Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធនាគារ មាន​នាយកដ្ឋាន ៥ ចំណុះ មាន​ភារកិច្ច​យ៉ាងណា​ខ្លះ?

បានផុស

នៅ

អគ្គនាយកដ្ឋានពន្ធនាគារមានតួនាទីធ្វើជាសេនាធិការ​ជូនរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ។ អង្គភាព​ដែល​គ្រប់គ្រង​ពន្ធនាគារ​ទូទាំងប្រទេស​នេះ​មាន​នាយកដ្ឋាន ៥ ចំណុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋាន​ពន្ធនាគារ​មាន​មុខងារ​និង​ភារកិច្ច​ដូច​ខាងក្រោម៖

– គ្រប់គ្រង​មណ្ឌល​អប់រំកែប្រែ និង​ធ្វើប្រតិភូកម្ម​មុខងារឱ្យ​រដ្ឋបាលរាជធានីខេត្ត ក្នុងការ​គ្រប់គ្រងពន្ធនាគារ​រាជធានី​ខេត្ត ស្របតាម​ច្បាប់ស្តីពី​ពន្ធនាគារ

– ធ្វើសេចក្តីព្រាងនីតិវិធី លិខិតបទដ្ឋានក្រោមច្បាប់ស្តីពីពន្ធនាគារ បទ​បញ្ជា​ស្តីពីការ​គ្រប់គ្រង​មណ្ឌល អប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ដោយសហការ​ជាមួយអង្គភាព​ពាក់ព័ន្ធនានា

– ធ្វើចំណាត់ថ្នាក់​សន្តិសុខ និងឃុំឃាំងជនជាប់ឃុំត្រឹមត្រូវតាមច្បាប់កំណត់

– ដឹកនាំ គ្រប់គ្រងរាល់សកម្មភាព​អនុវត្តច្បាប់ នីតិវិធី និង​លិខិត​បទដ្ឋាន​កំណត់​ក្នុងការឃុំឃាំង​ជនជាប់ឃុំ ធានា​បានសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់។ បង្ការទប់ស្កាត់ និង​ប្រឆាំង​រាល់​ឧបាយកល បង្ក​ចលាចល បំផ្លិចបំផ្លាញ ចាប់ជំរិត ឃាតកម្ម និង​សកម្មភាព​រំដោះ​ជន​ជាប់ឃុំ ដោយ​សហការ​ជាមួយ​អង្គភាពពាក់ព័ន្ធនិង​អាជ្ញាធរមាន​សមត្ថកិច្ច

– គ្រប់គ្រង​ជនជាប់ឃុំ​តាមប្រព័ន្ធទិន្នន័យ

– ចាត់ចែងការដឹក​ជញ្ជូន​ជនជាប់ឃុំឡើង​សវនាការ​តាម​សាលាជម្រះ​ក្តីនានា

– សហការដឹកជញ្ជូន​ជនជាប់ឃុំដែល​ត្រូវផ្លាស់ប្តូរ កន្លែងឃុំឃាំង​ទាំងក្នុងប្រទេស និង​ក្រៅប្រទេស

– សហការជាមួយ​ក្រសួងសុខាភិបាល ដើម្បីអប់រំបង្ការព្យាបាល​ជំងឺជនជាប់ឃុំ និងចាត់កម្លាំងយាមការពារ​ជនជាប់ឃុំ ដែលត្រូវព្យាបាលជំងឺនៅមន្ទីរពេទ្យនានារបស់រដ្ឋ

– ផ្គត់ផ្គង់​របបហូបចុក សម្ភារ​ប្រើប្រាស់ ការស្នាក់នៅ ការថែរក្សាអនាម័យ ការព្យាបាលជំងឺ និងការឧបត្ថម្ភ​ផ្សេងៗទៀត​សមស្របតាមច្បាប់និងបទដ្ឋាននានារបស់រដ្ឋ

– លើកគម្រោង​ផែនការ​ថវិកា សម្ភារ ប្រេងឥន្ធនៈ មធ្យោបាយ​ដឹកជញ្ជូន និង​សម្ភារបច្ចេកទេស​ប្រចាំ ឆ្នាំ​របស់​អគ្គនាយកដ្ឋានពន្ធនាគារ

– គ្រប់គ្រង​មន្ត្រីពន្ធនាគារ ធ្វើសេចក្តីស្នើសុំ​ជ្រើសរើស បណ្ដុះបណ្ដាល ហ្វឹកហ្វឺនជំនាញ តែងតាំង​មុខ​តំណែង ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់មុខងារ ផ្ទេរភារកិច្ច ដាក់ឱ្យចូលនិវត្តន៍ លើកសរសើរ ដាក់វិន័យ និង​អនុវត្ត​គោលនយោបាយនានាតាមការកំណត់របស់ក្រសួងមហាផ្ទៃ

– កសាងផែនការបណ្តុះបណ្តាល និងវិក្រឹតការ​មុខជំនាញ​វិជ្ជាជីវៈមន្ត្រី​ពន្ធនាគារ​ឱ្យបាន​សមស្រប​តាម​ភារកិច្ចរបស់ខ្លួន

– កសាង​គម្រោងផែនការ​សម្រាប់សាងសង់ ជួសជុល និង​អភិវឌ្ឍមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្តឱ្យ​បាន​សមស្រប​តាមច្បាប់ស្តីពីពន្ធនាគារ

– គ្រប់គ្រង ត្រួតពិនិត្យ ចលនទ្រព្យ អចលនទ្រព្យ ទ្រព្យសម្បត្តិ ភស្តុភារ ហិរញ្ញវត្ថុ តាមការ​កំណត់ របស់​ក្រសួងមហាផ្ទៃ

– ធ្វើផែនការ​គណនេយ្យ (ថវិកាប្រចាំឆ្នាំនីមួយៗ)

– ធ្វើសមាហរណកម្ម​មន្ត្រីនានា (ផ្ទេរ ឬសុំចូលក្របខ័ណ្ឌ​មន្ត្រីពន្ធនាគារ )

– សហការ​ជាមួយ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង យុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា កសាង​កម្មវិធីស្តារ​នីតិសម្បទា សិល្បៈ កាយសិក្សា ការសិក្សា អប់រំបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គ្រប់គ្រង​ការអនុវត្តពលកម្ម តាមរយៈ​ឧស្សាហកម្ម សិប្បកម្ម និង​កសិកម្ម ពន្ធនាគារ លើកកម្ពស់ជីវភាព សុខភាពជនជាប់ឃុំ និង​អប់រំកែប្រែពួកគេ​ឱ្យក្លាយទៅ​ជាពលរដ្ឋល្អ ដើម្បីត្រឡប់ ទៅរស់នៅក្នុងសហគមន៍វិញ

– សហការជាមួយ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បី​ប្រគល់​កូន​តាម​ម្តាយ​មាន​អាយុចាប់ពី ៣ ឆ្នាំឡើង ដែលគ្មានអាណាព្យាបាល​ទទួលខុសត្រូវ

– ទំនាក់ទំនង សហការជាមួយក្រុមហ៊ុន សហគ្រាស សិប្បកម្ម កសិកម្មនានា​ក្នុងផ្នែកឯកជននិងគ្រួសារ សាច់ញាតិ ដើម្បីបង្កលក្ខណៈ​ងាយស្រួល​ដល់ជនជាប់ឃុំ​មានវិជ្ជាជីវៈនិងមុខរបរ ដើម្បី​កាត់បន្ថយ​ភាពមិនរាងចាល

– បង្កភាពងាយស្រួលក្នុងការ​ជួយផ្តល់​សេវាផ្លូវច្បាប់ និងសេវាសាធារណៈនានា​ដល់ជនជាប់ឃុំ

– ចាត់តាំង​វាយតម្លៃ​លទ្ធផល​ការអប់រំកែប្រែស្ដារនីតិសម្បទានិ ងបណ្តុះបណ្តាលវិជ្ជាជីវៈ តាម​រយៈ​ក្រុម​ការងារ​ប្រឡងប្រណាំង​នៃមណ្ឌល​អប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត អំពី​កម្រិត​កែប្រែ​របស់​ជនជាប់​ឃុំ ដើម្បី​លើក​សំណើ​បន្ធូរបន្ថយទោស និង​លើកលែង​ទោស​ឱ្យ​ទណ្ឌិត​ម្នាក់ៗ​តាម​ច្បាប់​កំណត់។ អនុវត្តសាលក្រម សាល- ដីការបស់សាលាជម្រះក្តី និង​តាមព្រះរាជក្រឹត្យ​ប្រោសប្រទាន​បន្ធូរបន្ថយ​ទោស លើកលែងទោសពីព្រះមហាក្សត្រ

– សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំ​កសាង​សេចក្តីព្រាងអនុក្រឹត្យ និង​លិខិតបទដ្ឋាននានា ទាក់ទង​នឹងការងារគ្រប់គ្រងពន្ធនាគារ

– ទំនាក់ទំនងសហប្រតិបត្តិការ​ជាមួយស្ថាប័នពាក់ព័ន្ធ​និង​ដៃគូអភិវឌ្ឍនានា​ក្នុងដំណើរការ​អភិវឌ្ឍ​វិស័យ​ពន្ធនាគារ​ស្របតាមក្របខណ្ឌគោលនយោបាយ​កំណែទម្រង់ពន្ធនាគាររបស់ក្រសួងមហាផ្ទ

– ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយអគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការដ្ឋាន បណ្ឌិត្យសភានគរបាល​កម្ពុជា អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន និង​អាជ្ញាធរ​មានសមត្ថកិច្ច ក្នុងវិស័យគ្រប់គ្រង​មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ជាក់ស្តែង​តាមការកំណត់របស់ក្រសួង

– តាមដានត្រួតពិនិត្យក្រុមការងារ​ប្រឡងប្រណាំង​អំពីកម្រិតកែប្រែរបស់ទណ្ឌិត

– ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្តរបស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ តាមការ កំណត់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

– ទទួល​អនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ប្រគល់ឱ្យ

លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ

អគ្គនាយកដ្ឋានពន្ធនាគារដឹកនាំដោយអគ្គនាយកមួយរូប និង​មានអគ្គនាយករងជាជំនួយការ​តាមការកំណត់។

អគ្គនាយកដ្ឋានពន្ធនាគារ មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១- នាយកដ្ឋានរដ្ឋបាលសរុប
២- នាយកដ្ឋានប្រតិបត្តិ
៣- នាយកដ្ឋានអប់រំកែប្រែនិងស្តារនីតិសម្បទា
៤- នាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
៥- នាយកដ្ឋានសន្តិសុខពន្ធនាគារ។

ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធនិង​របៀបរបបធ្វើការងារ​របស់ការិយាល័យ​ចំណុះឱ្យ​នាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ត្រូវកំណត់​ដោយប្រកាស​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម