ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការធ្វើប័ណ្ណបើកបរម៉ូតូកម្លាំង៦០CC គ្រាន់តែជាផែនការ ដែលមិនដឹងអនុវត្តថ្ងៃណា
អ្នកនាំពាក្យក្រសួងមហាផ្ទៃបកស្រាយចំពោះ ការលើកឡើងរបស់លោកស សុខា ថា គ្រាន់តែជាបំណង ជាផែនការសម្រាប់អនាគត ដោយចាប់ផ្តើមគិតគូរពីថ្ងៃនេះទៅ និង ជាក្តីបារម្ភអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតទ្រព្យសម្បត្តិ របួសស្នាមរាងកាយ និងបាត់បង់អាយុជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះតែប៉ុណ្ណោះ ពោលគឺ ពុំទាន់មានការកំណត់កាលវេលាជាក់លាក់ក្នុងការអនុវត្តឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃចេញមកបកស្រាយបន្ទាន់បែបនេះ បន្ទាប់ពីមហាជនមានការរិះគន់ដោយភ័ន្តច្រឡំទៅលើគោលបំណងរបស់លោក ស សុខា ដែលចង់ឱ្យកម្ពុជាសិក្សាធ្វើប័ណ្ណបើកបរចំពោះម៉ូតូដែលមានកម្លាំង៦០សេសេឡើង។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបន្តបកស្រាយថា បំណងដែលលោក ស សុខា ចង់ឱ្យកម្ពុជាសិក្សាធ្វើប័ណ្ណបើកបរម៉ូតូដែលមានកម្លាំងម៉ាស៊ីនចាប់ពី៦០សេសេឡើងទៅនោះ គឺពីព្រោះតែលោក ស សុខា គិតគូដល់គម្រោងសិក្សាថ្ងៃអនាគត គិតគូរពីការកើនឡើងនៃចំនួនអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣នេះ ក៏ដូចជាការគិតគូរដល់ទិសដៅនៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបកស្រាយថា ការលើកឡើងរបស់លោក ស សុខា នេះជាគម្រោងសិក្សាសម្រាប់អនាគត ជាការសិក្សាឡើងវិញនូវបទពិសោធន៍ដែលបានអនុវត្តកន្លងទៅ និងលទ្ធផលដែលទទួលបានពីការអនុវត្តនោះ ។ ចំពោះការសិក្សានេះ គឺសម្រាប់អនុវត្តនាពេលអនាគត ពោលគឺ ប្រសិនការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងលើអ្នកប្រើប្រាស់ម៉ូតូមានអត្រាច្រើន ក្រសួងមហាផ្ទៃ នឹងលើកមូលដ្ឋាននេះ ដើម្បីស្នើពិភាក្សាជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមត្ថកិច្ចសម្រេចនិងធ្វើប័ណ្ណបើកបរ ។
ជារួមក្នុងន័យនេះ ពុំមែនជាលក្ខខណ្ឌដាច់ខាត ដែលតម្រូវឱ្យម៉ូតូមានកម្លាំងចាប់ពី«60CC»ឡើង គឺសុទ្ធតែត្រូវមានប័ណ្ណបើកបរនោះទេ ពោលគឺត្រូវពិនិត្យទៅតាមប្រភេទនៃយាននោះផងដែរ ដូចជា ប្រភេទ ក, ខ,…ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗបែបណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្ដែង ។
អ្នកនាំពាក្យបន្តថា ហេតុផលរបស់លោក ស សុខា បានលើកឡើងយ៉ាងច្បាស់ៗប្រកបដោយការព្រួយបារម្ភ ចំពោះបញ្ហាត្រង់ថាមិនទាន់ដាច់ឆ្នាំ២០២៣ផង ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង១១០០នាក់ទៅហើយ។ បើធៀបនឹងចំនួនប្រជាពលរដ្ឋទាំងមូលប្រមាណ១៧លាននាក់។ ដូច្នេះ ទំរាំដាច់ឆ្នាំ២០២៣ អាចនឹងកើនឡើងច្រើនជាងនេះក៏ថាបាន ប្រសិនបើពុំមានវិធានការគត់មត់។ ទោះជាចំនួនអ្នកស្លាប់បានថយចុះពិតមែន ប៉ុន្តែក្នុងល្បឿនមួយដែលមិនទាន់សម្រេចបានតាមគោលដៅរបស់ក្រសួងនៅឡើយ។ ចំណែកឯចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជាប្រចាំ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងមួយថ្ងៃៗក្រសួងធ្វើផ្លាកលេខម៉ូតូជូនម្ចាស់កម្មសិទ្ធិជាង ១០០០គ្រឿងគិតជាលេខមូល។
បើប្រៀបធៀបនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯប្រទេសបារាំង គឺមានអ្នកស្លាប់តែជាង៨០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ លើប្រជាជនប្រមាណ៦៨លាននាក់។ ជា ផែនការ ឯកឧត្តមអភិសន្តិបណ្ឌិត មានទស្សនវិស័យ «កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅចំនួនមួយទាបបំផុតនាថ្ងៃអនាគត»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តបកស្រាយថា បំណងរបស់លោក ស សុខា គឺក្នុងទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ដែលនាំពេលកន្លងមកលោក ស សុខា ក៏បាន ជំរុញដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត សហការជាមួយ តួអង្គពាក់ព័ន្ធនានា បង្កើតយន្តការបណ្តុះបណ្តាល ផ្សព្វផ្សាយអប់រំ ឱ្យបានទូលំទូលាយអំពីច្បាប់ ចរាចរណ៍ បច្ចេកទេសបើកបរ និងក្រមសីលធម៌បើកបរជាដើម ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់ប្រភេទ ក្នុងចេតនាបង្ការទប់ស្កាត់កាត់បន្ថយអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផង និងពង្រឹង សណ្ដាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវផង។
ជាមួយគ្នានេះ អ្នកនាំពាក្យបានចោទជាសំណួរសួរថា តើចង់បណ្តោយឱ្យប្រជាពលរដ្ឋស្លាប់ក្នុងមួយឆ្នាំៗប្រមាណ២០០០នាក់ ឬយ៉ាងណា?
ជាចុងក្រោយ អ្នកនាំពាក្យបានលើកឡើងថា ប្រសិនបើមិនចង់ទេ (មិនចង់ឱ្យអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរចារណ៍កើតឡើង) លុះត្រាតែរួមគិតរិះ រកគ្រប់យន្តការដើម្បីទប់ស្កាត់ពីឥឡូវនេះតទៅ៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់