ព័ត៌មានជាតិ
មជ្ឈមណ្ឌលបុប្ផាណា ចាក់បញ្ចាំងភាពយន្តឯកសារ ស្ដីពី ជីវិត និងវប្បធម៌ជនជាតិដើមភាគតិច
ភាពយន្តឯកសារ ស្ដីពី ជីវិត និងវប្បធម៌ជនជាតិដើមភាគតិច ដែលផលិតក្រុមយុវជនជនជាតិដើមភាគតិច ទំពួន និងចារ៉ាយ មកពីស្រុកបរកែវ និងស្រុកអូរជុំ នៃខេត្តរតនគិរី ជាច្រើន ត្រូវបានចាក់បញ្ចាំងនៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផា ណា កាលពីល្ងាចថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣។
កញ្ញា កាសល់ ស៊ីនួន និស្សិតជំនាញអភិវឌ្ឍសហគមន៍ និងជាមនុស្សដំបូងគេ នៃសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ដែលបានសិក្សាបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងថ្នាក់បរិញ្ញាបត្រ បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា មូលហេតុដែលកញ្ញារៀបចំផលិតភាពយន្តឯកសារ ស្ដីពី ជីវិត និងវប្បធម៌ជនជាតិដើមភាគតិចនេះឡើង ដោយសារតែកញ្ញាចង់បង្ហាញពីសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ដូចជា៖ បញ្ហាហិង្សាក្នុងគ្រួសារ ការប្រកបរបរចិញ្ចឹមជីវិត និងភាពអសន្តិសុខក្នុងសហគមន៍របស់កញ្ញាផ្ទាល់។
យុវតីរូបនេះ បានផលិតរឿងខ្លីមួយមានចំណងជើងថា៖ “គ្រាន់ជាសុបិន” សាច់រឿងផ្ទាល់ ស្ដីពី ជីវិតពិតរបស់ស្រ្តីមេផ្ទះជនជាតិដើមភាគតិចចារ៉ាយ ដែលចង់បានគ្រួសារមួយដែលមានសុភមង្គលដូចមនុស្សទូទៅដែរ។ កញ្ញា កាសល់ ស៊ីនួន បានបញ្ជាក់ថា គោលបំណងធំបំផុតនោះ គឺកញ្ញាចង់ឃើញសហគមន៍របស់ខ្លួន មានការអភិវឌ្ឍជឿនលឿន និងកាត់បន្ថយហិង្សាក្នុងគ្រួសារចំពោះស្រ្តីមេផ្ទះ ដែលជាជនជាតិដើមភាគតិចចារ៉ាយ។
ជាមួយគ្នានេះដែរ កញ្ញា សា រ៉ាឌី និស្សិតជំនាញទេសចរណ៍ និងជាជនជាតិដើមភាគតិចទំពួនទី ១ ដែលបានមកសិក្សានៅរាជធានីភ្នំពេញ មកពីស្រុកអូរជុំ ខេត្តរតនគិរី ក៏មានទស្សនៈចង់បង្ហាញប្រាប់សាធារណៈជន ឲ្យបានមើលឃើញពីបញ្ហាប្រឈមផ្សេងៗ របស់ស្រ្តីជនជាតិដើមភាគតិច ដែលកើតមាន នៅក្នុងសហគមន៍របស់កញ្ញាផ្ទាល់។
ជាក់ស្ដែង កញ្ញា បានផលិតរឿងមួយមានចំណងជើងថា៖ “មិនអាចបំភ្លេច” ដែលឆ្លុះបញ្ចាំងពីជីវិតសិល្បៈរបស់ស្រ្តីមេម៉ាយជនជាតិដើមភាគតិច ដែលតស៊ូខិតខំតស៊ូរកលុយដើម្បីចិញ្ចឹមកូន មិនថាយប់ ឬថ្ងៃ ទោះបីត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ កញ្ញា សា រ៉ាឌី បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់ជនជាតិដើមភាគតិចទាំងអស់ ឲ្យក្លាហាន និងហ៊ានផ្សព្វផ្សាយពីបញ្ហា ដែលកើតមានក្នុងសហគមន៍របស់ខ្លួនផ្ទាល់ ដើម្បីធ្វើឲ្យសហគមន៍មានការរីកចម្រើន និងការអភិវឌ្ឍជឿនលឿន ដូចសហគមន៍ទូទៅដែរ។
ចំណែក លោក ជា សុភាព នាយកគ្រប់គ្រងទូទៅ នៅមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ក៏បន្ថែមប្រាប់សារព័ត៌មានកម្ពុជាថ្មីដែរថា កន្លងមកមជ្ឈមណ្ឌលបុប្ផាណា បានបណ្ដុះបណ្ដាលដល់យុវជនជំនាន់ក្រោយ ដើម្បីឲ្យយុវជនចេះចងក្រងការចងចាំ ឬឯកសារភាពយន្តផ្សេងៗ ដែលប្រឈមនឹងការបាត់បង់។
ជាក់ស្ដែង បុប្ផាណា បានបានបណ្ដុះបណ្ដាលកសាងសមត្ថភាព ដល់ជនជាតិដើមភាគតិចប្រមាណជាង ៥០នាក់ ឲ្យយុវជនទាំងនោះ មានឱកាសបង្ហាញពីបញ្ហាសង្គម ដែលកើតមានក្នុងសហគមន៍របស់ពួកគេ ដើម្បីជំរុញក្រែប្រែ និងអភិវឌ្ឍសហគមន៍របស់ជនជាតិដើមភាគតិចទាំងអស់ផងដែរ។
លោក ជា សុភាព បន្ថែមទៀតថា នៅមជ្ឈមណ្ឌលរបស់លោក មិនត្រឹមតែមានការផលិតឯកសារភាពយន្ត ស្ដីពី ជីវិត និងវប្បធម៌ជនជាតិដើមភាគតិច តែប៉ុណ្ណោះទេ។ ក្នុងនោះ ក៏បានរៀបចំកម្មវិធី និងគម្រោងជាច្រើនដូចជា៖ ទី១. ការបន្លឺសំឡេងស្ត្រីជនជាតិដើមភាគតិច ទី២. ការបង្កើតបណ្ណាសារជនជាតិដើមភាគតិច និងទី៣. សិល្បៈនៃការផ្លាស់ប្ដូរវិជ្ជមាន របស់ជនជាតិដើមភាគតិចទាំងអស់ មាននៅក្នុងប្រទេសកម្ពុជា។
ដើម្បីរំឮក និងចូលរួមអបអរសាទរ “ទិវាជនជាតិដើមភាគតិចពិភពលោក” លើកទី ២៩ និងលើកទី ១៩ នៅកម្ពុជា មជ្ឈមណ្ឌលបុប្ផាណា រួមសហការជាមួយអង្គការភាពយន្តឈូករ័ត្ន បានបង្កើតកម្មវិធីបញ្ចាំងភាពយន្តឯកសារពិសេស ស្ដីពី ” ជីវិត និងវប្បធម៌ជនជាតិដើមភាគតិច” របស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ដែលដឹកនាំផលិតផ្ទាល់ដោយក្រុមយុវជនជនជាតិដើមភាគតិច៕
អត្ថបទ៖ សួស សិត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់