ព័ត៌មានជាតិ
រដ្ឋមន្រ្តីពិចារណាយកផ្លូវវាងត្រង់ចំណុចបាក់ស្រុតប្រើប្រាស់ជាផ្លូវការ ជំនួសគន្លងផ្លូវចាស់
ខណៈដែលផ្លូវវាងលើកំណាត់ផ្លូវជាតិលេខ ៧៦ ក្នុងខេត្តមណ្ឌលគិរីដែលបាក់ស្រុតត្រូវបានកំពុងជួសជុលដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន រដ្ឋមន្រ្តីក្រសួងសាធារណការក៏ពិចារណាលើការប្រើប្រាស់ផ្លូវវាងជំនួសគន្លងផ្លូវចាស់ប៉ុន្តែត្រូវសិក្សាលក្ខណៈបច្ចេកទេសនិងតម្លៃជួសជុលសិន។
ក្នុងពេលចុះពិនិត្យការខូចខាតកំណាត់ផ្លូវជាតិលេខ ៧៦ ដែលបាក់ស្រុតនៅរសៀលថ្ងៃនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការបានអះអាងថា ក្រសួងកំពុងពិនិត្យលទ្ធភាពលើការយកផ្លូវវាងជំនួសគន្លងផ្លូវចាស់ដែលបានបាក់ស្រុក តែត្រូវសិក្សាពីលក្ខខណៈបច្ចេកទេសនិងតម្លៃសាងសង់សិន។
លោកបញ្ជាក់ថា បន្ទាប់ពីការពិនិត្យស្ថានភាពជាក់ស្តែង កំណាត់ផ្លូវនេះអាចនឹងត្រូវសិក្សាលើកគម្រោងជួសជុល ដោយមានពីរជម្រើសគឺ៖ (១) ជួសជុលឡើងវិញលើគន្លងផ្លូវចាស់ និង (២) សិក្សាពិនិត្យលទ្ធភាពសាងសង់លើគន្លងផ្លូវវាងថ្មីនេះតែម្តង។ ជម្រើសក្នុងការជួសជុល នឹងពិនិត្យសម្រេច បន្ទាប់ពីឆ្លងកាត់ការពិភាក្សាលម្អិត និងស៊ីជម្រៅ ទាំងផ្នែកបច្ចេកទេសពាក់ព័ន្ធ និងផ្នែកហិរញ្ញវត្ថុ។
លោករដ្ឋមន្រ្តីបានវាយតម្លៃថា កំណាត់ផ្លូវដែលបាក់ស្រុតមានទំហំធំ ហើយត្រូវការចំណាយជួសជុលច្រើន។ ខណៈផ្លូវវាងដែលបានជួសជុលប្រើប្រាស់បណ្តោះអាសន្ន បើមានលក្ខណៈបច្ចេកទេសសមស្របអាចនឹងគិតគូរយកមកប្រើប្រាស់ជំនួសគន្លងផ្លូវចាស់ដែលបាក់ស្រុតតែម្តង។
ដោយឡែកជុំវិញមូលហេតុនៃការរអិលបាក់ស្រុតដី បើតាមលោករដ្ឋមន្រ្តីគឺបណ្តាលមកពីកត្តាភ្លៀងធ្លាក់ជាប់ៗគ្នាច្រើន ដែលនាំឱ្យមានទឹកហូរច្រោះដាច់ដីខាងក្រោមផ្លូវ។
ទាក់ទងកំណាត់ផ្លូវជាតិលេខ ៧៦ លោករដ្ឋមន្ត្រីបានវាយតម្លៃថានៅតែមានគុណភាពអាចប្រើប្រាស់បាន ខណៈផ្លូវនេះបានបើកការដ្ឋានសាងសង់តាំងពីឆ្នាំ ២០០៨ និងសម្ពោធប្រើប្រាស់នៅឆ្នាំ ២០១២។
បើតាមលក្ខណៈបច្ចេកទេសផ្លូវប្រភេទ DBST មានអាយុកាលប្រើប្រាស់ត្រឹម ៧ ទៅ ៨ ឆ្នាំ តែផ្លូវជាតិលេខ ៧៦ នៅតែមានគុណភាពអាចធានាការប្រើប្រាស់តទៅមុខទៀតបាន។ យ៉ាងណាមិញ លោករដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីឲ្យកំណាត់ផ្លូវនេះនៅតែអាចប្រើប្រាស់ល្អប្រសើរក៏ត្រូវការថវិកាបន្ថែមលើការថែទាំ ដើម្បីធានាការប្រើប្រាស់រាប់សិបឆ្នាំទៀត។
ផ្លូវជាតិលេខ ៧៦ (ស្នួល-សែនមនោរម្យ) មានប្រវែង ១២៧ គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនានៅក្នុងខែកុម្ភៈឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនានៅក្នុងខែមីនា ឆ្នាំ២០១១ ដោយក្រុមហ៊ុន CRBC ចំណាយថវិកាសាងសង់ចំនួន ៥១ ៩០០ ០០០ ដុល្លារអាមេរិក។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។
គិតចាប់ពីពេលស្ថាបនារួចមកមានរយៈពេលជាង ១២ ឆ្នាំ ផ្លូវជាតិលេខ ៧៦ នេះ មិនធ្លាប់មានការខូចខាតដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមក។ ដោយឡែកនៅយប់ថ្ងៃទី ០១ សីហា ២០២៣ កំណាត់ផ្លូវជាតិខាងលើនៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដីចន្លោះ PK94+080 – PK94+150 និងបន្តមានស្នាមប្រេះបន្ថែមនៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង ១៦៦ ម៉ែត្រ (រអិលបាក់ដី ៧០ ម និងស្នាមប្រេះ ៩៦ ម)។
យ៉ាងណាអាជ្ញាធរបានស្ថាបនាផ្លូវវាងត្រង់ចំណុចបាក់ស្រុត និងគិតត្រឹមថ្ងៃទី ០៨ សីហានេះ បានបើកឱ្យចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់