ព័ត៌មានជាតិ
រដ្ឋមន្ត្រី ៨រូប ធ្វើជារដ្ឋមន្ត្រី នៅក្រសួងដដែលក្នុងអាណត្តិថ្មីនេះ
នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តម ហ៊ុន ម៉ាណែត មានរដ្ឋមន្ត្រីចំនួន ៨រូប ដែលកាន់តំណែងជារដ្ឋមន្ត្រីដដែល និងនៅក្នុងក្រសួងដដែល។ រដ្ឋមន្ត្រីទាំង ៨រូបនេះ មានដូចជា៖
១.លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន កើតនៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៦៥។ លោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០១៣មក។ លោករដ្ឋមន្ត្រីចេះភាសាបរទេសចំនួន២គឺ អង់គ្លេស និងរុស្ស៊ី។ ចំណែក កម្រិតសិក្សាវិញ នៅឆ្នាំ១៩៨៤-១៩៩០ លោកបានបញ្ចប់អនុបណ្ឌិតសិល្បៈពីប្រទេសរុស្ស៊ី។ ឆ្នាំ១៩៩១-១៩៩២ ទទួលបានសញ្ញាបត្រពាណជ្ជកម្មអន្តរជាតិ នៅរុស្ស៊ី។ ឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតទស្សនវិជ្ជា នៅទីក្រុងមូស្គូប្រទេសរុស្ស៊ី។
២.លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ឌិត ទីណា កើតថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ មុននឹងក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោកធ្លាប់ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ប្តេជ្ញាដោះស្រាយបញ្ហាប្រឈមជូនប្រជាជន ក៏ដូចជា ខិតខំស្វែងរកទីផ្សារបន្ថែមទៀតជូនកសិករ និងធ្វើយ៉ាងណាឱ្យវិស័យកសិកម្មរបស់កម្ពុជាមានការអភិវឌ្ឍទៅមុខកាន់តែលឿន។
៣.បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើកំណែទម្រង់ជាច្រើនក្នុងវិស័យអប់រំនៅកម្ពុជា និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការសិក្សាឱ្យកាន់តែមានភាពរីកចម្រើន អាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិបាន។ ជាពិសេសកាលពីឆ្នាំ២០១៤ លោកបណ្ឌិតបានធ្វើកំណែទម្រង់ការប្រឡងបាក់ឌុប ឱ្យមានភាពតឹងរ៉ឹង និងស្មើភាពដូចពាក្យថា «អ្នកចេះ គឺជាប់»។
លោកបណ្ឌិតសភាចារ្យ កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៦២។ លោកបានខិតខំប្រឹងប្រែងតស៊ូយ៉ាងខ្លាំងក្នុងជីវិត រហូតបានបញ្ចប់ថ្នាក់បណ្ឌិតពីប្រទេសរុស្ស៊ី លើជំនាញទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ។ លោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ តាំងពីឆ្នាំ២០១៣មក បានកែប្រែវិស័យអប់រំនៅកម្ពុជាយ៉ាងខ្លាំង សឹងមិនគួរឱ្យជឿ។ លោកបានសរសេរសៀវភៅផ្នែកសេដ្ឋកិច្ច និងសៀវភៅជាច្រើនទៀតសម្រាប់កូនខ្មែរជំនាន់ក្រោយ។
៤.លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
លោកបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅឆ្នាំ២០២០ ជំនួសលោក អង្គ វង្ស វឌ្ឍនា ដែលកាន់ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌អស់រយៈពេល ១៦ឆ្នាំ។ លោក កើត រិទ្ធ កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៩ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ លោកបានបញ្ចប់ការសិក្សានៅប្រទេសបារាំងក្នុងនាមជានិស្សិតឆ្នើមមួយរូប។
៥.លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសីណីយ៍ និងទូរគមនាគមន៍
លោកកើតនៅថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៧១ មានស្រុកកំណើតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ លោក អាចប្រើប្រាស់បានភាសាអង់គ្លេស និងរុស្ស៊ី។ លោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងប្រៃសីណីយ៍ និងទូរគមនាគមន៍ តាំងពីឆ្នាំ២០២០មក។ ចំពោះប្រវត្តិនៃការសិក្សាវិញ លោក ជា វ៉ាន់ដេត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច ពីប្រទេសសិង្ហបុរី។ លោកក៏បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសរុស្ស៊ី និងបរិញ្ញាបត្រជាប់ខ្ពស់ពីប្រទេសរុស្ស៊ីដូចគ្នា។
៦.បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា កើតនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៥៩ នៅខេត្តពោធិ៍សាត់។ លោកស្រីបានក្លាយជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាំងពីឆ្នាំ២០១៣។ លោកស្រីចេះភាសាបរទេស៣ គឺរុស្ស៊ី បារាំង និងអង់គ្លេស។ មុនក្លាយជារដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រីបានធ្វើជារដ្ឋលេខាធិការក្រសួងអប់រំឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ លោកស្រីបានបញ្ចប់ការសិក្សាពីប្រទេសបារាំង និងរុស្ស៊ី។ លោកស្រីធ្លាប់ជានាយកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ធ្លាប់ជាប្រធាននាយកដ្ឋានវិស្វកម្មគីមី និងចំណីអាហារ និងធ្លាប់ជាគ្រូបង្រៀន ព្រមទាំងធ្លាប់បម្រើការនៅក្រសួងឧស្សាហកម្មផងដែរ។
៧.លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
លោកស្រី អ៉ឹង កន្ថាផាវី កាន់តំណែងជារដ្ឋមន្រ្តីនៅក្រសួងកិច្ចការនារីតាំងពីឆ្នាំ២០០៤មក។ លោកស្រីកើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦០ ជាបញ្ញវន្តបញ្ចប់ការសិក្សាពីប្រទេសបារាំង និងធ្លាប់បម្រើការជាវេជ្ជបណ្ឌិតនៅប្រទេសបារាំងជាច្រើនឆ្នាំផងដែរ។ លោកស្រីជាភរិយារបស់លោក ត្រាក់ ថៃសៀង ជាអតីតអភិបាលរងរាជធានីភ្នំពេញ។ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីលើកស្ទួយសិទ្ធិស្ត្រីក្នុងភាពជាអ្នកដឹកនាំឱ្យមានឥទ្ធិពលក្នុងសង្គមស្មើបុរសដែរ។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា មានការលើកកម្ពស់សមភាពយេនឌ័រ ការផ្តល់ និងការពារសិទ្ធិអំណាចរបស់ស្ត្រី ព្រមទាំងយកចិត្តទុកដាក់ខ្ពស់គ្រប់វិស័យចំពោះស្ត្រី និងកុមារងាយរងគ្រោះនៅកម្ពុជាកាន់តែប្រសើរឡើងពីរាជរដ្ឋាភិបាល។
៨.លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
លោក ម៉ៅ ហាវណ្ណាល់ ពីមុនមានតួនាទីក្នុងជួរកងទ័ពជាឧត្តមសេនីយ៍ឯក បន្ទាប់មកនៅឆ្នាំ២០១៨ ត្រូវបានព្រះមហាក្សត្រតែងតាំងជានាយឧត្តមសេនីយ៍។ ក្រៅពីមានឈ្មោះនៅក្នុងជួរកងទ័ព សព្វថ្ងៃ លោកក៏មានតួនាទីជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផងដែរ។
សូមជម្រាបថា នៅក្នុងអាណត្តិទី៧ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះ ក៏មានការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនថ្មីផងដែរ ដើម្បីជាការធានា និងផ្តល់ភាពងាយស្រួលដល់កិច្ចការព្រំដែនដាច់ដោយឡែក។ លោក ឡាំ ជា ត្រូវបានតែងតាំងធ្វើជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ៕
អត្ថបទដោយ៖ អុន ស្រីមាន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង