Connect with us

ព័ត៌មានជាតិ

តំណាងកម្មកររំពឹងថា រដ្ឋមន្ត្រីការងារថ្មី នឹងខិតខំដោះស្រាយបញ្ហារបស់កម្មករ ពិសេសកៀរគរអ្នកវិនិយោគឲ្យបានច្រើន

បានផុស

នៅ

តំណាងកម្មករ-និយោជិត បានបង្ហាញក្ដីរំពឹងថា រដ្ឋមន្ត្រីក្រសួងការងារថ្មី គឺលោក ហេង សួរ នឹងខិតខំដោះស្រាយបញ្ហានានារបស់កម្មករ-និយោជិត ជាពិសេសកៀរគរអ្នកវិនិយោគឲ្យបានកាន់តែច្រើន។ លោក ហេង សួរ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៥ ខែសីហានេះថា លោកមានក្ដីរំពឹងទៅលើលោក ហេង សួរ ដែលរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា នឹងចុះស្វែងយល់អំពីបញ្ហានានារបស់កម្មករ-និយោជិត ឲ្យបានច្រើន ហើយនឹងខិតខំដោះស្រា​យបញ្ហាទាំងនោះ។

តំណាងកម្មកររូបនេះ បង្ហាញក្ដីសង្ឃឹមបែបនេះថា «ថ្មីៗនេះ លោកបានចុះជួបកម្មករដោយផ្ទាល់ដល់ទីកន្លែង ដល់ផ្ទះជួល នោះលោកប្រាកជាស្វែងយល់អំពីការចំណាយ និងការរស់នៅរបស់បងប្អូនកម្មករ-និយោជិតយើង ដែលគាត់កំពុងជួបការលំបាក ហើយឯកឧត្ដមប្រាកដជាយល់ថា បងប្អូនកម្មករ-និយោ​ជិតយើង ជួបនូវការលំបាកអ្វីខ្លះ ដូចជាការបង់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃផ្ទះជួល….»។

លោក ហ្វា សាលី ក៏បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុមសហជីពតំណាងកម្មករ បាននិងកំពុងចូលរួម ក្នុងការពិភាក្សាប្រាក់ឈ្នួលរបស់កម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៤ ជាមួយតំណាងនិយោ​ជក និងតំណាងរាជរដ្ឋាភិបាល ដោយលោកសង្ឃឹមថា នឹងមានភាពល្អប្រសើរមិនខានឡើយ ក្រោមការសម្របសម្រួល របស់រដ្ឋមន្ត្រីក្រសួងការងារថ្មី។

លោក ហ្វា សាលី បន្ថែមបែបនេះថា «ដូច្នេះយើងសង្ឃឹមថា ប្រាក់ឈ្នួលនៅក្នុងអាណត្តិនេះ ក្នុងឆ្នានេះ សម្រាប់ឆ្នាំ ២០២៤នេះ នឹងមានការកើនឡើងខ្ពស់ ហើយយ៉ាងណាមិញយើងឃើញថា ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត លោកបានជាប់ជានាយករដ្ឋមន្ត្រី អញ្ចឹងយើងគិតថា វាក៏ជាកាដូមួយ សម្រាប់ជូនដល់បងប្អូនកម្មករ-និយោជិតយើងដែរ ទៅលើការចរចាប្រាក់ឈ្នួល ឬការដំឡើងប្រាក់ឈ្នួលនេះ»។

ម្យ៉ាងទៀត ប្រធានសម្ព័ន្ធសហជីពជាតិរូបនេះ ក៏បានក្ដីរំពឹងថា លោករដ្ឋមន្ត្រី ហេង សួរ នឹងរឹតបន្តឹងទៅភាគីនិយោជក កុំឲ្យមានការរើសអើងសហជីព ឬក៏បញ្ឈប់ថ្នាក់ដឹកនាំសហជីព និងការគោរពច្បាប់ ស្ដីពី ការងារ។ តំណាងកម្មកររូបនេះ ក៏សង្ឃឹមថា ក្នុងអាណត្តិរបស់រដ្ឋមន្ត្រីក្រសួងការងារថ្មីនេះ នឹងខិតខំកៀរគរអ្នកវិនិយោគឲ្យបានកាន់តែច្រើន និងបង្កើតការងារជូនកម្មករ-និយោជិតឲ្យបានច្រើន និងក៏ស្នើដល់រដ្ឋមន្ត្រីក្រសួងការងារថ្មី ពិនិត្យមើលឡើងវិញទៅលបញ្ហា ប.ស.ស ដើម្បីឲ្យមានភាពល្អប្រសើរជាងនេះទៀត៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម