Connect with us

ព័ត៌មានជាតិ

ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រោម​ការ​ដឹកនាំ​​រដ្ឋមន្រ្តីថ្មី​ មានរចនាសម្ព័ន្ធ​ការងារ​យ៉ាងណា​ខ្លះ?

បានផុស

នៅ

រដ្ឋាភិបាល​អណត្តិទី ៧ មានការ​ផ្លាស់ប្តូរ​រដ្ឋមន្រ្តីថ្មីនៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដោយ​លោក ប៉េង ពោធិ៍នា ឡើង​ជា​រដ្ឋមន្រ្តីជំនួស​ លោក ស៊ុន ចាន់ថុល។

ក្រសួងសាធារណការ និងដឹកជញ្ជួនជា​ក្រសួង​សំខាន់មួយ ​ដែល​បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុង​បេសកកម្ម​ដឹកនាំគ្រប់គ្រងលើវិស័យសាធារណការនិងដឹកជញ្ជូន។

មុន​ទទួលការ​តែងតាំងជា​រដ្ឋមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោកប៉េង ពោធិ៍នា កាន់តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​។ លោកប៉េង ពោធិ៍នា ​ត្រូវ​បាន​គេ​ដឹង​ថាជា​កូនប្រុស​លោកជំទាវ ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីថ្មី​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​

តើក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មានរចនាសម្ព័ន្ធការងារ​យ៉ាងណា​? រចនាសម្ព័ន្ធការងារ​​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន មានការបែងចែក​​​អង្គភាព​ថ្នាក់កណ្តាល អង្គភាព​ថ្នាក់មូលដ្ឋាន និងសហគ្រាស​សាធារណៈ។

ក- អង្គភាពថ្នាក់កណ្តាល

– ខុទ្ទកាល័យរដ្ឋមន្ត្រី
– អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
– អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
– អគ្គនាយកដ្ឋានបច្ចេកទេស
– អគ្គនាយកដ្ឋានសាធារណការ
– អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
– អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
– អគ្គនាយកដ្ឋានភស្ដុភារកម្ម
– អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ
– វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (ថ្នាក់ស្មើអគ្គនាយកដ្ឋាន)
– អគ្គនាយកដ្ឋានប្រព័ន្ធចមោះទឹកកខ្វក់
– អគ្គាធិការដ្ឋាន
– នាយកដ្ឋានសវនកម្មផ្ទៃក្នុង
– នាយកដ្ឋានផ្លូវដែក
– អង្គភាពលទ្ធកម្ម។

ខ- អង្គភាពថ្នាក់មូលដ្ឋាន

– មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ការិយាល័យសាធារណការ និងដឹកជញ្ជួនក្រុង ស្រុក ខណ្ឌ។

គ- សហគ្រាសសាធារណៈ

– កំពង់ផែស្វយ័តក្រុងព្រះសីហនុ
– កំពង់ផែស្វយ័តភ្នំពេញ
– មន្ទីរពិសោធន៍សំណង់ និងសាធារណការ។

ខុទ្ទកាល័យរដ្ឋមន្តី

ខុទ្ទកាល័យក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកបេសកកម្មទាំងឡាយ ដូចបាន​កំណត់​តាមអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការៀបចំ និងការ​ប្រព្រឹត្ត​ទៅ​របស់ក្រសួង និងលេខាធិការដ្ឋាន។

អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានភារកិច្ចដឹកនាំគ្រប់គ្រងនិងសម្របសម្រួល​កិច្ចការ​រដ្ឋបាល។ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មាននាយកដ្ឋានចំណុះចំនួន ៥ ដូចខាងក្រោម៖

១- នាយកដ្ឋានរដ្ឋបាល
២- នាយកដ្ឋានបុគ្គលិក
៣- នាយកដ្ឋានហិរញ្ញវត្ថុ
៤- នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
៥- នាយកដ្ឋាននីតិកម្ម

អគ្គនាយកដា្ឋនផែនការ និងគោលនយោបាយ

អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ មានភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការរៀបចំផែនការ ប្រព័ន្ធព័ត៌មាន គោលនយោបាយ តាមដាន និងវាយតម្លៃលើវិស័យសាធារណការ និងដឹកជញ្ជូន។

អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ មាននាយកដ្ឋានចំណុះចំនួន ៤ ដូចខាងក្រោម៖

១- នាយកដ្ឋានផែនការ
២- នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រង
៣- នាយកដ្ឋានគោលនយោបាយ
៤- នាយកដ្ឋានពិនិត្យ តាមដាន និងវាយតម្លៃ

អគ្គនាយកដា្ឋនបច្ចេកទស

អគ្គនាយកដ្ឋានបច្ចេកទេស មានភារកិច្ចដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងសម្របសម្រួលការរៀបចំបទប្បញ្ញត្តិ និង ស្ដង់ដារបច្ចេកទេស ផែនការមេអភិវឌ្ឍបណ្តាញផ្លូវថ្នល់ គម្រោងប្លង់សាងសង់ និទស្សន៍សំណង់ គុណភាពសម្ភារៈ និងវាយតម្លគុណភាពសំណង់ផ្លូវថ្នល់ ឬសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន។

អគ្គនាយកដ្ឋានបច្ចេកទេស មាននាយកដ្ឋានចំណុះចំនួន ៣ ដូចខាងក្រោម៖

១- នាយកដ្ឋានផ្លូវថ្នល់
២- នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
៣- នាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន។

អគ្គនាយកដា្ឋនសាធារណការ

អគ្គនាយកដ្ឋានសាធារណការ មានភារកិច្ចដឹកនាំ គ្រប់គ្រង សម្របសម្រួល តម្រង់ទិស ណែនាំតាមដានត្រួតពិនិត្យ ការងារស្ថាបនា សាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណការ ទ្រព្យសម្បត្តិសាធារណៈ ដំណើរការវិនិយោគ អាជីវកម្ម ដើម្បីអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន។

អគ្គនាយកដ្ឋានសាធារណការ មាននាយកដ្ឋានចំណុះចំនួន ៣ ដូចខាងក្រោម៖

១- នាយកដ្ឋានផ្លូវល្បឿនលឿន ស្ពានធំៗ និងវិនិយោគ
២- នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ
៣- នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់។

អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវគោក

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មានភារកិច្ចដឹកនាំ គ្រប់គ្រង សម្របសម្រួលការងារពាក់ព័ន្ធវិស័យដឹកជញ្ជូនផ្លូវគោក។ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មាននាយកដ្ឋានចំណុះចំនួន៣ ដូចខាងក្រោម៖

១- នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
២- នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
៣- នាយកដ្ឋានដឹកជញ្ជូនសាធារណៈក្រុង។

អគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មានភារកិច្ចដឹកនាំ គ្រប់គ្រង សម្របសម្រួលការងារពាក់ព័ន្ធ នឹងវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មាននាយកដ្ឋានចំណុះចំនួន ៤ ដូចខាងក្រោម៖

១- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
២- នាយកដ្ឋាននាវាជំនួញសមុទ្រ
៣- នាយកដ្ឋានរដ្ឋបាលកំពង់ផែ
៤- នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ។

អគ្គនាយកដា្ឋនភស្តុភាកម្ម

អគ្គនាយកដ្ឋានភស្តុភាកម្ម មានភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារពាក់ព័ន្ធនឹងវិស័យភស្ដុភាកម្ម។ អគ្គនាយកដ្ឋានភស្តុភាកម្ម មាននាយកដ្ឋានចំណុះចំនួន៤ ដូចខាងក្រោម៖

១- នាយកដ្ឋានព័ត៌មានភស្តុភាកម្ម
២- នាយកដ្ឋានភស្ដុភាកម្ម
៣- នាយកដ្ឋានសហប្រតិបត្តិការភស្ដុភាកម្ម
៤- នាយកដ្ឋានអង្កេត និងបូកសរុប។

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ

អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ ស្ថិត​នៅ​ក្រោម​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន។ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ មានបេសកកម្ម​និង​ភារកិច្ច​រៀបចំគោលនយោបាយ បទប្បញ្ញត្តិ យុទ្ធសាស្រ្ត ផែនការមេ និងផែនការអភិវឌ្ឍន៍ការងារបច្ចេកវិទ្យានិងឌីជីថលនីយកម្មលើវិស័យសាធារណការ និងដឹកជញ្ជូន រួមទាំង​រៀបចំបទដ្ឋានបច្ចេកទេសនៃសម្ភារបច្ចេកវិទ្យា ម៉ាស៊ីនមេ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ប្រព័ន្ធបច្ចេកវិទ្យា​ និង​ឌីជីថល​នីយកម្ម សម្រាប់ឱ្យគ្រប់អង្គភាពនិងភាគីពាក់ព័ន្ធយកទៅអនុវត្តលើវិស័យសាធារណការ និងដឹកជញ្ជូន។

អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ មាននាយកដ្ឋានក្រោមឱវាទចំនួន ៣ (បី) ដូចខាងក្រោម៖

១- នាយកដ្ឋានរដ្ឋបាល និងទំនាក់ទំនងសាធារណៈ
២- នាយកដ្ឋានប្រព័ន្ធបច្ចេកវិទ្យា
៣- នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខបច្ចេកវិទ្យា។

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (វ.ត.ស.ស.ដ.)

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែល​បំពេញមុខងារ​ជា​សេនាធិការ​ឲ្យក្រសួង​សាធារណការ​និងដឹកជញ្ជូន ក្នុងការកសាង​គោលនយោបាយ និងផែនការសកម្មភាពលើការ​​បណ្តុះបណ្តាលធនធានមនុស្ស​លើជំនាញ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធ​ចម្រោះទឹកកខ្វក់​ចាប់ពី​ថ្នាក់​បច្ចេកទេស​បឋមរហូត​ដល់​កម្រិត​ឧត្តម។

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដឹកនាំដោយនាយកមួយរូបតែងតាំងដោយព្រះរាជក្រឹត្យ និងអមដោយនាយករងមួយចំនួនជាជំនួយការតែងតាំងដោយអនុក្រឹត្យ។

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មាននាយកដ្ឋានក្រោមឱវាទចំនួន៣ (បី) ដូចខាងក្រោម៖

១. នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
២. នាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ
៣. នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍ។

អគ្គនាយកដ្ឋានប្រព័ន្ធចមោះទឹកកខ្វក់

អគ្គនាយកដ្ឋានប្រព័ន្ធចមោះទឹកកខ្វក់ បំពេញមុខងារជាសេនាធិការ ឱ្យក្រសួងសាធារណការ និង ដឹកជញ្ជូន មានបេសកកម្ម និងភារកិច្ច​រៀបចំគោលនយោបាយ បទប្បញ្ញត្តិ យុទ្ធសាស្រ្ត ផែនការមេ និងផែនការអភិវឌ្ឍប្រព័ន្ធលូបង្ហូរ ទីលានគ្រប់គ្រងសំណល់ភក់ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង​ដឹកនាំសម្របសម្រួល ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍និងផ្នែកឯកជនក្នុងការវិនិយោគសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។

អគ្គនាយកដ្ឋានប្រព័ន្ធចមោះទឹកកខ្វក់ ដឹកនាំដោយអគ្គនាយកមួយរូបអមដោយអគ្គនាយករងមួយចំនួនជាជំនួយការ។

អគ្គនាយកដ្ឋានប្រព័ន្ធចមោះទឹកកខ្វក់មាននាយកដ្ឋានក្រោមឱវាទចំនួន ០៣ (បី) ដូចខាងក្រោម៖

១. នាយកដា្ឋនសរុប និងព័ត៌មាន
២. នាយកដ្ឋានស្រាវជ្រាវប្រព័ន្ធចម្លោះទឹកកខ្វក់
៣. នាយកដ្ឋានសាងសង់ និងថែទាំប្រព័ន្ធចម្លោះទឹកកខ្វក់

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងមានភារកិច្ច៖

-ធ្វើអធិការកិច្ចជាប្រចាំទៅលើគ្រប់អង្គភាពក្រោមឱវាទក្រសួង និងស្ថាប័នឯកជនជាដៃគូ
-ទទួល និងពិនិត្យដោះស្រាយរាល់វិវាទ និងពាក្យបណ្តឹងបុគ្គល ឬអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងស្ថាប័ន ឯកជនជាដៃគូ
-តាមដានការអនុវត្តន៍ច្បាប់ និងរាល់កិច្ចសន្យាទាំងឡាយដែលគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងស្ថាប័ន ឯកជន ជាដៃគូរបាន និងកំពុងអនុវត្ត
-ធ្វើរបាយការណ៍ពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ចរួច និងពីមធ្យោបាយកែលម្អ ការប្រព្រឹត្តិទៅរបស់អង្គភាពទាំងនោះ
-ធ្វើអធិការកិច្ចសំណង់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងករណីចាំបាច់
-ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារតាមកាលកំណត់ជូនថ្នាក់ដឹកនាំក្រសួង
-អនុវត្តភារកិច្ចផ្សេងទៀត ដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។

នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការចំណុះផ្ទាល់ប្រធានស្ថាប័នក្រសួងសាធារណការ និងដឹកជញ្ជូន ទទួល​ខុសត្រូវ​​ធ្វើសវនកម្មគ្រប់នាយកដា្ឋន មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត សហគ្រាសសាធារណៈ ស្ថាប័ន​ឯកជន ពាក់ព័ន្ធអង្គភាពនៃគម្រោងដៃគូអភិវឌ្ឍន៍និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង លើភាពទទួលខុសត្រូវផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស ប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការនិងអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត ដែលអង្គភាពមានភារកិច្ចត្រូវ​អនុវត្ត ដើម្បីបង្ការនិងកាត់បន្ថយហានិភ័យ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផលការងារ។

នាយកដា្ឋនផ្លូវដែក

នាយកដ្ឋានផ្លូវដែក បំពេញមុខងារជាសេនាធិការចំណុះផ្ទាល់ប្រធានស្ថាប័នក្រសួងសាធារណការ និងដឹកជញ្ជូន។ នាយកដ្ឋានផ្លូវដែក ទទួលបន្ទុករៀបចំ និងតាក់តែងគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធបណ្តាញគមនាគមន៍ផ្លូវដែកនៅកម្ពុជា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ប្រកបដោយប្រសិទ្ធភាព និងមានភាពប្រកួតប្រជែងខ្ពស់។ លើកគម្រោងថវិកាប្រមូលផ្តុំ
និងសម្របសម្រួលជំពូកថវិកាបម្រើឱ្យរាល់ការចំណាយរបស់អគ្គនាយកដ្ឋានផ្លូវដែក និងចំណាយ​អនុវត្តគម្រោង​សាងសង់ ជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។

អង្គភាពលទ្ធកម្ម

អង្គភាពលទ្ធកម្ម បំពេញមុខងារជាសេនាធិការស្ថិតក្រោមប្រធានស្ថាប័នផ្ទាល់របស់ក្រសួងសាធារណការជញ្ជូន និងមានភារកិច្ចរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ និងផែនការកែតម្រូវក្នុងករណីចាំបាច់។ រៀបចំឯកសារ និងនីតិវិធីពាក់ព័ន្ធនឹងកិច្ចការដេញថ្លៃ សម្រាប់ប្រភេទលទ្ធកម្មនីមួយៗ ផ្អែកតាមគំរូឯកសារដេញថ្ល និងគោលការណ៍ណែនាំនានា ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អង្គភាពថ្នាក់មូលដា្ឋន

នៅគ្រប់រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា មានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ដែលទទួល បន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងារ លើវិស័យសាធារណការ និងដឹកជញ្ជូន របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តនីមួយៗមានការិយាល័យអង្គភាពនានាចំណុះ និងមានការិយាល័យ សាធារណការ និងដឹកជញ្ជូនក្រុង ស្រុក ខណ្ឌ ដែលទទួលបន្ទុកអនុវត្ត និងសម្របសម្រួលសកម្មភាពការងារពាក់ព័ន្ធនឹង វិស័យសាធារណការ និងដឹកជញ្ជូននៅកម្រិតមូលដ្ឋាន។

សហគ្រាសសាធារណៈ

សហគ្រាសសាធារណៈ ជានីតិបុគ្គល មានភារកិច្ចទទួលបន្ទុកការងារទៅតាមជំនាញឯកទេសរបស់អង្គភាពនីមួយៗ ស្របតាម ច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខជស/រកម/០៦៩៦/០៣ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ និងអនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៧ ស្តីពីការអនុវត្តន៍ព្រះរាជក្រម លក្ខន្តិកៈ ទូទៅនៃសហគ្រាសសាធារណៈ។

សហគ្រាសសាធារណៈរួមមាន៖

-កំពង់ផែស្វយ័តភ្នំពេញ
-កំពង់ផែស្វយ័តក្រុងព្រះសីហនុ
-មន្ទីរពិសោធន៍សំណង់ និងសាធារណការ។

សហគ្រាសសាធារណៈស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមល័ក្ខខ័ណ្ឌនៃបទបញ្ជ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកាក្នុងបណ្តាក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម