Connect with us

ព័ត៌មានជាតិ

អ្នកបោសសម្អាតសំរាម ៖ បច្ចុប្បន្នពលរដ្ឋនៅភ្នំពេញភាគច្រើន រៀបចំទុកដាក់សំរាមបានយ៉ាងត្រឹមត្រូវ

បានផុស

នៅ

ក្រុមអ្នកបោសសម្អាតសំរាមតាមដងផ្លូវ បាននិយាយថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​ភាគច្រើន បានរៀបចំទុកដាក់សំរាមបានយ៉ាងត្រឹមត្រូវ ដែលធ្វើឲ្យពួកគាត់មានភាពងាយស្រួល ក្នុងការបោសសម្អាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សួង គីមហែម អាយុ ៤៣ឆ្នាំ អ្នកបោសសម្អាតនៅម្ដុំសួនវិមានឯករាជ្យ បានប្រាប់កម្ពុជាថ្មីថា អ្នកស្រី ត្រូវភ្ញាក់តាំងពីម៉ោង ៤ ភ្លឺ ដើម្បីចូលធ្វើការងារបោសសម្អាតសំរាម នៅតាមដងផ្លូវម្ដុំសួនវិមានឯករាជ្យ។ អ្នកស្រី មើលឃើញថា បច្ចុប្បន្នការរៀបចំទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ពិសេសនៅបរិវេណសួនវិមានឯករាជ្យ គឺមានសណ្ដាប់ធ្នាប់ល្អ និងការរៀបចំទុកដាក់សំរាមបានត្រឹមត្រូវ តាមពេលវេលាកំណត់។ អ្នកស្រី បន្ថែមទៀតថា ការរៀបចំទុកដាក់សំរាមបានត្រឹមត្រូវធ្វើឲ្យអ្នកប្រមូលសំរាម ក៏ដូចជាអ្នកបោសសំរាមងាយស្រួលក្នុងការប្រមូល ឬបោសសម្អាតបានយ៉ាងឆាប់រហ័ស។

អ្នកស្រី សួង គីមហែម បានឆ្លើយតបបណ្ដើរ និងដៃកាន់អំបោសបោសសម្អាតសំរាមបណ្ដើរ បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា បន្តជួយរក្សាការរៀបចំទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ ដើម្បីឲ្យរាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល គ្មានសំរាមនៅតាមដងផ្លូវនានា នាំឲ្យមានបរិស្ថានស្អាត សណ្ដាប់ធ្នាប់សង្គមល្អ គួរឲ្យចង់រស់នៅ។

ចំណែកឯអ្នកស្រី ថោង ស្រី អាយុ ៣៤ឆ្នាំ អ្នកបោសសម្អាតប្រចាំបរិវេណផ្លូវនរោត្តម ក៏បានប្រាប់កម្ពជាថ្មីថា សម្រាប់កន្លែងដែលអ្នកស្រី បោសសម្អាតជាប្រចាំថ្ងៃឃើញថា ប្រជាពលរដ្ឋមានការគិតគូយកចិត្តទុកដាក់លើបញ្ហាបរិស្ថានណាស់។ ដោយអ្នកស្រី បញ្ជាក់ថា ភាគច្រើនសំរាមដែលធ្លាក់នៅលើដងផ្លូវ មានតែស្លឹកឈើជ្រុះប៉ុណ្ណោះ។ រីឯប្រភេទសំរាមជាដប ឬកំប៉ុង ត្រូវបានវេចខ្ជាប់ទុកដាក់បានត្រឹមត្រូវដាក់ ចូលក្នុងធុងសំរាមសាធារណៈដែលមាននៅតាមមុខផ្ទះ និងនៅតាមគ្រប់ដងផ្លូវ ដែលមានស្រាប់មិនពិបាកឡើយ។ អ្នកស្រី ថោង ស្រី ក៏សំណូមពរទៅប្រជាពលរដ្ឋទាំងអស់ បន្តជួយរៀបចំទុកដាក់សំរាមឲ្យមានសណ្ដាប់ល្អ និងចោលសំរាមឲ្យបានទាន់ពេលវេលាកំណត់ ដើម្បីឲ្យភ្នាក់ងារ​បោសសម្អាត និងអ្នកប្រមូលសំរាមទាំងអស់ ងាយស្រួលប្រមូល និងបោសសម្អាត បានត្រឹមត្រូវ។

ក្នុងនោះដែរ អ្នកស្រី ជ័យ សុរី មិនខុសពីអ្នកបោសសម្អាតដទៃទៀតដែរ អ្នកស្រីថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបច្ចុប្បន្ននេះ មានការយល់ដឹងច្រើនពីបរិស្ថាន។ អ្នកស្រី បញ្ជាក់ថា ការបោសសម្អាតរបស់អ្នកស្រី មិនសូវឃើញសំរាម​រាយប៉ាយនោះទេ ភាគច្រើនមានតែកម្ទេចកម្ទីបន្តិចបន្តួច និងស្លឹកឈើដែលជ្រុះពីដើមឈើដុះនៅតាមមុខផ្ទះតែប៉ុណ្ណោះ។

អ្នកស្រី ជ័យ សុរី ផ្ដាំផ្ញើទៅប្រជាពលរដ្ឋទាំងអស់ បន្តការរៀបចំទុកដាក់សំរាម ដោយវេចខ្ជាប់ទុកដាក់ឲ្យបានត្រឹមត្រូវ ជៀសវាងកុំឲ្យពេលភ្លៀងធ្លាក់មកម្ដងៗ មានសំរាមកកស្ទះធ្វើឲ្យទឹកហូរមិនទាន់ ស្ទះប្រព័ន្ធលូ បណ្ដោលឲ្យមានទឹកលិចតាមដងផ្លូវ ដូចធ្លាប់ឃើញកន្លងមក៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម