ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន សំណូមពរឲ្យបន្តអភិរក្សស្ពានកំពង់ក្ដីដែលមានអាយុកាលជាង ១ ពាន់ឆ្នាំ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ឲ្យបន្តអភិរក្សស្ពានកំពង់ក្ដីដែលជាស្ពានបូរាណមានអាយុកាលជាង ១ ពាន់ឆ្នាំមកហើយនោះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សំណូមពរបែបនេះ ខណៈពេលអញ្ជើញពិនិត្យមើលស្ពានកំពង់ក្ដី ខេត្តសៀមរាប នារសៀលថ្ងៃពុធ ១៥ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ នេះ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មនៅខេត្តឧត្តរមានជ័យ សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញឆ្លៀតធ្វើដំណើរពិនិត្យមើលស្ពានកំពង់ក្តី ដែលមានអាយុកាលជាង ១ ពាន់ឆ្នាំ។ ស្ពាននេះ មានទីតាំងនៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តី ប្រហែល ៥០ ម៉ែត្រ ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាស្ពានបុរាណសម័យអង្គរ សង់ពីថ្មបាយក្រៀម និងថ្មភក់ មានបណ្ដោយ ៨៦ ម៉ែត្រ ទទឹង ១៦ ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។

តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃនាគ និងថ្មគោល គឺ ស្ថិតនៅក្នុងរចនាបថបាយ័ន (១១៨១-១២២០)។ ស្ពាននេះ ក៏ត្រូវបានជួសជុលពីរដងរួចមកហើយដែរ គឺលើកទី១ នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី ២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមជំនួយបច្ចេកទេសរបស់សាលាបារាំងចុងបូព៌ា។

ស្ពាននេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ដោយសារអាយុកាល ធម្មជាតិ និងមនុស្ស។ សព្វថ្ងៃស្ពាននេះ ត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់បញ្ចៀសការឆ្លងកាត់ ដោយទុកស្ពាននេះសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត និងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។

ខណៈនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏ជួបសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ និងខេត្តសៀមរាប ផងដែរ៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង