ព័ត៌មានជាតិ
សម្ដេច ស ខេង ជឿជាក់ថា វិមានឯករាជ្យខេត្តបាត់ដំបង និងសមិទ្ធផលមួយចំនួនទៀត នឹងរួមចំណែកទាក់ទាញទេសចរ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញជំនឿចិត្តថា វិមានឯករាជ្យនៅខេត្តបាត់ដំបង និងសមិទ្ធផលមួយចំនួន នឹងរួមចំណែកទាក់ទាញទេសចរ ហើយធ្វើឲ្យចំណូលក្នុងខេត្តនេះ កាន់តែកើនឡើង។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បង្ហាញជំនឿចិត្តបែបនេះ ខណៈ សម្ដេច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់ ៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ នេះ។
សម្ដេចក្រឡាហោម ស ខេង បង្ហាញជំនឿចិត្តថា «វិមានឯករាជ្យ ព្រមទាំងសមិទ្ធផលសម្ពោធ នាថ្ងៃនេះ នឹងរួមចំណែកទាក់ទាញទេសចរក្នុងខេត្តបាត់ដំបង ហើយធ្វើឲ្យចំណូលក្នុងខេត្ត កាន់តែកើនឡើង»។ សម្ដេចក្រឡាហោម មានជំនឿថា ទីតាំងនេះ នឹងទាក់ទាញទាំងពលរដ្ឋមកដើរកម្សាន្ត និងហាត់ប្រាណ។ ជាមួយនោះ សម្ដេច ក៏បានអំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យ ហើយបន្តរួមគ្នាដាំដើមឈើឲ្យបានច្រើនបន្ថែមទៀត។
ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងកែលម្អសោភណភាពក្រុងបាត់ដំបងជាបន្តបន្ទាប់ ជាក់ស្ដែង វិមានឯករាជ្យ និងសមិទ្ធផលនានា ដែលប្រារព្ធពិធីសម្ពោធថ្ងៃនេះ ធ្វើឲ្យខេត្តកាន់តែមានភាពទាក់ទាញ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តបាត់ដំបង ដែលពេញមួយនីតិកាលទី ៦ មកនេះ បានខិតខំបំពេញភារកិច្ចចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាពជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ ទាំងកម្រិតខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ធ្វើឲ្យពលរដ្ឋមានភាពកក់ក្ដៅ ជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
សម្ដេច ស ខេង សង្ឃឹមជឿជាក់ថា រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់ដំបង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឲ្យបានកាន់តែល្អប្រសើរទៀត នៅនីតិកាលថ្មី។ ក្នុងនោះ សម្ដេច បានណែនាំឲ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ, យកចិត្តទុកដាក់ប្រមូលសំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា។
នាឱកាសនោះ សម្ដេច ស ខេង បានរម្លឹកអំពីសាវតារដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបែងចែកថ្នាក់ដឹកនាំចុះលើកទឹកចិត្ត និងគាំទ្រថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសកងទ័ពកំពុងការពារមិនឲ្យរបបខ្មែរក្រហមវិលត្រឡប់មកវិញ។ សម្ដេច សង្កត់ធ្ងន់ថា ចាប់ពីពេលនោះហើយដែល គណបក្ស និងរាជរដ្ឋាភិបាល បានបន្តចាត់ចែងបង្កើតក្រុមការងារចុះមូលដ្ឋានរហូតមកដល់សព្វថ្ងៃ។
សម្ដេចក្រឡាហោម គូសបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង មានសមិទ្ធផលជាច្រើនបានបង្កើតឡើង និងកំពុងបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ៕
អត្ថបទ ៖ ពិសី
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២១ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?