Connect with us

ជីវិតកម្សាន្ដ

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន លះបង់ដើម្បីក្បាច់គុនល្បុក្កតោខ្មែរលើសសុខភាពខ្លួនឯង

បានផុស

នៅ

ល្បុក្កតោ​​ គឺជា​ក្បាច់​គុន​​វប្បធម៌​ខ្មែរ​​ដែល​កំពុង​​តែ​មាន​ភាព​ល្បីល្បាញ​​ទូទាំង​ប្រទេស​កម្ពុជា ​​និង​​ពិភព​លោក។ ដោយ​ឡែក​បើ​និយាយ​ដល់​ឈ្មោះ​​ព្រឹទ្ធាចារ្យ​ផ្នែក​ក្បាច់​គុន​បុរាណ​ខ្មែរ “ល្បុក្កតោ” ​គឺ​លោកគ្រូ​ក្រមា​មាស សាន គឹមស៊ាន ច្បាស់​ណាស់​ថា​មាន​មហាជន​ជា​ច្រើន​ពិត​ជា​បាន​ស្គាល់រូបលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​គ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ លោក​គ្រូ​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​ និង​ផ្សព្វផ្សាយ​ក្បាច់​គុន​បុរាណ​ខ្មែរ “ល្បុក្កតោ” រហូត​ពិភព​លោក​បាន​ស្គាល់ និង​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ។ លោក​គ្រូ​តា​ក្រមា​មាស សាន គឹម​ស៊ាន ទោះ​បី​លោក​ ពេល​នេះ​មាន​​អាយុ​ច្រើន​ហើយ​ក្តី តែ​លោក​គ្រូ​តា​បាន​ប្រើ​ពេល​វេលា​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​របស់លោក​ខិតខំ​ប្រឹងប្រែង​ចងក្រង​ឯកសារ​លើក​ស្ទួយ ផ្សព្វផ្សាយ និង​លះ​បង់​ យ៉ាង​ច្រើន​ដើម្បី​វប្បធម៌​ក្បាច់គុន​បុរាណ​ខ្មែរ​”ល្បុក្កតោ”។

យ៉ាង​ណា​មិញ បើ​តាម​ការ​ឱ្យ​ដឹង​ពី​តារា​សម្ដែង​ កញ្ញា ពេជ្រចរណៃ ដែល​ជា​កូន​សិស្ស​លោក​គ្រូតា​បាន​បញ្ជាក់​ប្រាប់«កម្ពុជា​ថ្មី»ថា លោក​គ្រូ​តា​ក្រមា​មាស សាន គឹម​ស៊ាន ពេល​នេះ​បាន​លះបង់​ដើម្បី​វប្បធម៌ ក្បាច់​គុន​ល្បុក្កតោ​ខ្មែរ​លើស​ពី​សុខភាព​ខ្លួន​ឯង​​ទៅ​ទៀត​​។ កញ្ញា​បាន​បន្ត​ថា បើ​ទោះ​បី​ជា​ពេល​នេះ លោក​ធ្លាក់​ខ្លួន​ឈឺ​ក៏ដោយ ប៉ុន្តែ​​លោក​គ្រូ​តា នៅ​តែ​ឆ្លៀត​ចង​ក្រង​ក្បាច់​គុន​បន្ថែម​ទៀត​ដើម្បី​ក្មេង​ៗ ក៏​ដូច​យុវជន​ជំនាន់​ក្រោយ។

តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ បាន​ឆ្លៀត​ពេល​ចុះ​ទៅ​សួរ​សុខទុក្ខ​ដោយ​ផ្ទាល់ ព្រម​​ទាំង​បាន​​​អំពាវ​នាវ ហើយ​សង្ឃឹម​ថា សិស្ស​គុន​ល្បុក្កតោ​ទាំង​អស់​នឹង​ឆ្លៀត​ពេល​ដើម្បី​មក​សួរ​សុខ​ទុក្ខ​លោក​គ្រូតា​អោយ​បាន​គ្រប់​គ្នា។ ក្នុង​នោះ ចរណៃ បាន​ជូនពរ​លោក​គ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន ឱ្យ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា​​ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប ស្តីពី​ការ​ចុះ​គុន”​ល្បុក្កតោ” ​ក្នុង​បញ្ជី​តំណាង​នៃ​បេតិកភណ្ឌ​វប្បធម៌​អរូបី​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​បាន​ឱ្យ​ដឹង​ថា ​កាលពីថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ឆ្នាំ​២០២២ នៅ​ក្នុង​កិច្ច​ប្រជុំ​លើកទី​១៧​ នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​រ៉ាបាត​នៃ​ព្រះរាជាណាចក្រ​ម៉ារ៉ុក​ បាន​អនុម័ត​យល់​ព្រម​ចុះ “គុន​ល្បុក្កតោ” ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​តាម​សេចក្ដី​ សម្រេច17.COM7៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម