ព័ត៌មានជាតិ
ដុតបំផ្លាញគ្រឿងញៀន ១២៨ គីឡូក្រាម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា
កាលពីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នេះ គ្រឿងញៀនប្រមាណ ១២៨ គីឡូក្រាម ដែលប្រមូលមកពីសាលាដំបូងខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ ត្រូវបានដុតបំផ្លាញ ក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ «អ្វីៗ ដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និង មាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។
ពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៣ នេះ បានប្រព្រឹត្តក្រោមអធិបតីភាព លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងទាំង ៣ និង ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកម្លាំងទាំងបី អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិ និងសិស្សានុសិស្ស សរុប ៤០០ នាក់ ចូលរួម។
តាមសេចក្ដីរាយការណ៍របស់លោក មាស ច័ន្ទរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឡើងអានរបាយការណ៍គ្រឿងញៀនដែលបានរឹបអូសយកមករបស់សាលាដំបូងទាំង ៣ ខេត្ត ត្រូវធ្វើការដុតបំផ្លាញនាថ្ងៃនេះ មានប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(ICE) និង ប្រភេទមេតំហ្វេតាមីន (WY) ស្មើ ១២៨ គីឡូក្រាម។
បន្ទាប់ពីលោក ពិន ប្រាកដ អភិបាលរងខេត្ត បានអាននូវសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួចមក លោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងពីគោលបំណង នៃការរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀននេះឡើង ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់អង្គភាព និងសមាសភាពពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងសកម្មភាពបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនក្នុងខេត្តទាំងបី នាពេលកន្លងមក ឲ្យទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្នុងដំណើរការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង ៣ ដំណាក់កាលរបស់រាជរដ្ឋាភិបាល។
ជាមួយនេះ លោកនាយឧត្ដមសេនីយ៍ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះ លោកនាយឧត្ដមសេនីយ៍ ក៏បានលើកផងដែរអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្រុងសៀមរាប ចំពោះក្រុមឧក្រិដ្ឋជន បានចូលទៅរំដោះអ្នកទោសពាក់ព័ន្ធការជួញដូរគ្រឿងញៀន ដែលបានទៅព្យាបាលជំងឺធ្មេញ ដែលបានសបញ្ជាក់ឲ្យឃើញច្បាស់ជាបទឧក្រិដ្ឋមួយ ដែលនៅលើពិភពលោកបានកំពុងធ្វើការប្រយុទ្ធប្រឆាំង ដើម្បីសុខសុវត្ថិភាព សុខភាពរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរសមត្ថកិច្ចក៏មិនឲ្យឧក្រិដ្ឋជនទាំងនោះរួចផុតពីសំណាញ់ច្បាប់ឡើយ។
លោកបានគូសបញ្ជាក់ទៀតថា កន្លងមករាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់លទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងក្នុងកម្រិតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។
ជាក់ស្ដែងបានបន្តរឹតបន្តឹង និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ដែលមានការពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរាជរដ្ឋាភិបាលដាក់ចេញរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ ម្យ៉ាងទៀតគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើការអប់រំណែនាំនិងគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួនឲ្យបានតឹងរ៉ឹងកុំឲ្យមានការជាប់ពាក់ព័ន្ធ ឬ នៅពីក្រោយសកម្មភាព នៃបទល្មើសគ្រឿងញៀន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និង ក្ដាប់ឲ្យបានច្បាស់លាស់នូវមុខសញ្ញាលក់ និង ចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះអាសន្ន ប្រកបមុខរបរផ្សេងៗ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យបានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង និងត្រូវបន្តពង្រឹងយន្តការត្រួតពិនិត្យឲ្យបានតឹងរ៉ឹងបំផុត។
ក្នុងនោះដែរ លោក ក៏បានផ្ញើសារអប់រំដល់ក្មួយៗ សិស្សានុសិស្ស និង យុវជនកម្ពុជាទាំងអស់ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំជួញដូរ ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន គឺជាការបំផ្លាញអនាគតខ្លួន ក្រុមគ្រួសារ សង្គមជាតិ។ យុវជនដែលល្អ ចេះស្រឡាញ់ខ្លួន ស្ដាប់ដំបូន្មានឪពុកម្ដាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និង ចូលរួមគាំទ្រកម្ចាត់គ្រឿងញៀន៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ