Connect with us

ព័ត៌មានជាតិ

កសិករដាំពោតក្នុងស្រុកកំពង់សៀម រងផលប៉ះពាល់ពីជំនន់ទឹកទន្លេ

បានផុស

នៅ

លោក លាង ជិនឡុង ជាកសិករដាំដំណាំពោតក្រហម រស់នៅភូមិព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម បានឲ្យដឹងថា សព្វថ្ងៃគាត់បានដំណាំពោតក្រហមនៅលើផ្ទៃដីទំហំប្រមាណជា ១០ហិកតា ប៉ុន្តែដោយសារទឹកជំនន់ជន់លឿនពេក ធ្វើឲ្យគាត់ប្រមូលផលមិនបាន១០% ផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែជំនន់ទឹកទន្លេមេគង្គនាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យកសិកររូបនេះក៏ដូចជាផ្ទៃដីបង្កបង្កើនផលរបស់ប្រជាកសិករផ្សេងៗទៀត ទទួលរងផលប៉ះពាល់ និងបង្ខំចិត្តប្រមូលទាំងខ្ចីតែម្ដង។ កសិកររូបនេះ បានរៀបរាប់អំពីបញ្ហាប្រឈម ក្នុងពេលប្រមូលផលនាអំឡុងពេលទឹកលិចនេះ ទាក់ទងទៅនឹងមធ្យោបាយដឹកជញ្ជូន កំលាំងពលកម្ម និងថ្លៃឈ្នួលមានតម្លៃខ្ពស់ជាដើម ។

ប្រជាកសិករជាច្រេីនគ្រួសារក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលដាំពោតក្រហម ពេលនេះកំពុងសំរុកនាំគ្នាកាច់យកផ្លែ និងគ្រួសារខ្លះទៀតកាច់យកមកធ្វេីចំណីសត្វគោទៅវិញ។ រយៈពេលប៉ុន្មានថ្ងៃនេះ ទឹកទន្លេមេគង្គបានហក់ឡេីងរហូតពុំទាន់ស្រកទៅវិញ បណ្តាលឲ្យផ្ទៃដីចំការពោតក្រហមរបស់ពលរដ្ឋប្រមាណ៥០% នៃផ្ទៃដីដំណាំពោតត្រូវជន់លិច ខណៈមិនទាន់ប្រមូលផល។ កសិករដែលកំពុងកាច់ពោតក្រហម នៅឃុំ​កោះមិត្ត នៃស្រុកកំពង់សៀម បានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំអ្នកភូមិត្រូវដាំដុះនៅអំឡុងខែ៤ រហូតដល់ខែ៧ បានប្រមូលផលរួចហេីយ តែឆ្នាំនេះបែបជានាំគ្នាមកដាំក្នុងខែ៥ ខ្លះដាំដុះខែ៦ទៅវិញ ពោលគឺមិននឹកស្មានមានបញ្ហាទឹកជំនន់ឡេីយ ។

ទន្ទឹមនឹងនេះដែរ ប្រជាកសិករដែលរងផលប៉ះពាល់ដំណាំពោតក៏បានបញ្ជាក់ទៀតថា បេីទោះជាខាតបង់ក៏ដោយ ប៉ុន្តែបេីទឹកជំនន់ជន់លិចដីស្រែចម្ការនោះពិតជាល្អទៅវិញនូវដំណាំដាំដុះ ព្រោះបានធ្វេីផ្ទៃដីមានជីវជាតិ និងមិនសូវព្រួយបារម្ភរឿងបញ្ហាសត្វល្អិតពេលបង្កបង្កេីនដំណាំកសិកម្មឡេីយ។

លោក វ៉ែន នាង មេឃុំកោះមិត្ត នៃស្រុកកំពង់សៀម បានបញ្ជាក់ប្រាប់ថា ការហក់ឡើងទឹកទន្លេមេគង្គនៅពេលនេះ បានធ្វេីឱ្យមានផលប៉ះពាល់ដល់ដំណាំពោតរបស់កសិករប្រមាណជិត១០០ហិកតា ក្នុងចំណោមផ្ទៃដីដំណាំពោតក្រហមសរុបប្រហែល៣០០ហិកតា ដែលមាននៅក្នុងឃុំកោះមិត្ត ហេីយបើសិនជាទឹកទន្លេមេគង្គ នៅតែបន្តហក់ឡើងខ្លាំងទៀតនោះ នឹងមានផលប៉ះពាល់ដល់ដំណាំពោតរបស់អ្នកភូមិបន្ថែមទៀត៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម