សន្តិសុខសង្គម
បទយកការណ៍៖ សមត្ថកិច្ចកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់បង្ក្រាបបទល្មើសចាប់ជំរិតឆ្លងដែន
ចំពោះករណីបទល្មើសចាប់ជំរិតជនបរទេសឆ្លងដែនមកប្រទេសកម្ពុជាកន្លងមក ត្រូវបានសមត្ថកិច្ចកម្ពុជាបង្ក្រាបបានជាបន្តបន្ទាប់បានប្រមាណ ៣ករណីរួចមកហើយ។ ជាក់ស្ដែង ថ្មីៗនេះ មានជនមិនស្គាល់អត្តសញ្ញាណ បានទូរសព្ទប្រាប់ និស្សិតចិនស្រី កំពុងសិក្សានៅប្រទេសជប៉ុនថា ពួកគេជាសមត្ថកិច្ចនគរបាល នៃប្រទេសចិន កំពុងស៊ើបអង្កេតបទល្មើសលើនាង។ នាងត្រូវបានជនទុច្ចរិតគំរាមឱ្យរក្សាការសម្ងាត់ និងត្រូវសហការធ្វើតាមការណែនាំនានា ដូចជាឱ្យនាងធ្វើដំណើរមកកម្ពុជា ហើយថតវីដេអូក្នុងសភាពទទួលទារុណកម្ម រួចផ្ញើទៅពួកគេ បើនាងមិនធ្វើតាមគេទេ នាងនឹងត្រូវចាប់ខ្លួន ហើយមានបញ្ហាដល់គ្រួសារទាំងមូល។ ជនទុច្ចរិតបានផ្ញើវីដេអូនោះ ហើយជំរិតទារប្រាក់យ៉ាងខ្ពស់ពីម្ដាយនាង។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/៨-1024x574.png)
នារីរងគ្រោះត្រូវបានជួយសង្គ្រោះពីសមត្ថកិច្ចកម្ពុជាដោយសុវត្ថិភាព។ ហេតុដូចម្ដេចទើប អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា អាចបំបែកសំណុំរឿងដ៏ស្មុគស្មាញនេះបាន?
ឧត្ដមសេនីយ៍ត្រី គី វណ្ណារ៉ា សមាជិក ក្រុមការងារ HOTLINE ជនបរទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆ្លើយតបសំណួររបស់ “កម្ពុជាថ្មី” ដោយប្រាប់ដំណើររឿងថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ នគរបាលជាតិកម្ពុជា បានទទួលព័ត៌មានតាមរយៈ គេហទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីស្ត្រីម្នាក់ជាជនជាតិចិនរស់នៅប្រទេសជប៉ុន ស្នើសុំសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍ស្វែងរក និងសង្គ្រោះកូនស្រី អាយុ ១៩ ឆ្នាំ ជានិស្សិត នៃសាកលវិទ្យាល័យក្នុងប្រទេសជប៉ុន ដោយថា កូនស្រីនោះកំពុងត្រូវបានរងការចាប់ជំរិតនៅកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/១-4-1024x683.jpg)
ឧត្ដមសេនីយ៍ត្រី គី វណ្ណារ៉ា មានប្រសាសន៍បញ្ជាក់ថា៖ “ការប្ដឹងស្នើសុំកិច្ចអន្តរាគមន៍ស្វែងរក និងសង្គ្រោះនេះ គឺធ្វើឡើងបន្ទាប់ពីស្ត្រីជាម្ដាយ បានបាត់ទំនាក់ទំនងជាមួយកូនស្រីរបស់គាត់កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់មកនៅថ្ងៃទី១៧ មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទប្រាប់ថា កូនស្រីគាត់កំពុងស្ថិតក្នុងដៃរបស់ពួកគេនៅប្រទេសកម្ពុជា អមជាមួយរូបថត និងវីដេអូ ហើយពួកគេបានជំរិតទារប្រាក់ ២០០ លានយ៉េន (ប្រមាណ ១,៤ លានដុល្លារ) បន្ទាប់មកមានការចរចាតម្លៃត្រឹម ៣០ លានយ៉េន (ប្រមាណ ២១ ម៉ឺនដុល្លារ)”។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/៩គ-1024x580.png)
ឧត្ដមសេនីយ៍ត្រី គី វណ្ណារ៉ា មានប្រសាសន៍បន្តថា៖ “ក្រោយទទួលបានប្ដឹងរបស់ស្ត្រីជាម្ដាយខាងលើ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការគ្នាស្រាវជ្រាវ ហើយជាលទ្ធផលបានស្វែងរកឃើញក្មេងស្រីនៅទីតាំងសណ្ឋាគារមួយកន្លែង ដោយស្នាក់នៅម្នាក់ឯង និងពុំមានស្ថានភាពរងគ្រោះ នៃអំពីចាប់ជម្រិតអ្វីឡើយ”។
ម្ដាយជនរងគ្រោះ បានឆ្លើយតប “កម្ពុជាថ្មី” ថា គាត់ជាបុគ្គលិក ស្នាក់នៅប្រទេសជប៉ុន។ តាំងពីកូនស្រីចូលរៀននៅសាកលវិទ្យាល័យ ពួកគាត់អត់ស្នាក់នៅជាមួយគ្នាទេ ព្រោះគាត់រស់នៅខេត្តផ្សេង ហើយកូនគាត់រៀននៅ ទីក្រុងតូក្យូ។ លោកស្រីមានការបារម្ភចំពោះកូនស្រី ដោយសារទាក់ទងនាងមិនបាន ហើយក៏មានលេខទូរស័ព្ទមកទារលុយ។ ពេលឃើញវីដេអូចាប់ជំរិតនោះ សតិអារម្មណ៍របស់គាត់បាត់បង់អស់ គិតអីលែងចេញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/photo_2023-08-02_11-58-57-2-1024x682.jpg)
ម្ដាយជនរងគ្រោះបញ្ជាក់ថា៖ “ខាងជនទុច្ចរិតមិនឱ្យប្ដឹងសមត្ថកិច្ច ប៉ុន្ដែខ្ញុំគិតថា ខ្លួនឯងក៏មិនអាចជួយកូនបានដែរ។ ខ្ញុំទុកចិត្តលើសមត្ថកិច្ចកម្ពុជា ទើបមកប្ដឹងសមត្ថកិច្ចដើម្បីជួយសង្គ្រោះកូនខ្ញុំ។ ដំបូងឡើយ ខ្ញុំបានប្ដឹងសមត្ថកិច្ចជប៉ុន ហើយខ្ញុំបានដឹងថា កូនខ្ញុំបានមកដល់កម្ពុជា។ ខ្ញុំអត់ស្គាល់ប្រទេសកម្ពុជាទេ អត់ដឹងប្ដឹងតាមណាទេ តែមានមិត្តភ័ក្ដិធ្លាប់មកខ្មែរ ហើយមិត្តភក្តិបានណែនាំខ្ញុំឱ្យប្ដឹងសមត្ថកិច្ចខ្មែរតាមរយៈផេក”។
ម្ដាយជនរងគ្រោះបានឱ្យដឹងបន្តថា ក្នុងអំឡុងពេលចាប់ជំរិត លោកស្រីអត់បានវេរលុយឱ្យជនល្មើសទេ។ តាមរយៈករណីសង្គ្រោះនេះ លោកស្រីឃើញថា សមត្ថកិច្ចកម្ពុជាមានសមត្ថភាព និងមានលទ្ធភាពស្វែងរកដំណោះស្រាយជួយជនរងគ្រោះបានលឿន។ លោកស្រីលើកឡើងថា ករណីនេះ មិនមែនជាការចាប់ជំរិតនៅប្រទេសកម្ពុជាទេ ព្រោះកូនស្រីធ្វើដំណើរមកប្រទេសកម្ពុជាដោយខ្លួនឯង។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/៧-1024x574.png)
នារីជនរងគ្រោះជនជាតិចិន បានឱ្យ “កម្ពុជាថ្មី” ដឹងថា នាងនិស្សិតឆ្នាំទី១ រស់នៅប្រទេសជប៉ុន នាងចាញ់បោកគេ ព្រោះគេថា នាងមានពាក់ព័ន្ធបទល្មើសមួយ ហើយនាងត្រូវមកប្រទេសកម្ពុជា ដើម្បីធ្វើការងារដែលជួយនាង ហើយត្រូវថតវីដេអូ ដើម្បីរកភាពស្អាតស្អំ។ ព្រោះគេប្រាប់ថា គេជាសមត្ថកិច្ចចិន ទើបនាងជឿទុកចិត្តតាមគេទាំងអស់ ហើយនាងមិនបានរងគ្រោះអ្វី គ្រាន់តែអត់សេរីភាព ហើយត្រូវរាយការណ៍តាមឆាតរាល់ម៉ោង ថាធ្វើអីខ្លះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/photo_2023-08-02_11-58-57-1024x682.jpg)
នារីរងគ្រោះ បញ្ជាក់ថា៖ “គេថា ខ្ញុំជាប់ពាក់ព័ន្ធបទល្មើស គេចោទខ្ញុំថា ជាជនសង្ស័យ។ គេថា ដោយសារឃើញខ្ញុំមានភាពស្លូតបូត ចាំគេជួយ គឺត្រូវធ្វើតាមគេ គេនឹងជួយរកភាពស្អាតស្អំ។ គេថា ខ្ញុំជាប់បទល្មើសមួយពាក់ព័ន្ធជនល្មើសមួយទៀតដែលគេចាប់បាន ដែលសមត្ថិកច្ចបានរកឃើញកាតធនាគារឈ្មោះរបស់ខ្ញុំ ទើបគេថា ខ្ញុំមានពាក់ព័ន្ធករណីឆបោក ដោយកាតធនាគារនោះដើម្បីវេរលុយ”។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/៥-1024x575.png)
នារីរងគ្រោះបានឆ្លើយបន្តថា ចំពោះថ្លៃសំបុត្រយន្តហោះ ការធ្វើដំណើរ ការហូបចុក ការស្នាក់នៅកម្ពុជានេះ គឺគេជាអ្នករ៉ាប់រងទាំងអស់ ដោយគេប្រាប់ត្រូវស្នាក់នៅទីតាំងណាជាដើម។ ចំពោះ ការណ៍ដែលនាង ជឿតាមការហាមរបស់ជនទុច្ចរិតឱ្យរក្សាការសម្ងាត់ មិនឱ្យប្ដឹង ឬប្រាប់អ្នកណា ព្រោះគេថា កន្លងមកក៏មានករណីអ៊ីចឹងដែរ គឺពេលគេប្ដឹងសមត្ថកិច្ចហើយ ជនសង្ស័យបានបាត់ខ្លួន។ ជាមួយគ្នានេះ ជនទុច្ចរិតបានបង្ហាញកាតសមត្ថកិច្ច ព្រមទាំងប្រើកម្មវិធីក្លែងបន្លំលេខទូរសព្ទសមត្ថកិច្ច ទូរសព្ទមកនាង ទើបនាងជឿជាក់ថា គេជាសមត្ថកិច្ចពិត។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Screenshot-2458-1024x576.png)
នារីរងគ្រោះ លើកឡើងថា៖ “ដំបូងឡើយ ខ្ញុំអត់ដឹងថា ខ្ញុំត្រូវបានចាញ់បោកគេទេ លុះពេលសមត្ថកិច្ចកម្ពុជាចុះមកដល់គោលដៅដែលខ្ញុំស្នាក់នៅ ក៏ខ្ញុំមិនដឹងដែរ។ ទាល់តែសមត្ថកិច្ចនាំខ្ញុំមកសួរ បំភ្លឺប្រាប់ដំណើររឿងបាន ១ ថ្ងៃ ហើយពេលបានជួបម្ដាយខ្ញុំ ទើបខ្ញុំដឹងថា ចាញ់បោកគេ។ ការថតវីដេអូនោះ ខ្ញុំគិតថា គេផ្ញើទៅអ្នកផ្ទះដែរ ប៉ុន្តែគេថា ដើម្បីលាងរកភាពស្អាតស្អំ និងដើម្បីជួយប្រទេសជាតិដែរ ទើបខ្ញុំព្រមធ្វើតាមគេ”។
ឧត្ដមសេនីយ៍ត្រី គី វណ្ណារ៉ា មានប្រសាសន៍ថា ពិតណាស់ ករណីឆបោកជំរិតនេះ បានកើតឡើងចំពោះជនរងគ្រោះជាជនបរទេស ហើយត្រូវបានជនល្មើសឆបោក និងគំរាម ណែនាំឱ្យមកប្រទេសកម្ពុជា ប៉ុន្តែករណីនេះ នៅថ្ងៃអនាគតក៏នឹងអាចកើតមានចំពោះក្មេងៗនៅកម្ពុជា ហើយត្រូវជនល្មើសណែនាំឱ្យធ្វើដំណើរទៅប្រទេសដទៃផងដែរ។ លោកសូមអំពាវនាវដល់មាតា បិតា និងអាណាព្យាបាលកម្ពុជា យកចិត្តទុកដាក់ចំពោះកូន ពិសេសការអប់រំឱ្យស្គាល់ពីសង្គម ការប្រាស្រ័យទំនាក់ទំនងគ្នា និងការផ្ដល់ព័ត៌មានប្រាប់គ្នាទៅវិញទៅមកពេលមានបញ្ហាកើតឡើង ដោយមិនត្រូវលាក់បាំងព័ត៌មានឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/២-3-1024x683.jpg)
ឧត្ដមសេនីយ៍ត្រី គី វណ្ណារ៉ា មានប្រសាសន៍ថា៖ “ចំពោះបងប្អូនជនបរទេស ជាពិសេសអ្នកដែលមានបំណងធ្វើទេសចរណ៍មកកម្ពុជា ការពិត ស្ថានភាពសន្តិសុខនៅក្នុងប្រទេសកម្ពុជាគឺមានភាពប្រហាក់ប្រហែលទៅនឹងប្រទេសជិតខាងកម្ពុជាដែរ ពោលគឺមិនដូចទៅនឹងការផ្សាយរបស់សារព័ត៌មានមួយចំនួនដែលមិនឆ្លុះបញ្ចាំងអំពីស្ថានភាពផ្ទាល់នោះទេ។ ក្រុមជនល្មើសមួយចំនួនដែលមានមូលដ្ឋាននៅបរទេស បានយកឈ្មោះប្រទេសកម្ពុជា ឬប្រើប្រាស់ប្រទេសកម្ពុជាពាក់ព័ន្ធទៅនឹងបទល្មើសរបស់ពួកគេ។ ជាក់ស្ដែងនៅក្នុងករណីនេះជាដើម ខណៈពេលដែលពួកជនល្មើសទាំងនោះមិនមានវត្តមានសោះនៅក្នុងប្រទេសយើង”។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/៦-1024x572.png)
ឧត្ដមសេនីយ៍ត្រី គី វណ្ណារ៉ា មានប្រសាសន៍បន្តថា៖ “ចុងក្រោយ ជាសារផ្ញើទៅកាន់ជនល្មើស គឺសមត្ថកិច្ចកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ដោយមិនបណ្ដែតបណ្ដោយឱ្យមានសកម្មភាពតាមតែអំពើចិត្តជនល្មើសកើតមាននៅក្នុងប្រទេសកម្ពុជានោះឡើយ។ ហើយសូមឱ្យបញ្ឈប់ និងលះបង់គំនិតក្នុងការប្រើប្រាស់ប្រទេសកម្ពុជាពាក់ព័ន្ធបទល្មើសរបស់ពួកគេ។ ទន្ទឹមនេះសមត្ថិកច្ចកម្ពុជាក៏កំពុងសហការជាមួយសមភាគីបរទេសដើម្បីស៊ើបអង្កេតបន្តរកជនល្មើសដែលនៅក្រោយករណីនេះ”។
ម្ដាយនារីរងគ្រោះ មានប្រសាសន៍ថា លោកស្រីមិនដឹងច្បាស់ពីករណីចាប់ជំរិតនៅប្រទេសចិន និងជប៉ុនទេ ធ្លាប់តែឃើញព័ត៌មានតាមទូរទស្សន៍ខ្លះៗ។ លោកស្រីសូមផ្ដាំផ្ញើថា អាណាព្យាបាលទាំងអស់មិនអាចផ្ដោតតែលើការស្នាក់នៅ ការហូបចុក ការសិក្សារបស់កូនទេ សំខាន់បំផុតគឺផ្នែកសតិអារម្មណ៍ ដើម្បីកូនបានដឹង និងស្គាល់សង្គមច្រើនបន្តិច កុំឱ្យចាញ់បោកគេ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Screenshot-2467-1024x577.png)
ម្ដាយនារីរងគ្រោះ លើកឡើងថា៖ “ខ្ញុំប្ដឹងសមត្ថកិច្ចកម្ពុជា ខ្ញុំគិតថា អត់មានបែកការណ៍ទេ ខ្ញុំជឿទុកចិត្តលើសមត្ថកិច្ចកម្ពុជា។ ពេលសមត្ថកិច្ចកម្ពុជាជួយកូនខ្ញុំបាន ចំពោះទឹកចិត្តរបស់ខ្ញុំពេលហ្នឹង គឺនិយាយមិនចេញទេ។ ពេលខ្ញុំមកដល់កម្ពុជា ឃើញកូនមិនរងគ្រោះថ្នាក់ ខ្ញុំរំភើបណាស់។ ខ្ញុំសូមអរគុណជាខ្លាំងចំពោះសមត្ថកិច្ចកម្ពុជា គ្រប់ស្ថាប័នដែលខំស្វះស្វែងជួយសង្គ្រោះកូនស្រីខ្ញុំ”។
នារីរងគ្រោះសូមផ្ដាំផ្ញើទៅយុវជនដទៃ បើមានករណីពាក់ព័ន្ធគេឱ្យធ្វើអ្វីមួយ ត្រូវតែទាក់ទងអ្នកផ្ទះ ឬអ្នកជុំវិញខ្លួនឱ្យបានដឹង កុំគិតថា ការងារខ្លួនឯង ខ្លូនជាអ្នកដោះស្រាយខ្លួនឯង គឺត្រូវប្រាប់អ្នកជិតខាង ឬឪពុកម្ដាយ ឱ្យដឹងលឺ ដើម្បីជួយរកដំណោះស្រាយរួមគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/Screenshot-2477-1024x575.png)
នារីរងគ្រោះថ្លែងថា៖ “ខ្ញុំសុំទោសប៉ាម៉ាក់ និងសមត្ថកិច្ចទាំងអស់គ្នា ដែលខ្ញុំបានធ្វើឱ្យលំបាកដល់សមត្ថកិច្ច និងប៉ះពាល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ខ្ញុំសន្យាថា នឹងមិនឱ្យមានករណីនេះកើតឡើងទៀតទេ ខ្ញុំឈប់ចាញ់បោកគេទៀតហើយ។ ខ្ញុំសូមអរគុណសមត្ថកិច្ចកម្ពុជា ដែលដោះស្រាយករណីនេះ ហើយអាចជួយសង្គ្រោះខ្ញុំបានក្នុងរយៈពេលខ្លី។ សមត្ថកិច្ចកម្ពុជាបានមើលថែ និងយកចិត្តទុកដាក់ចំពោះខ្ញុំបានល្អ ហើយជួយទាក់ទងទៅគ្រួសារខ្ញុំមានភាពរហ័ស មិនដូចគេនិយាយថា សមត្ថកិច្ចប្រទេសមិនល្អនោះទេ”។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/៩ក-1024x578.png)
គួរបញ្ជាក់ថា បន្ទាប់ពីរកឃើញនារីរងគ្រោះហើយនោះ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់នាងដែលរស់នៅប្រទេសជប៉ុន ដើម្បីមកទទួលកូនរបស់ខ្លួនត្រឡប់ទៅវិញ ដោយអះអាងថា នាងមិនត្រូវបានគេចាប់ជំរិត នៅប្រទេសកម្ពុជានោះឡើយ។ ក្រោយបញ្ចប់ការងារជំនាញតាមនីតិវិធី សមត្ថកិច្ចបានប្រគល់នាងទៅគ្រួសារវិញ និងបានចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ៕
សូមរង់ចាំទស្សនា បទយកការណ៍ ជា វីដេអូ បន្តទៀត!
អត្ថបទ៖ ច័ន្ទ វីរៈ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត