Connect with us

ព័ត៌មានជាតិ

លោក កែវ រ៉េមី៖ ប្រទេសខ្លះមិនរីករាយនឹងកម្ពុជាឡើយ ខណៈមិនអាចជ្រៀតចូលផ្ទៃក្នុងកម្ពុជាបាន

បានផុស

នៅ

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងថា អន្តរជាតិមួយចំនួនមិនសប្បាយរីករាយជាមួយនឹងកម្ពុជាឡើយ នៅពេលដែលអ្នកទាំងនោះ មិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោក កែវ រ៉េមី ខណៈពេលដែលបច្ចុប្បន្ន ក៏ដូចជាពេលកន្លងមក បណ្ដាប្រទេសមួយចំនួន ពិសេសប្រទេសមហាអំណាចតែងតែរិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយព្យាយាមលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្រោមហេតុផលលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ឆ្លើយតបនឹងបញ្ហានេះ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ លោក កែវ រ៉េមី លើកឡើងដូច្នេះថា «ប្រទេសមួយចំនួនគាត់អត់សប្បាយរីករាយជាមួយកម្ពុជាទេ ដោយសារគាត់ជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជាអត់បាន» ។ ក្នុងន័យនេះ លោក កែវ រ៉េមី បានសម្ដែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំពង្រឹងនូវឯករាជ្យភាព អធិបតេយ្យភាពជាតិរបស់ប្រទេស ហើយមិនអនុញ្ញាតឱ្យបរទេសណាអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងបាន ដោយរក្សាបាននូវភាពជាម្ចាស់ការលើខ្លួនឯង។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បានបន្ថែមថា បើប្រៀបធៀបអំពីស្ថានភាពសិទ្ធិមនុស្សវិញ ប្រទេសទាំងនោះ ក៏ស្ថានភាពសិទ្ធិមនុស្សមិនមានអ្វីល្អប្រសើរជាងកម្ពុជានោះដែរ។ លោកបញ្ជាក់ថា ប្រទេសខ្លះតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែនៅតែមានការរើសអើងជាតិសាសនា ពណ៌សម្បុរ រហូតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ប្រទេសលោកខាងលិច បានរើសអើងយ៉ាងខ្លាំងចំពោះជនជាតិអាស៊ី ដែលនេះក៏ជាការរំលោភទៅលើសិទ្ធិមនុស្សដែរ។  

ជាការកត់សម្គាល់របស់លោក កែវ រ៉េមី កម្ពុជា មិនមែនជាប្រទេសជាប់ចំណាប់ថ្នាក់លេខ១ ខាងសិទ្ធិសេរីភាព ឬគោរពសិទ្ធិមនុស្សបានល្អក៏ពិតមែន ប៉ុន្តែលោកអាចនិយាយបានថា កម្ពុជា បានធានា និងផ្ដល់សុខសន្តិភាព និងសេចក្ដីសុខគ្រប់គ្រាន់ដល់ប្រជាជនគ្រប់ៗរូប ស្របតាមច្បាប់ជាធរមាន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម