ព័ត៌មានជាតិ
ក្រុមសហជីព មិនទាន់កំណត់យកតួលេខណាមួយ ដើម្បីប្រជុំចរចាកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤ នៅឡើយទេ
ក្រុមសហជីព នៅមិនទាន់កំណត់យកតួលេខណាមួយ ដើម្បីប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិត នៅក្នុងផ្នែកវាយនភណ្ឌកាត់ដេរនៅក្នុងឆ្នាំ ២០២៤ នៅឡើយទេ។ នេះបើតាមលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ដែលនឹងចូលរួមកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលកម្មករ-និយោជិត។
នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំអាណត្តិទី ៣ លើកទី ១ ស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤។ កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែសីហានេះថា ក្រុមសហជីព នៅមិនទាន់ ជួបប្រជុំគ្នាសម្រេចយកតួលេខណាមួយ នៅឡើយទេ។ ប៉ុន្តែកន្លងមក ក្រុមសហជីព បានជួបជុំគ្នាម្ដងរួចមកហើយ ដើម្បីបោះឆ្នោតជ្រើសរើសអនុប្រធានតំណាងកម្មករ-និយោជិត។ ក្រោយពីការបោះឆ្នោត គឺអនុប្រធានតំណាងកម្មករ-និយោជិត បានទៅលើលោក គឹម ចាន់ សំណាង ដដែល។
លោក ហ្វា សាលី ឲ្យដឹងបែបនេះថា «ទាក់ទងនឹងការពិភាក្សាគ្នាអំពីការរើសតួលេខណាមួយ ដើម្បីដាក់ចរចានោះ គឺយើងនៅពុំទាន់បានជជែកនៅឡើយទេ ហើយការជជែកនោះវាជារៀងរាល់ឆ្នាំ ពុំសូវស្របគ្នានោះទេ ភាគីមួយៗតែងតែប្រកាន់យកជំហរផ្សេងៗគ្នា»។
ប្រធានសម្ព័ន្ធសហជីពជាតិ បង្ហាញក្ដីសង្ឃឹមថា ក្រុមសហជីពដែលមានភាពចាស់ទុំនោះ នឹងរកតួលេខណាមួយរួមគ្នា ដើម្បីដាក់ជូនទៅក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល សម្រាប់ការចរចា។ លោកបន្ថែមថា «ប៉ុន្តែវាក៏អត់ទាន់ហួសពេល ដោយ សារតែជាទូទៅយើងមានការប្រជុំច្រើនលើកច្រើនសារ ៦, ៧ដងឯណោះ ឬក៏អាចលើសហ្នឹង»។
តាមលោក ហ្វា សាលី បច្ចុប្បន្ននេះសេដ្ឋកិច្ចពិភពលោក កំពុងជួបបញ្ហាលំបាកទៅៗ ហើយវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង កាបូប និងសម្ភារធ្វើដំណើរ ក៏កំពុងមានការផុយស្រួយផងដែរ។ ម្យ៉ាងទៀត បច្ចុប្បន្ននេះវិស័យនេះ ក៏កំពុងមិនសូវមានការងារធ្វើ ហើយអ្នកបញ្ជាទិញក៏បានកាត់បន្ថយការបញ្ជាទិញដែរ ដោយសារតែវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
លោកថា «យើងក៏ពុំដឹងថា តើការដំឡើងប្រាក់ឈ្នួលជូនបងប្អូនកម្មករហ្នឹង យើងអាចទទួលបានកម្រិតណានោះដែរ ពីព្រោះយើងត្រូវពិនិត្យមើលទៅលើស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននេះ ហើយយើងក៏សង្ឃឹមថា អាណត្តិថ្មីនេះ ដែលមានលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី ក៏សង្ឃឹមថា នឹងមានកាដូណាមួយ សម្រាប់ជូនបងប្អូនកម្មករ-និយោជិតយើង»។
សូមជម្រាបថា នៅឆ្នាំ ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ទទួលបានចំនួន ២០០ដុល្លារអាមេរិក។ តួលេខនេះ នៅមិនទាន់បូកបញ្ចូលនូវប្រាក់ និងអត្ថប្រយោជន៍ផ្សេងៗទៀត នៅឡើយទេ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១២ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ