Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត យង់ ពៅ ៖ រាជរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយយុវជនបន្តវេន មានមូលដ្ឋានល្អៗយ៉ាងច្រើន

បានផុស

នៅ

អ្នកតាមដានស្ថានការណ៍នយោបាយ មើលឃើញថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយយុវជនបន្តវេន មានមូលដ្ឋានល្អៗយ៉ាងច្រើន ទាំងមូលដ្ឋានច្បាប់ នយោបាយ និងមូលដ្ឋានរូបវន្ត ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី ៧ ដែលបានបង្ហាញកាលពីពេលថ្មីៗនេះ គឺជាយុវជនបន្តវេនដែលពោរពេញដោយសមត្ថភាព ចំណេះដឹងជ្រៅជ្រះ និងបទពិសោធន៍ បំពេញការងារក្រសួង-ស្ថាប័នមួយចំនួនកន្លងមកហើយ។ ម្យ៉ាងទៀត សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ក៏ជាកូនឥស្សរជនសំខាន់ៗមួយចំនួនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ការដឹកនាំប្រទេសជាតិគឺជាបទពិសោធន៍ថ្មីមួយទៀត ដែលត្រូវទទួលខុសត្រូវចំពោះមុខប្រទេសជាតិ និងប្រជាជន។ នេះជាការទទួលខុសត្រូវដ៏ធ្ងន់មួយ ពីព្រោះតែការដឹកនាំប្រទេស​ជាតិ ប្រសិនបើដើរខុសតែបន្តិច នោះនឹងអាចធ្វើឲ្យប្រទេសជាតិជួបបញ្ហា ដូចកាលពីអតីតកាលកន្លងមក។ នេះបើតាមការយល់ឃើញរបស់លោកបណ្ឌិត យង់ ពៅ។

អ្នកតាមដានស្ថានការណ៍នយោបាយរូបនេះ បានបន្ថែមថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវតែធ្វើដំណើរដោយស្វាហាប់​ ច្បាស់លាស់ ម៉ត់ចត់ ហើយត្រូវបន្តធ្វើកំណែទម្រង់ស៊ីជម្រៅបន្ថែមទៀត តាមអភិក្រមរបស់រាជរដ្ឋាភិបាលអាណត្តិមុន ដែលបានគូសវាសកន្លងមក។

លោកបណ្ឌិត យង់ ពៅ លើកឡើងបែបនេះថា «គឺអភិក្រមទាំង ៥របស់សម្ដេច ដែលបានបញ្ជាក់អំពីការវះកាត់ និងព្យាបាលចុងក្រោយនេះ ហេតុអីបានយើងនិយាយដូច្នេះ យើងត្រូវទទួលស្គាល់ថា ការដឹកនាំសង្គម ឬដឹកនាំនយោបាយប្រទេសមួយ សង្គមមួយ យើមិនអាចនិយាយថា ការដឹកនាំល្អឥតខ្ចោះបានទេ វាតែងតែមានបញ្ហា វាតែងតែមានជន ឬក៏មន្ត្រី ដែលកេងចំណេញទៅលើមុខនាទីរបស់ខ្លួន ប្រព្រឹត្តអំពើខុសឆ្គងដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជន»។

ដោយអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ ស្នើឲ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវរកឲ្យឃើញនូវមន្ត្រីប្រភេទខាងលើនេះ ហើយហ៊ានវះកាត់ និងព្យាបាល ដែលជាមូលដ្ឋានសំខាន់មួយនៃការធ្វើកំណែទម្រង់ស៊ីជម្រៅ។ លោកបណ្ឌិត យង់ ពៅ ក៏បានកត់សម្គាល់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយយុវជនបន្តវេន គឺមានមូលដ្ឋានល្អៗយ៉ាងច្រើន ទាំងមូលដ្ឋានច្បាប់ នយោបាយ និងមូលដ្ឋានរូបវន្ត ជាដើម។

លោកថា បើប្រៀបធៀបនឹងរាជរដ្ឋាភិបាលអាណត្តិមុនៗ គឺផ្ដើមចេញពីការគ្មានអ្វីៗទាំងអស់​ ចេញពីការតស៊ូ និងការកសាងឲ្យមានអ្វីៗដូចសព្វថ្ងៃនេះ។ តាមការកត់សម្គាល់លោកបណ្ឌិត យង់ ពៅ ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺបន្តធ្វើការងារ​ពីអ្វីៗដែលមានគ្រប់យ៉ាង។ ដូច្នេះ ប្រសិនបើបំពេញការ​ងារធ្វេសប្រហែស ឬក៏មិនមានភាពម៉ត់ចត់ស្វាហាប់ ក្នុងការដឹកនាំធ្វើកំណែទម្រង់ទេនោះ នឹងអាចក្លាយជាកំហុសធ្ងន់មួយ ពីព្រោះការចាប់ផ្ដើមមានមូលដ្ឋានល្អៗជាច្រើនរួចទៅហើយ។

លោកបណ្ឌិត យង់ ពៅ បានបន្ថែមទៀតថា «ចំណុចមួយទៀត យើងមើលឃើញថា រដ្ឋាភិបាលនីតិកាលទី ៧នេះ មានខ្នងបង្អែករឹងមាំ រឹងមាំមែនទែន ទាំងទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ ទិដ្ឋភាពសង្គម ដែលមានសន្តិភាព»។ សម្រាប់ទិដ្ឋភាពច្បាប់ គឺកម្ពុជាកាលពីពេលកន្លងមក បានកសាងច្បាប់ដ៏រឹងមាំសម្រាប់ការដឹកនាំសង្គមសេដ្ឋកិច្ច។ ចំណែកទិដ្ឋភាពនយោបាយវិញ ក៏មានភាពល្អប្រសើរ និងរឹងមាំ ពីព្រោះមានស្ថាប័នគាំទ្រ ក៏ដូចជាឥស្សរជនគាំទ្រ ចង្អុលបង្ហាញទិសដៅនយោបាយ និងបន្ទាត់នយោបាយ ជាដើម។ មូលដ្ឋានបង្អែករឹងមាំមួយទៀត គឺកម្ពុជាកំពុងមានសន្តិភាពយ៉ាងពេញលេញ។

យ៉ាងណាក៏ដោយជាចុងក្រោយ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ បានសំណូមពរ និងអំពាវនាវដល់រាជរដ្ឋាភិបាលអាណត្តិថ្មី សូមជ្រើសរើសមន្ត្រីបំពេញការងារប្រកបដោយសមធម៌ ដែលត្រូវឲ្យមានការចូលរួមដោយស្មើភាព ស្មើសិទ្ធិគ្នាពីបញ្ញវន្តដែលមានចំណេះជ្រៅជ្រះ និងមនសិកាចង់បម្រើជាតិ គួរតែផ្ដល់ឱកាសដល់ពួកគេ។ ម្យ៉ាងទៀត សូមជ្រើសរើសមន្ត្រីដែលមានចំណេះ និងជំនាញពិតប្រាកដ ហើយក៏ជាមនុស្សដែលបំពេញការងារច្បាស់លាស់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១២ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១៣ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម