ព័ត៌មានអន្ដរជាតិ
ប្រទេស ថៃ រយៈពេល ៩ ឆ្នាំក្រោមការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីផុតអាណត្តិ ប្រាយុទ្ធ ចាន់អូចា
ស្របពេលដែលត្រៀមប្រគល់តំណែងទៅនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ, លោក ប្រាយុទ្ធ ចាន់អូចា ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីផុតអាណត្តិ បានគូសបញ្ជាក់ និងលើកឡើងអំពីការអភិវឌ្ឍន៍របស់ប្រទេស ក្នុងអំឡុងពេលដែលលោកកាន់អំណាចរយៈពេល ៩ ឆ្នាំកន្លងមកនេះ ។
លោក ប្រាយុទ្ធ បាននិយាយនៅក្នុងការបង្ហោះតាមហ្វេសប៊ុកកាលពីពេលថ្មីៗនេះថា “ការរីកចម្រើន ក៏ដូចជាយុទ្ធសាស្ត្រលោតផ្លោះ ក្នុងអំឡុងពេលលោកកាន់តំណែង អាចដើរតួនាទីជាការចាប់ផ្តើមសម្រាប់រដ្ឋាភិបាលបន្ទាប់របស់លោក ស្រេតថា ថាវីស៊ីន ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ” ។
នាយករដ្ឋមន្ត្រីផុតអាណត្តិវ័យ ៦៩ ឆ្នាំរូបនេះបានបញ្ជាក់ទៀតថា “ប្រទេសថៃក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះបានដើរឆ្ពោះទៅមុខយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ ។ ការរីកចម្រើនរបស់ថៃនៅក្នុងវិស័យជាច្រើន គឺអាចប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ហើយយើងក៏ត្រៀមខ្លួនធ្វើឲ្យប្រទេសថៃក្លាយទៅជាប្រទេសឈានមុខគេមួយរបស់ពិភពលោកនាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ” ។
ស្របពេលជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងប្រជាជនមកពីគ្រប់វិស័យទាំងអស់ចំពោះ “ការលះបង់ និងការអត់ធ្មត់” ក្នុងគ្រាលំបាករបស់ប្រទេស ដើម្បីជួយកសាងកម្លាំងប្រទេសថៃឡើងវិញ ជាពិសេសលោកមានទំនុកចិត្តយ៉ាងខ្លាំងថា ប្រទេសថៃនឹងលែងមានការចាប់ផ្តើមពីបាតដៃទទេទៀតហើយ ប្រសិនបើអ្វីៗដែលយើងបានកសាងឡើងហើយនោះ ត្រូវបានកែលម្អបន្ថែមទៀត ។
ទោះយ៉ាងណា លោកបានទទួលស្គាល់ថា ទន្ទឹមនឹងការរីកចម្រើន ប្រទេសថៃក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ ក៏ជួបស្ថានភាពវឹកវរ ក៏ដូចជាវិបត្តិជាច្រើនផងដែរដូចជា ជំងឺរាតត្បាតកូវីដ ១៩ និងជម្លោះប្រដាប់អាវុធ ដែលបានជះឥទ្ធិពលអាក្រក់ទៅលើតម្លៃថាមពល តម្លៃនៃការរស់នៅ និងអតិផរណាជាដើម ប៉ុន្តែលោកក៏សូមអរគុណចំពោះការរួបរួម និងកិច្ចសហប្រតិបត្តិការរួមគ្នា ទើបយើងអាចរួចផុតពីឧបសគ្គទាំងនេះ និងស្ដារប្រទេសបានឡើងវិញ ទោះបីជាស្ថានភាពពិភពលោកនៅតែមានភាពចលាចលក៏ដោយ ។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា បានឡើងកាន់អំណាច បន្ទាប់ពីធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់គណបក្សភឿថៃដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា កាលពីខែឧសភា ឆ្នាំ ២០១៤ ។
ក្រោយមកលោក ប្រាយុទ្ធ បានបន្តតំណែងនាយករដ្ឋមន្ត្រីឡើងវិញនៅឆ្នាំ ២០១៩ បន្ទាប់ពីគណបក្សប៉ាឡាង ប្រាឆារ៉ាត់ បានតែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន និងបានបង្កើតរដ្ឋាភិបាលចម្រុះ បន្ទាប់ពីការបោះឆ្នោតសកលនៅឆ្នាំនោះ ប៉ុន្តែនៅឆ្នាំ ២០២៣ នេះ លោកបានប្រកាសនឹងចូលនិវត្តន៍ពីឆាកនយោបាយហើយ ក្រោយគណបក្សថៃរួបរួមជាតិដែលបានតែងតាំងលោកជាបេក្ខជននាយករដ្ឋមន្ត្រី រងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ បែកធ្លាយបញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ ថៃ ប៉ុន្តែមិនមានឈ្មោះកូនស្រី លោក ថាក់ស៊ីន ឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ