Connect with us

ព័ត៌មានជាតិ

អ្នកជំនាញពិធីការការទូតកម្ពុជា បកស្រាយរឿងលោក វ៉ាង យី ដោះក្រវ៉ាត់កចេញពេលជួបរដ្ឋមន្រ្តីការបរទេសសិង្ហបុរី

បានផុស

នៅ

«ពិធីការការទូត បានផ្សារភ្ជាប់ជាមួយនយោបាយ បើមិនយល់ពីពិធីការទេនោះ អាចនឹងនាំឱ្យខូចដល់ប្រយោជន៍ជាតិ»។ នេះជាការលើកឡើងរបស់ម្ចាស់សៀភៅ «ពិធីការជាតិ និងអន្តរជាតិ» លោកសាស្ត្រាចារ្យបណ្ឌិត ឥន សុផល នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោកសាស្ត្រាចារ្យបណ្ឌិត ឥន សុផល គឺក្រោយផ្ទុះការចាប់អារម្មណ៍ទៅលើករណីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានទាញក្រវាត់កចេញភ្លាមៗ ក្នុងពេលដែលលោកជួបជាមួយលោករដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដោយសារតែពេលនោះរដ្ឋមន្ត្រីការបរទេសសិង្ហបុរី មិនបានពាក់ក្រវាត់ក។ លោករដ្ឋមន្ត្រីការបទេសចិន ទទួលបានការកោតសរសើរជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីលោក បានបង្ហាញកាយវិការដ៏គួរឱ្យគោរពបែបនេះទៅដល់សមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

ជុំវិញបញ្ហានេះ លោកបណ្ឌិត ឥន សុផល បានលើកឡើងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ថា «ឈ្វេងយល់ពីពិធីការការទូត! ទស្សនកិច្ចផ្លូវការ ត្រូវស្លៀកពាក់ Lounge Suit / Formal Dress»។ ក្នុងន័យនេះ លោកបណ្ឌិត ចង់សំដៅដល់ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ទៅកាន់ប្រទេសសិង្ហបុរី ដែលភាគីម្ចាស់ផ្ទះស្លៀកពាក់ជា Smart Casual (ស្លៀកពាក់ពាក់កណ្តាលផ្លូវការ) ប៉ុន្តែលោក វ៉ាង យី ជាភ្ញៀវស្លៀកពាក់ Lounge Suit (ស្លៀកពាក់ផ្លូវការការទូត)។

បើតាមលោកបណ្ឌិត ឥន សុផល កាយវិការបែបនេះអាចហៅថា Protocol Error គឺមានន័យថា កំហុសពិធីការ ឬ ជាចេតនាមិនផ្តល់តម្លៃដល់រដ្ឋមន្ត្រីការបរទេសចិន។ ដូច្នេះ លោក វ៉ាង យី បានឆ្លើយតបភ្លាមៗនៅចំពោះមុខតែម្តង គឺការដោះក្រវ៉ាត់កចេញទាំងអស់គ្នា។

លោកបណ្ឌិត ឥន សុផល បានចាត់ទុកលោក វ៉ាង យី ពិតជាប្រមុខការទូតពោរពេញទៅដោយបទពិសោធន៍ ដែលមានប្រតិកម្មរហ័សភ្លាមៗតែម្តង ដើម្បីបង្ហាញដល់ភាគីសិង្ហបុរី ថា «ចិនមិនអាចប្រមាថបាននោះទេ»។ លោកបណ្ឌិត ក៏បានបញ្ជាក់ដែរថា ពិធីការការទូតបានផ្សារភ្ជាប់ជាមួយនឹងនយោបាយ តែបើមិនយល់ពីពិធីការទេនោះ អាចនឹងនាំឱ្យខូចដល់ប្រយោជន៍ជាតិ។

ប៉ុន្តែ យ៉ាងណាក្ដី ដោយកំហុសអចេតនា រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Balakrishnan ក៏បាននិយាយសុំទោសទៅកាន់រដ្ឋមន្ត្រីការបរទេសចិនផងដែរ សម្រាប់ការមិនពាក់ក្រវាត់កក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការមួយនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម