ព័ត៌មានជាតិ
សម្ដេច ស ខេង បញ្ជាក់ជាថ្មីថា សម្ដេច មិនបានបន្តធ្វើការងារនៅក្រសួងមហាផ្ទៃ ក្នុងអាណត្តិថ្មីនេះទេ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី ៧នេះ សម្ដេច មិនបន្តធ្វើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ។ ការបញ្ជាក់នេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ជាថ្មីទៀតថា សម្រាប់នីតិកាលថ្មីឆាប់ៗខាងមុខនេះ សម្ដេចមិនបានបន្តធ្វើការងារនៅអគារថ្មីក្រសួងមហាផ្ទៃ និងក្នុងរាជរដ្ឋាភិបាលនោះទេ។ ប៉ុន្តែសម្ដេចគាំទ្ររាជរដ្ឋាភិបាលថ្មីពេញទំហឹង ដើម្បីឲ្យរាជរដ្ឋាភិបាលថ្មីអាចជំនះបាននូវបញ្ហាទាំងឡាយដែលបាននិងកំពុងកើត និងកើតនាពេលខាងមុខ ដើម្បីនាំកម្ពុជារក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតទៅមុខ។
សម្ដេចក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើថា ការកសាងស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំឲ្យបានល្អនូវតួនាទី ភារកិច្ច របៀបរបបធ្វើការងារ ការសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើ មន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នា ដោយប្រកាន់ យកគោលការណ៍ស្មោះត្រង់ជាមួយគ្នា គឺជាគោលការណ៍សំខាន់ត្រូវបន្តអនុវត្ត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផជូនជាតិ និងប្រជាជន។
សម្ដេចបន្ថែមថា «ខាងលើក៏ស្មោះត្រង់ជាមួយខាងក្រោម ខាងក្រោមក៏ស្មោះត្រង់ជាមួយខាងលើ មិនត្រូវភូតកុហុក ហើយក៏មិនត្រូវមានល្បិចកលជាមួយគ្នាទេ។ យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ។ អាចយើងទទួលផលមួយផ្នែកណានោះ ប៉ុន្តែយើងត្រូវតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ដែលជាបញ្ហាមូលដ្ឋានទាំងអស់គ្នាត្រូវប្រកាន់យក»។
សម្ដេច ក៏បានណែនាំកុំឲ្យមានភាពចង្អៀតចង្អល់ ត្រូវខំបញ្ចេញស្នាដៃ បង្ហាញថា ខ្លួនពិតជាមានសមត្ថភាព ពិតជាមានឧត្តមគតិស្មោះត្រង់ចំពោះជាតិ និងប្រជាជន។ សម្ដេចបញ្ជាក់ទៀតថា ដើម្បីជោគជ័យក្នុងការងារ ធំបំផុតគឺភាពស្មោះត្រង់ និងធ្វើការប្រកបដោយវិជ្ជាជីវៈ ហើយអ្នកដឹកនាំ ក៏មិនត្រូវមើលបំណាំកូនចៅនោះដែរ តែត្រូវតែប្រាប់ ណែនាំ តម្រង់ទិស។
សម្ដេចបន្តថា «រឿងអ្វីក៏ដោយ យើងក៏មិនចេះទាំងអស់ទេ តែយើងក៏មិនល្ង់ទាំងអស់ដែរ យើងត្រូវតាំងខ្លួនអ៊ីចឹង។ កាល ណាយើងតាំងថាខ្លួនយើងចេះ វាប្រៀបបានយកអ្វីមកគ្របសង្កត់ជាប់ វាអត់មានអ្វីចូលថ្មីទេ ព្រោះចេះហើយដឹងហើយ! តែបើតាំងខ្លួនថាល្ងង់ បានន័យថាយើងទទួលស្គាល់ថាយើងមិនទាន់ចេះអស់ទេ អ៊ីចឹងយើងបើកគ្របដើម្បីអ្វីថ្មីចូលមក យើងដឹង។ តែបើតាំងថាល្ងង់ ហើយមិនយកចិត្តទុកដាក់វាក៏ជាបញ្ហា»។
សម្ដេចក្រឡាហោម ស ខេង បានកាន់មុខតំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជំនួសសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលចេញទៅកាន់មុខតំណែងជាប្រធានសភាប្រជាជន នាអំឡុងឆ្នាំ ១៩៨០។ នៅការបោះឆ្នោតនីតិកាលទី ១ ឆ្នាំ ១៩៩៣ សម្ដេចបានឈរឈ្មោះជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង រហូតដល់នីតិកាលទី ៧នេះ។ សម្ដេចបានកាន់មុខតំណែងសហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅនីតិកាលទី ១ និងធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាប់ពីនីតិកាលទី ២ដល់នីតិកាលទី ៦៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា