ព័ត៌មានជាតិ
មកស្គាល់អគារធំៗចំនួន១០ នៅរាជធានីភ្នំពេញដែលសុទ្ធសឹងជាស្នាដៃកូនខ្មែរជំនាន់ក្រោយ
បច្ចុបន្ននេះ មានអាគារខ្ពស់ៗជាច្រើនដែលបានសាងសង់ឡើងនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងនោះក៏មានអគាររបស់ស្ថាប័នរដ្ឋមួយចំនួនត្រូវបានសាងសង់ឡើងតាមរចនាបទខ្មែរ និងរចនាប្លង់ដោយ ស្ថាបត្យករខ្មែរផងដែរ។ ថ្ងៃនេះ «កម្ពុជាថ្មី» នឹងលើកបង្ហាញនូវអាគារធំៗចំនួន១០ នៅក្នុងរាជធានីភ្នំពេញ ដែលសុទ្ធសឹងតែមានរចនាបទបែបខ្មែរ។

១. អគារវិមានសន្តិភាព
អគារនេះ គឺជាការិល័យរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាកន្លែងធ្វើការងារសំខាន់របស់នាយករដ្ឋមន្ត្រី មានទីតាំងនៅ រាជធានីភ្នំពេញ ។ វិមានសន្តិភាព ត្រូវបានសាបានសាងសង់ឡើងដោយវិស្វករខ្មែរ និងរចនាតាមបែបខ្មែរ ដែលមានកម្ពស់ ៥ ជាន់ និងចំណាយសរុប ៥០ លានដុល្លារ ជាថវិការរបស់រាជរដ្ឋាភិបាល។ អគារនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះបាទ នរោត្តមសីហមុនី នៅថ្ងៃទី 19 ខែតុលាឆ្នាំ 2010។


២. អគារវិមាន៧ មករា
ជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។ អគារនេះ ត្រូវបានរចនាប្លង់ដោយ ស្ថាបត្យករខ្មែរ លោក លី រស្មី និងបានបើកការរដ្ឋាន សាងសង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយសាងសង់រួចរាល់ក្នុង ខែមិថុនា ឆ្នាំ២០២០។ វិមាន៧ មករា មានកម្ពស់ ៥ជាន់ មានបណ្ដោយ ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ មានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រ ក្រឡា មានអាហារដ្ឋាននៅផ្នែកខាងត្បូងអគារ ដែលអាចដាក់មនុស្សបានចំនួន ១២០នាក់ក្នុងមួយពេល។


៣. អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អាគារនេះ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រើពេលសាងសង់ ១ឆ្នាំ ១ខែ ២០ថ្ងៃ មានផ្ទៃដីសរុប ៤,៥ ហិកតា, ផ្ទៃក្រឡាសំណង់សរុប ៦១ ៦៤២ ម៉ែត្រការ៉េ, ផ្ទៃក្រឡាប្រើប្រាស់សរុបចំនួន ៣១ ៤០៨ ម៉ែត្រការ៉េ, ផ្ទៃក្រឡាបាតអគារ ១១ ១២៨ ម៉ែត្រការ៉េ និងមានចំណតរថយន្តចំនួន ៦៧៨ គ្រឿង ដោយចំណាយថវិកាប្រមាណជាង២៨លានដុល្លា។ អគារនេះ មានរចនាបថស្ថាបត្យកម្មដំបូលមុខដាច់ជហ្វាចំនួន ២៤ រចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ ដោយធ្វើសំយោគនីយកម្មនៃស្ថាបត្យកម្មសម័យបុរាណខ្មែរ និងសម័យទំនើប។ អគារនេះ គូប្លង់ឡើងដោយ លោក លី រស្មី ។


៤. អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី
អគារថ្មីនេះ ជាប្រភេទស្ថាបត្យកម្មក្លាសិក រចនាបថខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងអនុលោមតាមគោលការណ៍សមមាត្រ នៃរូបរាងអគារ។ រចនាប្លង់ដោយស្ថាបត្យករស្ត្រីខ្មែរ គឺលោកស្រី កែវ ម៉ាលីកា ស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទំហំអគារ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ ដំបូលអគារមានកម្ពស់ ៦៣ម៉ែត្រ សាងសង់ឡើង កាលពីថ្ងៃទី១១ ខែវិច្ឆិកា រហូតមកដល់ពេលនេះជិតរួចរាល់ហើយ។ ការសាងសង់អគារនេះ ចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ វិស្វិករ និងក្រុមជាង។



៥. អគារសាលាយុត្ដិធម្ម
អាគារនេះត្រូវបានសាងសង់ឡើងតាមទម្រង់ជាអាគារ សាលាជម្រះក្តី យកលំនាំតាមអគារសាលាយុត្តិធម្ម ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្ន ជាអគារទីស្តីការក្រសួងយុត្តិធម៌។ កម្ពស់របស់អគារ ៨ជាន់ មានបណ្តោយ ៦២ម៉ែត្រ ទទឹង ៦០ម៉ែត្រ មានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការសាង សង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារអាមេរិក និងអនុវត្តគម្រោង សាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។


៦. អគារក្រសួងសាធារណការ និងដឹកជញ្ជូន
អគារនេះត្រូវបានការសាងសង់នៅលើផ្ទៃដី ជិត៤ហិកតា ដោយចំណាយថវិការជាង២៦លានដុល្លា មានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥៩៨ ឬវិថី«ជា សុផារ៉ា» ក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញ។ អគារមានកម្ពស់ ៩ ជាន់ ដោយមានអមអគាររដ្ឋាបាល២ខ្នង(អគារស្លាបសងខាង) ដែលមានកម្ពស់៨ជាន់។


៧. អគារតេជោអភិវឌ្ឃន៍
អគារនេះ គឺជាមជ្ឈមណ្ឌលពហុឯកទេសមន្ទីរពេទ្យកាល់ម៉ែត។ គម្រោងសាងសង់អគារទាំងមូល និងសម្ភារៈចំណាយទឹកប្រាក់សរុបជាង ៧០លានដុល្លារ ដែលថវិកាទាំងនេះ ជាការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន។ អគារនេះស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស មានបណ្តោយ១៥៣ម៉ែត្រ ទទឹងជាង ២២ម៉ែត្រ កម្ពស់ ១២ជាន់ ក្រោមដី២ជាន់ ផ្ទៃក្រឡាសរុបជាង ៤ម៉ឺនម៉ែត្រក្រឡា សាងសង់ស្របតាមស្តង់ដារមន្ទីរពេទ្យអន្តរជាតិ បទដ្ឋានបច្ចេកទេសបារាំង មានគ្រែ ៤២៦គ្រែ។

៨. អគារស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស)
អគារស្នាក់ការកណ្តាល ប.ស.ស បានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដោយចំណាយថវិកាសាងសង់ប្រមាណជាង ៤៣លានដុល្លារអាមេរិក ជាថវិកាបានមកពីការសន្សំរបស់អង្គភាពផ្ទាល់។ អគារមានកម្ពស់ ២១ជាន់ មានទំហំ ៥៤ ០០៣ម៉ែត្រក្រឡា នៅលើទីតាំងដីមានផ្ទៃក្រឡាសរុប ៣០ ៣១៣ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៩.អគារក្រសួងបរិស្ថានថ្មី
អគារទីស្ដីការក្រសួងបរិស្ថានថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា«អគារមរតកតេជោ» មានកម្ពស់៧ជាន់ ចំណាយថវិកាក្នុងការសាងសង់អស់ ៨លានដុល្លារអាមេរិក។ អគារនេះសាងសង់ដោយក្រុមហ៊ុន Daun Penh Construction Co., Ltd. កាលពីខែ កក្កដា ឆ្នាំ ២០១៤ នៅលើផ្ទៃដី ៦ ៧៥០ ម៉ែត្រការ៉េ និងមានទីតាំងស្ថិតនៅជាប់នឹងមជ្ឈមណ្ឌលកាស៊ីណូ ណាហ្គាវើល។

១០. អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌
អគារនេះត្រូវបានផ្លាស់ប្តូរមកទីតាំងថ្មី ដែលមានអគារធំចំនួន២ខ្នងនៅលើផ្ទៃដីជាង២ហិកតា។ អគារទី១ឈ្មោះថា«អគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តធម៌» មានទំហំ ៦០ម៉ែត្រx៣០ម៉ែត្រមានកម្ពស់៣ជាន់ និងមានផ្ទៃក្រឡា ៤ ៩៤៦ម៉ែត្រក្រឡា។ អគារទី២ឈ្មោះថា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌» មានកម្ពស់៣ជាន់ មានទំហំ ៥២ម៉ែត្រx៤០ម៉ែត្រ និងមានផ្ទៃក្រឡាសរុប ៥ ៧១៦ម៉ែត្រក្រឡា។ ការសាងសង់អគារទាំង ២ខ្នងនេះ បានប្រើរយៈពេល ១ឆ្នាំ ៦ខែ និង ២៧ថ្ងៃ និងបានប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ៤.៩១លានដុល្លារអាមេរិក៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ