Connect with us

ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា ត្រៀមសហការជាមួយរដ្ឋមន្ត្រីថ្មី ដើម្បីបណ្ដុះបណ្ដាលពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន

បានផុស

នៅ

អ្នកសារព័ត៌មានចាស់វស្សាលោក ពុយ គា បានឲ្យដឹងថា កន្លងមក ប្រធានក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលជាច្រើនដល់អ្នកសារព័ត៌មាន តែនៅមានអ្នកសារព័ត៌មានមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងដែលធ្លាប់បង្កបញ្ហាខ្លះៗក្នុងសង្គមមួយចំនួនតូច មិនបានចូលរួមឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចនេះជារឿងសំខាន់ ដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ក៏ដូចជាសមាគមដទៃទៀត ត្រូវជជែកពិភា​ក្សាគ្នា ដើម្បីរកវិធីសាស្រ្ដបែបណា ចាប់បង្ខំគាត់ដើម្បីឲ្យគេមកចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។

លោក នេត្រ ភក្ត្រា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ក្នុងអាណត្តិទី ៧នេះ ហើយក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រួចរាល់ហើយដែរ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកសារព័ត៌មានចាស់វស្សាមួយរូប មានប្រសា​សន៍ប្រាប់កម្ពុជាថ្មីថា ការបន្តពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន ទាមទារឲ្យមានការរួមសហការគ្នារវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាននានា ជួយបណ្ដុះបណ្ដាលបន្ថែមដល់អ្នកសារព័ត៌មានមួយចំនួន ដែលនៅមានចំណុចខ្វះខាត។

កន្លងមក មានការរិះគន់ទៅលើអ្នកសារព័ត៌មានមួយចំនួន ដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងឲ្យប៉ះពាល់ទៅលើសិទ្ធិបុគ្គលជាដើម។ ចំណុចនេះ លោក ពុយ គា មិនទាន់ដឹងច្បាស់អំពីនយោ​បាយដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី លោក នេត្រ ភក្ត្រា នៅឡើយទេ ទៅលើអ្នកសារព័ត៌មានដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈនោះ។

ប្រធានក្លិបអ្នកកាសែតកម្ពុជា មានប្រសាសន៍បែបនេះថា «ខ្ញុំក៏មិនទាន់បានដឹង អំពីនយោបាយការដឹកនាំថ្មីរបស់រដ្ឋមន្ត្រីថ្មី ឯកឧត្ដម នេត្រ ភក្ត្រា និងទីមួយជាសាមីក្រសួងដែលលោកចេញអាជ្ញាបណ្ណឲ្យ ដោយឡែកក្លិបអ្នកកាសែតកម្ពុជាហ្នឹង​ គឺជាសមាគមមួយក្នុងសមាគមដទៃទៀត ដែលយើងបានជួយបណ្ដុះបណ្ដាល បង្កលក្ខណៈ បំប៉នវិជ្ជាជីវៈ ហើយនិងពង្រឹងសមត្ថភាពរបស់គាត់ ប៉ុន្តែឲ្យយើងមានអាជ្ញាសឹក អំណាចដើម្បីទៅដាក់សម្ពាធលើគាត់ ឬមួយក៏បញ្ឈប់គាត់ ឬមួយដក Licence របស់គាត់យើងគ្មានទេ»។

ដើម្បីកែប្រែចំណុចនេះ តាមលោក ពុយ គា គឺត្រូវមានការសហការគ្នារវាងក្រសួងព័ត៌មាន និងសមា​គមសារព័ត៌មាននានា ដើម្បីជួយបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មាន ដែលមិនទាន់បានគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រឹមត្រូវទាំងនោះ។​

កន្លងមក ក្លិបអ្នកកាសែតកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលជាច្រើនដល់អ្នកសារព័ត៌មាន។​ ក្នុងនោះ ក៏បានអញ្ជើញអ្នកសារព័ត៌មាន ដែលមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល និងដែលធ្លាប់បង្កបញ្ហាខ្លះៗក្នុងសង្គម តែពួកគេមិនបានចូលរួមឡើយ ដោយបន្តនៅក្រៅមិនចូលរួមក្នុងបរិបទ នៃសារព័ត៌មានអាជីពនោះឡើយ។

លោក ពុយ គា បានបន្ថែមថា «អានេះគឺជារឿងដែលសំខាន់ ដែលក្រសួងព័ត៌មាន រដ្ឋមន្ត្រីថ្មី ក៏ដូចជាសមាគមដទៃទៀត ត្រូវជជែកពិភាក្សាគ្នា ដើម្បីរកវិធីសាស្រ្ដបែបណា ចាប់បង្ខំគាត់ដើម្បីឲ្យគាត់មកចូលរួមសិក្សាខ្លះ ដើម្បីកែប្រែឥរិយាបថនៅក្នុងការផ្សាយព័ត៌មានរបស់គាត់ហ្នឹង កុំឲ្យមានបញ្ហាឆ្គមឆ្គងនៅក្នុងវិជ្ជាជីវៈ»។

លោក ពុយ គា បានបញ្ជាក់ថា ប្រធានក្លិបអ្នកកាសែតកម្ពុជា មានគម្រោងរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានជាច្រើនទៀតនាពេលខាងមុខ ហើយរីករាយសហការជាមួយក្រសួងព័ត៌មាន និងស្ថាប័នដទៃទៀត ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម