័យ ១ គឺវិទ្យាល័យហ៊ុន សែន ចាក់អង្រែ វិទ្យាល័យ ចំរើន ផល និងអនុវិទ្យាល័យវត្តដំបូកខ្ពស់។
-ខណ្ឌ៧មករា៖ មានវិទ្យាល័យ ១ គឺ វិទ្យាល័យបាក់ទូក
-ខណ្ឌប្ញស្សីកែវ៖ មានវិទ្យាល័យ ២ និងអនុវិទ្យាល័យ ២ គឺវិទ្យាល័យប្ញស្សីកែវ វិទ្យាល័យជាស៊ីម ចំរើនរដ្ឋ អនុវិទ្យាល័យទួលសុវណ្ណារាម និងអនុវិទ្យាល័យហ៊ុនសែន ចម្រើនជាតិ។
-ខណ្ឌជ្រោយចង្វារ៖ មានវិទ្យាល័យ ៣ និងអនុវិទ្យាល័យ ៣ គឺវិទ្យាល័យជាស៊ីម ជ្រោយចង្វារ វិទ្យាល័យ ព្រែកលៀប វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ អនុវិទ្យាល័យព្រែករាំង អនុវិទ្យាល័យបាក់ខែង និងអនុវិទ្យាល័យសម្តេចអគ្គ.ហស.ចំបក់មាស ។
-ខណ្ឌសែនសុខ៖ មានវិទ្យាល័យ ៣ និងសាលាអប់រំពិសេស ១ គឺវិទ្យាល័យ សម្តេចហ៊ុនសែន ភ្នំពេញថ្មី វិទ្យាល័យទួលប្រាសាទសែនសុខ វិទ្យាល័យហ៊ុនសែនបុរី ១០០ ខ្នង និងសាលាអប់រំពិសេសភ្នំពេញ។
-ខណ្ឌព្រែកព្នៅ៖ មានវិទ្យាល័យ ៤ និងអនុវិទ្យាល័យ ១ គឺវិទ្យាល័យសម្តេចអគ្គ.តេជោ ហ៊ុនសែន សំរោង វិទ្យាល័យ ជាស៊ីម ឈូកវ៉ា វិទ្យាល័យបឹងប្រិយ៍ វិទ្យាល័យហ៊ុនសែន ពញាពន់ និងអនុវិទ្យាល័យព្រែកព្នៅ។
-ខណ្ឌទួលគោក៖ មានវិទ្យាល័យ ៤ និងអនុវិទ្យាល័យ ២ គឺវិទ្យាល័យជាស៊ីម សន្ធរម៉ុក វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យជាស៊ីមសាមគ្គី វិទ្យាល័យទឹកល្អក់ អនុវិទ្យាល័យអូរបែកក្អម និងអនុវិទ្យាល័យវត្តនាគវ័ន។
-ខណ្ឌដង្កោ៖ មានវិទ្យាល័យ ៣ និងអនុវិទ្យាល័យ ៦ គឺវិទ្យាល័យទួលអំពិល វិទ្យាល័យពងទឹក វិទ្យាល័យសម្តេចហ៊ុនសែន ព្រែកកំពឹស អនុវិទ្យាល័យសម្តេចហ៊ុនសែន ព្រៃវែង អនុវិទ្យាល័យសម្តេចតេជោហ៊ុនសែន ដង្កោ អនុវិទ្យាល័យ ត្រពាំងសាលា អនុវិទ្យាល័យគងនយ អនុវិទ្យាល័យរលួស និងអនុវិទ្យាល័យទៀន។
-ខណ្ឌពោធិសែនជ័យ៖ មានវិទ្យាល័យ ២ និងអនុវិទ្យាល័យ ២ គឺវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន វិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានីអរុណវតី អនុវិទ្យាល័យហ៊ុនសែនពោធិចិនតុងនិង អនុវិទ្យាល័យគោកបញ្ជាន់។
-ខណ្ឌកំបូល៖ មានវិទ្យាល័យ ២ និងអនុវិទ្យាល័យ ៣ គឺវិទ្យាល័យកំបូល វិទ្យាល័យបឹងធំ អនុវិទ្យាល័យហ៊ុនសែន ជន្លង់ម្លូ អនុវិទ្យាល័យឪឡោក និងអនុវិទ្យាល័យទួលស្នោ។
វិទ្យាល័យព្រះស៊ីសុវត្ថិជាសាលាចំណាស់បង្កើតមុនគេតាំងពីឆ្នាំ ១៨៧៣ ក្នុងសតវត្សទី១៩ ដោយអាណានិគមនិយមបារាំង និងត្រូវបានដាក់ឈ្មោះថា សាលាស៊ីសុវត្ថិ ឬសាលាបារាំង-ខ្មែរ។
ផ្សាររដ្ឋធំៗ
នៅរាជធានីភ្នំពេញមានផ្សាររបស់រដ្ឋចំនួន ២៥ កន្លែង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
១/ រដ្ឋាករស្វ័យតផ្សារធំថ្មី ២/ ផ្សារអូរឫស្សី ៣/ ផ្សារទួលទំពូង ៤/ ផ្សារបឹងកេងកង ៥/ ផ្សារអូឡាំពិក៦/ ផ្សារកាប់គោ ៧/ ផ្សារកណ្តាល ៨/ ផ្សារផ្សារចាស់ ៩/ ផ្សារដេប៉ូ ១០/ ផ្សារដើមគរ ១១/ ផ្សារសាមគ្គី ១២/ ផ្សារទួលគោក ១៣/ ផ្សារបន្លែនៅមានជ័យ ១៤/ ផ្សារច្បារអំពៅ ១៥/ ផ្សារបឹងទំពុន ១៦/ ផ្សារស្ទឹងមានជ័យ ១៧/ ផ្សារចាក់អង្រែ ១៨/ ផ្សារទឹកថ្លា ១៩/ ផ្សារជម្ពូវ័ន ២០/ ផ្សារស៊ិនជូរីផ្លាហ្សា ២១/ ផ្សារពោធិចិនតុង ២២/ ផ្សារទួលសង្កែ ២៣/ ផ្សារច្រាំងចំរេះ ២៤/ ផ្សារគីឡូម៉ែត្រលេខ៦ ២៥/ ផ្សារព្រែកលៀប។
ផ្សារចំនួនពីរដែលមានការពេញនិយមពីទេសចរបរទេសចូលចិត្តទៅទស្សនាគឺផ្សារធំថ្មី និងផ្សារទួលទំពូង។
វត្តអារាម
នៅរាជធានីភ្នំពេញមានវត្តសរុប ១៥១ វត្ត។ វត្តនៅរាជធានីភ្នំពេញបែងចែកជាពីរគណៈ គឺធម្មយុត្ត និងមហានិកាយ។ វត្តបទុមវតីរាជវរារាមហៅកាត់វត្តបទុមវតីឬវត្តបទុម មានទាំងធម្មយុត្ត និងមហានិកាយ។
វត្តល្បីៗមាន៖ វត្តឧណ្ណាឡោម វត្តបុទុមវត្តី វត្តលង្កា។
រោងចក្រសហគ្រាស
របាយការណ៍របស់ក្រសួងការងារ នៅឆ្នាំ២០២៣ រាជធានីភ្នំពេញមានរោងចក្រសហគ្រាសចំនួន ៩,៣១៤ កន្លែង មានកម្មករនិយោជិតជាង ៦៦ ម៉ឺននាក់។ ក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរមានចំនួន ៧២៧ កន្លែងមានកម្មករនិយោជិតប្រមាណ ៣៤ ម៉ឺននាក់។
វិស័យសំណង់
សំណង់បុរីនិងបណ្ដុំផ្ទះល្វែងនៅរាជធានីភ្នំពេញ មានចំនួន ២៤៤ កន្លែង។ អគារខ្ពស់ៗចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១.២៩២ អគារ។
គម្រោងបុរីធំៗមានដូចជា ប៉េង ហួត ជីប ម៉ុង អរគីដេ ពិភពថ្មី ឡេង ណាវ៉ាត់ត្រា និងវិមានភ្នំពេញជាដើម។
សណ្ឋាគារនិងផ្ទះសំណាក់
-សណ្ឋាគារប្រណីតៗនៅរាជធានីភ្នំពេញដែលមានចំណាត់ថ្នាក់ពីផ្កាយ១ ដល់ផ្កាយ៥ មានចំនួន ១៨២ ទីតាំង ខណៈផ្ទះសំណាក់មាន ៥២៨ ទីតាំង។ សណ្ឋាគារធំៗមាន រ៉ូសវ៉ូដ, ឡឺ រ៉ូយ៉ាល់, សូហ្វីតែល, សុខា, កាំបូឌីយ៉ាណា, ភ្នំពេញ, ហៃយ៉ាត់, ម៉ារីយ៉ាត់ និងសាន់វ៉េ ជាដើម។
គោលដៅទេសចរណ៍សំខាន់ៗ
១. ផ្សារធំថ្មី
ផ្សារធំថ្មីជាសំណង់បេតិកភណ្ឌដ៏លេចធ្លោក្នុងចំណោមសំណង់នានានៅក្រុងភ្នំពេញ។ កសាងឡើងក្នុងពេលដែលកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង ស្ថិតក្នុងចំណោមសំណង់អគារទាំង ៣០ ដ៏សំខាន់បំផុតរបស់រាជធានីភ្នំពេញ។
២. វាលពិឃាតជើងឯក
ទីតាំងប្រវត្តិសាស្ត្រជើងឯក មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ នាប៉ែកនិរតីនៃរាជធានីភ្នំពេញ។ ទីតាំងប្រវត្តិសាស្ត្រមួយនេះទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចង់ទៅទស្សនាកន្លែងពិឃាដមនុស្សយ៉ាងព្រៃផ្សៃ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
៣. វិមានឯករាជ្យ
វិមានឯករាជ្យជាអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ការសាងសង់វិមានឯករាជ្យ ដើម្បីរំលឹកទៅដល់វីរភាពរបស់បុព្វបុរសខ្មែរដែលបានតស៊ូពលីជីវិតក្នុងការដណ្ដើមឯករាជ្យពីបារាំងមកវិញ។
៤. សារមន្ទីជាតិ
សារមន្ទីរជាតិជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិ។ សារមន្ទីរជាតិរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និងសម័យក្រោយៗមកទៀត។ សារមន្ទីរជាតិកសាងឡើងនៅឆ្នាំ ១៩១៧-១៩២០ ដែលមានទីតាំងជាប់ផ្នែកខាងជើងនៃព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។
៥. ផ្សាររាត្រី
ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់យុវវ័យនិងភ្ញៀវបរទេសជាច្រើន ដែលមានទីតាំងសិ្ថតនៅមាត់ទន្លេ។ ប្រជុំទៅដោយតូបលក់សម្លៀកបំពាក់, ម្ហូបអាហារដោយមានការប្រគុំតន្រ្តីអមមានអ្នកចម្រៀង តន្រ្តីករនិងអ្នករបាំផងដែរ។
៦. ការជិះទូកកម្សាន្តតាមមាត់ទន្លេ
ការជិះទូកកម្សាន្ត ក៏ជាទីចាប់អារម្មណ៍ទាំងភ្ញៀវជាតិនិងអន្តរជាតិ។ ភ្ញៀវបរទេសមួយចំនួនក្រោយពីដើរកម្សាន្ដនៅតាមទីកន្លែងផ្សេងៗ ក៏តែងតែចំណាយពេលជិះទូកកម្សាន្ដតាមដងទន្លេងសាប និងដងទន្លេមេគង្គ ដើម្បីទស្សនាទេសភាព និងសម្រស់ដ៏ស្រស់ត្រកាលនាពេលរាត្រីរបស់រាជធានីភ្នំពេញ។
៧. ព្រះបរមរាជវាំង
ព្រះបរមរាជវាំងជាទីតាំងមិនអាចរំលងបានសម្រាប់ភ្ញៀវទេសចរបរទេសដែលមកទស្សនានៅរាជធានីភ្នំពេញ ហើយក៏ជាទីប្រថាប់ព្រះមហាក្សត្រខ្មែរ។
៨. ផ្សារទួលទំពួង
ផ្សារទួលទំពូង ដែលបរទេសស្គាល់ផ្សាររុស្សីល្បីល្បាញសម្រាប់អ្នកស្វែងរកវត្ថុបុរាណ និងចំណីអាហារក្នុងស្រុក។ ក្រៅពីនេះក៏មានលក់វត្ថុអនុស្សាវរីយ៍ ដូចជារូបចម្លាក់ គ្រឿងអលង្ការ គ្រឿងមាស សំលៀកបំពាក់ជាដើម។
០៩. សារមន្ទីរគុកទួលស្លែង
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬសារមន្ទីរទួលស្លែង អតីតជាកន្លែងឃុំឃាំងសួរចម្លើយ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងសម្លាប់មនុស្សជំនាន់ប៉ុលពត។ មានរូបថត ហ៊្វីល សំណុំឯកសារសារភាពរបស់ជនរងគ្រោះ សម្ភារៈធ្វើទារុណកកម្ម រួមទាំងផ្នូរសពជនរងគ្រោះចំនួន ១៤ នាក់ ដែលស្លាប់ចុងក្រោយគេ ក៏ត្រូវបានកប់នៅទីនោះផងដែរ។
១០. វត្តភ្នំ
វត្តភ្នំគឺជាបេះដូង បង្ហាញពីប្រវត្តិកកើតរាជធានីភ្នំពេញតាំងពីសម័យព្រះបាទពញាយ៉ាតនាឆ្នាំ ១៤៣៤ ដែលព្រះអង្គបានមកដល់ទីនេះ ហើយបានកសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ។
នៅក្នុងបរិវេណវត្តភ្នំមានចេតិយធំមួយតម្កល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត និងព្រះញាតិវង្សរបស់ព្រះអង្គ។ បច្ចុប្បន្នវត្តភ្នំបានក្លាយជាទីសក្តារៈពលរដ្ឋមានជំនឿមកបន់ស្រន់ផ្សេងៗ។
១១. មាត់ទន្លេ
មាត់ទន្លេគឺជាកន្លែងដែលមានប្រជាប្រិយភាពមួយនៅរាជធានីភ្នំពេញ តែងតែទាក់ទាញពលរដ្ឋមកអង្គុយលម្ហែ។ នាពេលល្ងាចៗក៏មានភ្ញៀវទេសចរជិះទូកកម្សាន្ត ស្រូបយកខ្យល់អាកាសនិងការញាំអីជុំគ្នាបង្កើតអារម្មណ៍សប្បាយៗជាមួយមិត្តភ័ក្រនិងក្រុមគ្រួសារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ